ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ៖ ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនក៏ដោយ ត្រូវតែបន្តរកអាកាសយានិកទាំងពីររូបឲ្យឃើញ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ទោះបី​ប្រឈម​នឹង​ការ​លំបាក ឬ​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​យ៉ាងណា​ក៏​ដោយ​ក៏​បេសកកម្ម​រុករក​នេះ ត្រូវ​តែ​បន្ត​ទៅ​មុខ​រហូត​ដល់​យើង​អាច​រក​ឃើញ​អាកាសយានិក​របស់​យើង​ទាំង​ពីរ​រូប ដែល​ធ្លាក់​បាត់​ឧទ្ធម្ភាគចក្រ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ទោះបី​ប្រឈម​នឹង​ការ​លំបាក ឬ​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​យ៉ាងណា​ក៏​ដោយ​ក៏​បេសកកម្ម​រុករក​នេះ ត្រូវ​តែ​បន្ត​ទៅ​មុខ​រហូត​ដល់​យើង​អាច​រក​ឃើញ​អាកាសយានិក​របស់​យើង​ទាំង​ពីរ​រូប ដែល​ធ្លាក់​បាត់​ឧទ្ធម្ភាគចក្រ ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០២៤ យ៉ាង​ដូច្នេះ​ថា អស់​រយៈពេល​១២​ថ្ងៃ​មក​ហើយ ដែល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​កងទ័ព​ជើង​អាកាស​នៃ​កង​យោធពលខេមរភូមិន្ទ​ហោះហើរ​ដោយ​អាកាសយានិក​ចំនួន​២​រូប បាន​បាត់​ការ​ទាក់ទង​ជាមួយ​ទីបញ្ជាការ​ទ័ពអាកាស ។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា ៖ «​ចាប់ពី​ពេល​នោះ​មក​ទល់​ពេល​នេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ដែល​អាកាសយានិក​ទាំង​ពីរ​រូប​ត្រូវ​បាន​បំភ្លេច​នោះ​ទ្បើ​យ ។ ការ​ស្វែងរក​ឧទ្ធម្ភាគចក្រ​នោះ​បាន​ចាប់ផ្តើម​ភ្លាម​ៗ​បន្ទាប់​ពី​បាត់​ការ​ទាក់ទង ដោយ​មានការ​ចូលរួម​ពី​សំណាក់​កង​យោធពលខេមរភូមិន្ទ និង​អាជ្ញាធរ​ដែនដី​នៅ​ហ្នឹង​កន្លែង ហើយ​មក​ដល់​ម៉ោង​នេះ​កងកម្លាំង​រុករក​របស់​យើង​បាន​បន្ត​បេសកកម្ម​របស់​ខ្លួន​ទាំង​យប់​ទាំង​ថ្ងៃ មិន​ថា មេឃ​រាំង ឬ​ភ្លៀង និង​មិន​ថា ក្នុង​ព្រៃ​ជ្រៅ ឬ​ឆ្លងកាត់​ជ្រោះ​ជ្រលង​ទឹក​ហូរ​នោះ​ទេ​ក៏​ការ​ស្វែងរក​អាកាសយានិក​ទាំង​ពីរ​រូប​នៅ​តែ​បន្ត​ជា​និច្ច​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទេស​រដ្ឋមន្ត្រី​អនុប្រធាន​ទី​១ នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​, ឯកឧត្តម អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​, ឯកឧត្តម អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​, ឯកឧត្តម អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ពោធិ៍សាត់​, ថ្នាក់ដឹកនាំ​គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ ក៏​ដូច​ជា ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ក្រុម​រុករក​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​នេះ​ដ៏​សំខាន់​មួយ​នេះ ។

សម្តេច​ក៏​សូម​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី​ដែល​បាន​បង្ហាញ​នូវ​សមានចិត្ត​ព្រួយបារម្ភ និង​ការ​លើកទឹកចិត្ត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​រុករក ដើម្បី​ស្វែងរក​អាកាសយានិក​របស់​យើង​ក្នុងភូមិ​សាស្ត្រ និង​អាកាសធាតុ​ដ៏​លំបាក​នេះ ។ សម្តេច​ធិ​បតី​គូសបញ្ជាក់​ថា ៖«​ទោះបី​ប្រឈម​នឹង​ការ​លំបាក ឬ​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​បេសកកម្ម​រុករក​នេះ​ត្រូវ​តែ​បន្ត​ទៅ​មុខ​រហូត​ដល់​យើង​អាច​រក​ឃើញ​អាកាសយានិក​របស់​យើង​ទាំង​ពីរ​រូប ។ ខ្ញុំ​សូម​ជូនពរ​ដល់​ក្រុម​ប្រតិបត្តិការ​រុករក​ទាំងអស់ សូម​សមប្រកប​តែ​នឹង​សេចក្តីសុខ​សុវត្ថិភាព​ក្នុង​ការ​បំពេញបេសកកម្ម​ដ៏​សំខាន់​មួយ​នេះ ហើយ​សង្ឃឹម​យ៉ាង​មុខមាំ​ថា យើង​នឹង​អាច​រក​ឃើញ​បងប្អូន​អាកាសយានិក​ទាំង​ពីរ​រូប​ក្នុង​ពេល​ឆាប់​ៗ​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ