ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ខ្មែរ​ចេះ​ស្លដែក​តាំងពី​សម័យ​អង្គរ

1 ខែ មុន
  • ភ្នំពេញ

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា បុព្វបុរស​ខ្មែរ​ចេះ​ច្នៃ​និង​ស្លដែក ដើម្បី​ផលិត​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​តាំង​តែ​ពី​សម័យ​អង្គរ​មក​ម្ល៉េះ ។ អ្នក​ស្រាវជ្រាវ​យល់​ថា ឧស្សាហកម្ម​ស្លដែក​សម័យ​អង្គរ គឺជា​វិស័យ​យ៉ាង​សំខាន់​មួយ ដែល​បាន​ផលិត​ដែក​ធ្វើ​ជា​ឧបករណ៍​ប្រើប្រាស់​សម្រាប់​កសិកម្ម គ្រឿងសាស្ត្រាវុធ ព្រមទាំង​បម្រើ​ការ​ឱ្យ​វិស័យ​ស្ថាបត្យកម្ម​ជាដើម…

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា បុព្វបុរស​ខ្មែរ​ចេះ​ច្នៃ​និង​ស្លដែក ដើម្បី​ផលិត​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​តាំង​តែ​ពី​សម័យ​អង្គរ​មក​ម្ល៉េះ ។

អ្នក​ស្រាវជ្រាវ​យល់​ថា ឧស្សាហកម្ម​ស្លដែក​សម័យ​អង្គរ គឺជា​វិស័យ​យ៉ាង​សំខាន់​មួយ ដែល​បាន​ផលិត​ដែក​ធ្វើ​ជា​ឧបករណ៍​ប្រើប្រាស់​សម្រាប់​កសិកម្ម គ្រឿងសាស្ត្រាវុធ ព្រមទាំង​បម្រើ​ការ​ឱ្យ​វិស័យ​ស្ថាបត្យកម្ម​ជាដើម ដែល​ជួយ​ឱ្យ​ចក្រភព​ខ្មែរ​សម័យ​នោះ មានការ​រីក​ចម្រើន​ជឿនលឿន និង​ជា​កត្តា​មួយ​ដែល​ជំរុញ​អារ្យធម៌​អង្គរ​ថ្កុំ​ថ្កើ​ន​។

ការ​សន្និដ្ឋាន​បែប​នេះ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​តាម​រយៈ​ការ​ធ្វើ​កំណាយ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យានៃ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ នៅ​ស្ថានីយ​ស្លដែក​បុរាណ​មួយ​កន្លែង នៅ​ក្នុងភូមិ​ស្រែ​ចង្ហូត សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ជិត​ជើងភ្នំ​បូក​។


លោក សួ​ម សុភា អ្នក​ដែល​បាន​ចូលរួម​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​ស្លដែក​បុរាណ​ភ្នំ​បូក បាន​ឲ្យ​ដឹង ​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា តាម​បណ្តាញ​សង្គម​របស់​អាជ្ញាធរ​ជាតិ​អប្សរាថា ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ នៅ​ស្ថានីយ​ស្លដែក​សម័យ​បុរាណ​ក្នុង​តំបន់​អតីត​រាជធានី​អង្គរ​នេះ គឺ​បំណង ដើ​ម្បីសិក្សា​​ឱ្យ​ស៊ីជម្រៅ​ពី​ឧស្សាហកម្ម​ស្លដែក ការ​ផលិត​ដែក ព្រមទាំង​ចង់​ដឹង​ពី​រចនា​សម្ពន្ធ​នៃ​ចង្ក្រាន​ស្លដែក​របស់​ខ្មែរ​បុរាណ​កាលពី​សម័យ​អង្គរ​ផង ព្រមទាំង​ជួយ​បណ្ដុះបណ្ដាល​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​យល់​ដឹង​ពី​ជំនាញ​ទាំងនោះ​ផង​។

លោកបញ្ជាក់​ទៀត​ថា ក្នុង​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​ស្ថានីយ​ស្លដែក​បុរាណ​នោះ ក្រុមការងារ​បាន​ជីករណ្ដៅ​ទំហំ​៣​ម៉ែត្រ គុណ​និង​៤​ម៉ែត្រ ហើយនៅ​ក្នុង​រណ្ដៅ​កំណាយ​គេ​បាន​ប្រទះ​ឃើញ​រ៉ែ​ដែក​តូច​ៗ បំណែក​អាចម៍ដែក បំណែក​ច​ង្ក្រា​ន្ត និង​បំណែក​កុលាលភាជន៍​ផ្សេង​ៗ​ជាដើម​។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​កំណាយជា​លទ្ធផល ក្រុម​អ្នក​បុរាណវិទ្យា​បាន​សន្និដ្ឋាន​ថា ស្ថានីយ​ស្លដែក​បុរាណ នៅ​ក្នុង​អតីត​រាជធានី​អង្គរ ដែល​គេ​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ បាន​ដំណើរការ​នៅ​សម័យ​អង្គ​។

សូម​បញ្ជាក់​ថា មុន​ពេល​ដែល​ក្រុម​អ្នក​បុរាណវិទ្យា បើក​កំណាយ​ស្រាវជ្រាវ​ស្ថានីយ​ស្លដែក​បុរាណ​នៅ​ភ្នំ​បូក​នោះ គឺ​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​តាម​វិធី​វាស់​ស្ទង់ ប្រើ​ឧបករណ៍ Gradiometer ដោយ​បាន​ជំនួយ​ពី​សកល​វិទ្យាល័យ Flinders University, Australia ជា​មុន​ដើម្បី​សិក្សា​បឋម​ពី​វត្តមាន​នៃ​ទីតាំង​ចង្ក្រាន នៅ​លើ​ស្ថានីយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ