ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មីន​អុង​ឡាំង​ត្រូវ​បាន​តែង​តាំង​ជា​ប្រធានា​ធិបតី​ស្ដី​ទី​ប្រទេស​ភូមា

6 ខែ មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ នៅ​ទី​បញ្ចប់​ អំណាច​​​​ទាំង​អស់​​បាន​​ធ្លាក់​ទៅ​ក្នុង​​ដៃ​របស់​លោក​មីន​អុង​ឡាំងទាំង​អស់​​ក្នុង​នាម​ជា​​ប្រមុខ​ដឹក​នាំ​របប​យោធា​ភូមា​​​បន្ទាប់​ពីប្រមុខ​រដ្ឋ​ស្ដី​ទី​ លោក​ម្យីន​ស្វេ​ (Myint Swe) ធ្លាក់​ខ្លួន​ឈឺ​ទាំង​ប្រព័ន្ធ​ខួរ​ក្បាល និង​សរីរៈ​រាង​កាយ​ដល់​ថ្នាក់​ធ្វើ​ការ​លែង​កើត​ត​ទៅ​ទៀត​។ ថ្មី​ៗ​នេះ​ ខុទ្ទ​កា​ល័យ​របស់​លោក​ម្យីន​ស្វេ​បាន​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​ដើម្បី​ផ្ទេរ​ភារកិច្ច…

ទី​ក្រុង​រ៉ង់​ហ្គូន៖ នៅ​ទី​បញ្ចប់​ អំណាច​​​​ទាំង​អស់​​បាន​​ធ្លាក់​ទៅ​ក្នុង​​ដៃ​របស់​លោក​មីន​អុង​ឡាំងទាំង​អស់​​ក្នុង​នាម​ជា​​ប្រមុខ​ដឹក​នាំ​របប​យោធា​ភូមា​​​បន្ទាប់​ពីប្រមុខ​រដ្ឋ​ស្ដី​ទី​ លោក​ម្យីន​ស្វេ​ (Myint Swe) ធ្លាក់​ខ្លួន​ឈឺ​ទាំង​ប្រព័ន្ធ​ខួរ​ក្បាល និង​សរីរៈ​រាង​កាយ​ដល់​ថ្នាក់​ធ្វើ​ការ​លែង​កើត​ត​ទៅ​ទៀត​។ ថ្មី​ៗ​នេះ​ ខុទ្ទ​កា​ល័យ​របស់​លោក​ម្យីន​ស្វេ​បាន​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​ដើម្បី​ផ្ទេរ​ភារកិច្ច និង​តួនាទី​គ្រប់​យ៉ាង​ជូន​ទៅ​លោក​មីន​អុង​ឡាំង​។ ចំណែក​លោក​ម្យីន​ស្វេ​​​​សូម​ឈប់​សម្រាក​​​ដើម្បី​​​ព្យាបាល​ជំងឺ​​។​

សេចក្ដី​ប្រកាស​ផ្ទេរ​តំណែង​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​ទូរ​ទស្សន៍​របស់​រដ្ឋ​ភូមា​ អឹម​អ័រ​ធីវី (MRTV)​ ដែល​និយាយ​ថា​ «លិ​ខិត​នោះ​បាន​ផ្ដល់​សិទ្ធិ​អំណាច​ពេញ​លេញ​ជូន​ទៅ​​លោក​មីន​អុង​ឡាំង​ដើម្បី​ទទួល​តំណែង​ជា​ប្រធានា​ធិបតី​ស្ដីទី​​ដោះ​ស្រាយ​បញ្ហា​​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​ពារ​ជាតិ និង​សន្តិសុខ​ជាតិ​នៅ​ពេល​លោក​ម្យីន​ស្វេ​កំពុង​អវត្ត​មាន​ពី​ការ​ងារ​ដើម្បីព្យា​បាល​ជំងឺ»​​។​

​ការ​ប្រកាស​​ផ្ទេរ​តំណែង​នេះ​កើត​ឡើង​១​សប្ដាហ៍​មុន​ពេល​​ផុត​សុពល​ភាព​នៃ​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​នៅ​ក្នុង​គ្រា​អាសន្ន​ដូច​ដែល​ប្រទេស​នេះ​ធ្លាប់​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២០២១​មក​។ លោក​ម្យីន​ស្វេ​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​៧៣​ឆ្នាំ។ លោក​មាន​បញ្ហា​​​ធ្ងន់​ធ្ងរ​ផ្នែក​​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​សរីរៈ​រាង​កាយ​។ នេះ​បើ​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​ភូមា​។

ទូរ​ទស្សន៍​នេះ​ផ្សាយ​បន្ត​ទៀត​ថា​​លោក​ម្យីន​ស្វេ​បាន​ធ្លាក់​ខ្លួន​ឈឺ និង​សម្រាក​ព្យាបាល​ជំងឺ​​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៤​រហូត​មក​ដល់​ពេល​នេះ​​មិន​ព្រម​ធូរ​ស្បើយ​ទាល់​តែ​សោះ​។ ​លោក​មិន​អាច​បំពេញ​ការ​ងារ​ប្រចាំ​ថ្ងៃ​ត​ទៅ​ទៀត​ទេ​។ សូម្បី​តែ​បរិភោគ​អាហារ​ក៏​បរិភោគ​មិន​កើត​ផង​។​ លោក​ម្យីន​ស្វេ​ធ្លាប់​កាន់​តំណែង​ជា​អនុ​ប្រធានា​ធិបតី​កាល​ពី​ជំនាន់​លោក​ស្រី​អង់​សាន​ស៊ូជី​កាន់​អំណាច​។ ក្រោយ​មក​ លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធានា​ធិបតី​ស្ដី​ទី​នៅ​ពេល​លោក​​មីន​អុង​ឡាំង​ឡើង​កាន់​អំណាច​។

ថ្វី​ដ្បិត​លោក​ម្យីន​ស្វេ​ជា​មេ​ដឹក​នាំ​មាន​តែ​ឈ្មោះ​​ ប៉ុន្តែ​របប​ដឹក​នាំ​យោធា​របស់​លោក​មីន​អុង​ឡាំង​ត្រូវ​ការ​ប្រើ​ប្រាស់​រូប​លោក​ដើម្បី​​​ចុះ​ហត្ថ​លេខា​លើ​ច្បាប់​ផ្សេង​ៗ​ និង​ទទួល​ជួប​ភ្ញៀវ​បរទេស​។ ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ និង​​សន្តិ​សុខ​ជាតិ​​ជា​ផ្លូវ​ការ​ដឹក​នាំ​ដោយ​ប្រធានា​ធិបតី​​​។ ប៉ុន្តែ​អំណាច​ពិត​ប្រាកដ​​​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ពួក​យោធា​ជា​ដដែល​ទេ​។ ​ក្រុម​ប្រឹក្សា​នេះ​មាន​តួ​នាទី​បន្ត​សុពល​ភាព​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន​រៀង​រាល់​៦​ខែ​ម្ដង​​ដើម្បី​ឱ្យ​របប​យោធា​ដឹក​នាំ​ប្រទេស​ជា​បន្ត​ទៀត​។​

ពួ​ក​យោធាអះ​អាង​ថា​ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​នៅ​ក្នុង​គ្រា​អាសន្ន​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ថែ​រក្សា​ស្ថិរ​ភាព​ជាតិ​​នៅ​ពេល​​​ក្រុ​មប្រឆាំង​បន្ត​​វាយ​ប្រហារ​ប្រដាប់​អាវុធ​ឥត​ឈប់​ឈរ​នៅ​គ្រប់​សមរភូមិ​ទាំង​អស់​។ លោក​ម្យីន​ស្វេ​ក្លាយ​ជា​ប្រធានា​ធិបតី​ស្ដី​ទី​បន្ទាប់​ពី​មាន​អំពើ​រដ្ឋ​​ប្រហារ​ឆ្នាំ​២០២១​។ កាល​នោះ តំណែង​ប្រធានា​ធិបតី​ស្ថិត​នៅ​ក្នុង​ដៃ​របស់​លោក​វីន​ម្យីន​ (Win Myint)​។ ប៉ុន្តែ​​ដោយ​សារ​លោក​វីន​ម្យីន​ជា​ខ្សែ​ខាង​លោក​ស្រី​ស៊ូជី​។ ដូច្នេះ ​ពួក​យោធា​ចាប់​​គាត់​ដាក់​ឃុំ​ដូច​លោក​ស្រី​ស៊ូ​ជី​ដែរ​។

លោក​​ម្យីន​ស្វេ​ជា​ខ្សែ​ខាង​លោ​កមីន​អុង​ឡាំង និង​ជា​អ្នក​គាំទ្រ​របប​យោធា​តាំង​ពី​ដើម​រៀង​មក​។ លោក​អាច​មាន​ឱកាស​ឡើង​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ស្ដី​ទី​ដោយ​សារ​លោក​ធ្លាប់​កាន់​តំណែង​ជា​អនុ​ប្រធានា​ធិបតី​លំដាប់​ទី​១​។ ដូច្នេះ នៅ​ពេល​​លោក​វីន​ម្យីន​ជាប់​ពន្ធ​នា​គារ​, លោក​ម្យីន​ស្វេ​​ក៏​ឡើង​កាន់​តំណែង​ស្ដីទី​​​។​ ក្រោយ​ការ​ផ្ទេរ​មុខ​តំណែង​នេះ ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ និង​សន្តិ​សុខ​ជាតិ​នឹង​មាន​សិទ្ធិ​កោះ​ប្រជុំ​ដើម្បី​ប្រកាស​ដាក់​ប្រទេស​ជាតិ​នៅ​ក្នុង​គ្រា​អាសន្ន​ និង​ប្រគល់​អំណាច​ផ្ដាច់​មុខ​ជូន​ទៅ​លោក​មីន​អុង​ឡាំង​។ លោក​​សន្យា​ថា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​តាម​បែប​​ប្រជា​ធិបតេយ្យ​​នា​ឆ្នាំ​២០២៥​ខាង​មុខ​​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ