ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចាត់​ទុក​ព្រៃឈើ​ជា​មាស​បៃតង​អាច​ស្រូប​ទាញ​កំណើនសេដ្ឋកិច្ច

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ថ្លែង​ក្នុង​ប្រារព្ធ​ពិធី​រុក្ខទិវា​៩ កក្កដា នៅ​ក្រុង​សែន​មនោ​រម្យ កាលពីព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​ ឯកឧត្តម ថង…

ខេត្តមណ្ឌលគិរី ៖ ថ្លែង​ក្នុង​ប្រារព្ធ​ពិធី​រុក្ខទិវា​៩ កក្កដា នៅ​ក្រុង​សែន​មនោ​រម្យ កាលពីព្រឹក​ថ្ងៃ​ទី​
២៣ ខែកក្កដា ឆ្នាំ​២០២៤​ ឯកឧត្តម ថង សា​វុន អភិបាលខេត្តមាន​ប្រសាសន៍​ថា ព្រៃឈើ​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​ជីវិត​មនុស្ស សត្វ លើ​សកលលោក​យើងនេះ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋានដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិធនធានធម្មជាតិអាច​ស្វែងរក​ចំណូល​ចិញ្ចឹម​ជីវភាពគ្រួសារ ដែល​អាស្រ័យ​បាន​ពី​ផល​-​អនុ​ផល​ព្រៃឈើ និង​ទទួល​បាន​ចំណូល​ដ៏​មហាសាល​ពី​វិស័យទេសចរណ៍​ទៀត​ផង ។

ឯកឧត្តម ថង សា​វុន បាន​បន្ត​ថា «​រុក្ខទិវា​» គឺជា​ចលនា​បំផុសបំផុល​ការ​ដាំ​ដុះ​ដើមឈើ​ដ៏​ធំមួយ និង​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ឧត្តុង្គឧត្តម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ។ ចលនា​នេះ ចាប់​មាន​តាំងពី​«​សម័យ​សង្គមរាស្ត្រនិយម​» ក្រោម​ព្រះរាជ​បូជនីយកិច្ច​ផ្ដួចផ្ដើម និង​ដឹកនាំ​ដោយ​ព្រះករុណា​ព្រះ បាទ​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះមហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​វររាជ​បិតា​កសិកម្ម​ជាតិ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​
បំផុត ។

ពិធី​នេះ បាន​ចាប់​កកើត​តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៣០​មក​ម្ល៉េះ ដោយ​មានការ​ចូលរួម​យ៉ាង​ផុសផុល​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ និង​បាន​ក្លាយទៅ​ជា​សកម្មភាព​យ៉ាង​ធំ​ទូលំទូលាយ ក្នុង​ចលនា​ទិវា​ពលកម្ម​ដាំ​ដើមឈើ​នៅ​ក្នុង​សង្គម ដែល​ទីបំផុត ត្រូវ​បាន​ទទួលស្គាល់​ជា​ពិធី​ប្រពៃណី​ជាតិមួយ​ហៅ​ថា «​ពិធី​រុក្ខទិវា​» ដែល​បាន​កំណត់​ដោយព្រះរាជកិច្ច​លេខ ៧៣៨ ន​ស​.​រក​ត ចុះ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​១៩៥២ ។

ឯកឧត្តម​អភិបាលខេត្ត បញ្ជាក់​ថា ការ​ដាំដើមឈើ​ពិតជា​មាន​សារៈ​ប្រយោជន៍​ណាស់ ដូច្នេះប្រជាពលរដ្ឋ​ទាំងអស់​គ្នា សូម​ចូលរួម​ដាំ​ដុះ​កូនឈើ រក្សា​ការពារ និង​ស្រឡាញ់​ព្រៃឈើ ស្រឡាញ់ជីវចម្រុះ សត្វព្រៃ ដើម្បី​ប្រែក្លាយ​តំបន់​រស់នៅ​ឱ្យ​មាន​គម្រប​ពណ៌​បៃតង​ស្រស់បំព្រង និង​អភិរក្ស​ធនធាន​ព្រៃឈើ សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។

ការ​បាត់បង់​ព្រៃឈើ និង​គម្រប​ព្រៃឈើ បណ្តាល​ឱ្យ​តំបន់​យើង​ទទួល​រង​ការ​គំរាមកំហែង​ពី​ធម្មជាតិ ដូចនេះ យើង​ត្រូវ​នាំ​គ្នា​បញ្ឈប់​ការ​កាប់​រាន​ដុត​ឈូស​ឆាយដី​ព្រៃឈើ​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​នាំ​គ្នា​រក្សា​ការពារ និង​ដាំ​ដើមឈើ​ឡើង​វិញ​ឱ្យ​បាន​ច្រើន រួម​ទាំង​ឈើ​ហូប​ផ្លែ​ផង​ដែរ ។ តាម​ការ​បញ្ជាក់​របស់​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤​នេះ មន្ទីរ​បាន​រៀបចំ​ពិធី​រុក្ខទិវា​នៅ​បរិវេណ​ចម្ការ​ស្រល់​រុក្ខទិវា ឆ្នាំ​២០០៥ ស្ថិត​ក្នុងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ដើម្បី​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ រុក្ខទិវា ថ្នាក់​ខេត្ត និង​បាន​ជ្រើសរើស​យក​កូន​ស្រល់​ចំនួន ២ ៥០០​ដើម សម្រាប់​ដាំ​ដុះ​លើ​ផ្ទៃដី​ចំនួន ៨,៤៩​ហិ​កតា និង​ចំនួន ៣០០​ដើម សម្រាប់​ចែកចាយ​ក្នុង​ពិធី ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​រួម​សហការ​ជាមួយនឹង​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ ស្ថាប័ន​ពាក់​ព​ន្ធ័ អង្គការ​ជាតិ​-​អន្តរជាតិ​នានា បាន​ជំរុញនិង​អនុវត្ត​ការងារ​ដាំ​ដើមឈើ​ឡើង​វិញ លើ​ដី​ទំនេរ និង​ដី​ព្រៃ​រេចរឹល ព្រមទាំង​ចលនា​ប្រជាពលរដ្ឋ​ដាំ​ដើមឈើ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ខេត្ត ។

ចំណែក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី បាន​បណ្តុះ​កូន​ឈើ​ចម្រុះ​គ្រប់​ប្រភេទ សម្រាប់​ធ្វើការ​ចែកចាយ និង​ដាំ​ក្នុង​ពី​ធី​រុក្ខទិវា​ជា​រៀង​រាល់ឆ្នាំ ។ នៅ​ក្នុង​ឆ្នាំ ២០២៤​នេះ មន្ត្រី​ជំនាញ​បណ្តុះ​កូន​ឈើ​ចម្រុះ​គ្រប់​ប្រភេទ​បាន​ចំនួន ៧ ៤១០ដើម ដោយ​បាន​ចែកចាយ​ជូន​សាលារៀន មន្ទីរ​ជុំវិញ​ខេត្ត វត្ត​អារាម ប្រជាជន អស់​ចំនួន ៣៦២ដើម​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ