ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមឃាត់ការចែកចាយលក់ ឬទទួលទានស្រាថ្នាំ ៣ប្រភេទដោយមានផ្ទុកសារធាតុបង្កើនផ្លូវភេ.ទបុរស

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​ហាមឃាត់​មិន​ឲ្យ​មានការ​ចែកចាយ​លក់ ឬ​ទទួលទាន​ស្រាថ្នាំ​ចំនួន​៣​ប្រភេទ ដោយ​មាន​ផ្ទុក​សារធាតុ SILDENAFIL (​សារធាតុ​បង្កើន​ផ្លូវ​ភេទបុរស​) កម្រិត​ខ្ពស់ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ទទួលទាន…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ប្រកាស​ហាមឃាត់​មិន​ឲ្យ​មានការ​ចែកចាយ​លក់ ឬ​ទទួលទាន​ស្រាថ្នាំ​ចំនួន​៣​ប្រភេទ ដោយ​មាន​ផ្ទុក​សារធាតុ SILDENAFIL (​សារធាតុ​បង្កើន​ផ្លូវ​ភេទបុរស​) កម្រិត​ខ្ពស់ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ទទួលទាន ។

យោង​តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា យោង​តាម​ការ​វិភាគ​គុណភាព នៅ​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​លទ្ធផល​ថា ស្រាថ្នាំ​ឈ្មោះ Royal Health Wine EST:2005 ចំណុះ 500ml, Royal Health Wine EST:2005 ចំណុះ 100ml និង​ស្រា​សុខភាព​ធម្មជាតិ CHL ចំណុះ 150ml ដែល​ផលិត​ដោយ​សិប្បកម្ម​ផលិត​ស្រាថ្នាំ​នៃ​ក្រុមហ៊ុន​ធាន​ឆាវ​ជៀវ​យៀ​ក អ៊ុ​ម​ផត អិ​ច​ផត ឯ​.​ក ស្ថិត​នៅ​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង មាន​ផ្ទុក​សារធាតុ SILDENAFIL (​សារធាតុ​បង្កើន​ផ្លូវ​ភេទបុរស​) កម្រិត​ខ្ពស់​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ទទួលទាន និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ក្រសួង​បាន​ជម្រាប​ជូន​ថា បន្ទាប់​ពី​បាន​ធ្វើការ​ស្រាវជ្រាវ មន្ត្រី​ជំនាញ​នៃ​ក្រសួងសុខាភិបាល បាន​សហការ​ជាមួយ​អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ធ្វើ​និយ័ត​កម្ម នៅ​ទីតាំង​ចំនួន​២​កន្លែង គឺ​ទី​១. សិប្បកម្ម​ផលិត​ស្រាថ្នាំ របស់​ក្រុមហ៊ុន​ធាន​ឆាវ​ជៀវ​យៀ​ក អ៊ុ​ម​ផត អិ​ច​ផត ឯ​.​ក នៅ​ខេត្តស្វាយរៀង និង​ទី​២. ទីតាំង​លក់​ស្រាថ្នាំ ស្ថិត​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ពាក់ព័ន្ធ​ផង​ដែរ ។

ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា «​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ទទួលទាន​ស្រា​ទាំង​៣​ប្រភេទ​ខាងលើ និង​សូម​បងប្អូន​អាជីវករ​ឈប់​ចែកចាយ ឬ​លក់​ស្រា​ទាំងនេះ ។

ទន្ទឹម​គ្នា​នេះ​ដែរ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត បន្ត​សហការ​ណែនាំ អប់រំ ទប់ស្កាត់​ការ​ចែកចាយ ឬ​លក់​ស្រាថ្នាំ​ទាំង ៣​ប្រភេទ​ខាងលើ​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​នីតិវិធី​ច្បាប់​» ។

ទន្ទឹម​នឹង​នេះ ក្រសួងសុខាភិបាល សង្ឃឹមថា​ប្រជាពលរដ្ឋ​អាជីវករ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ