ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ និងអ្នកនាំចេញទុរេនម៉ាឡេស៊ីប្រឈមឧបសគ្គ ក្រោយបានភ្លើងខៀវនាំចេញទៅចិន

1 ខែ មុន

ទីក្រុងគូឡាឡាំពួ ៖ ប្រទេសម៉ាឡេស៊ី កំពុងត្រៀមរៀបចំដឹកជញ្ជូនទុរេនស្រស់លើកដំបូងរបស់ខ្លួនទៅ

ទីក្រុងគូឡាឡាំពួ ៖ ប្រទេសម៉ាឡេស៊ី កំពុងត្រៀមរៀបចំដឹកជញ្ជូនទុរេនស្រស់លើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសចិន ប៉ុន្តែការទទួលបានលិខិតអនុញ្ញាតពីចិនប្រហែលជាការពិបាកសម្រាប់អ្នកនាំចេញ និងកសិករម៉ាឡេស៊ី។

ប្រទេសម៉ាឡេស៊ីទទួលបានការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន ក្រោមពិធីសារអនាម័យដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ អំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន Li Qiang ទៅកាន់ប្រទេសម៉ាឡេស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី Bernama បានឱ្យដឹងថា ខណៈដែលពិធីសារទទួលបានផ្តល់ភ្លើងខៀវឱ្យប្រទេសម៉ាឡេស៊ីនាំចេញផ្លែទុរេនស្រស់ទៅចិនក៏ពិតមែន ប៉ុន្តែកាលបរិច្ឆេទនៃការនាំចេញពិតប្រាកដមិនត្រូវបានបញ្ជាក់នោះទេ។

កាលពីដើមខែកក្កដានេះ លោកស្រី Nor Sam Alwi អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មម៉ាឡេស៊ី បានកត់សម្គាល់ថា ប្រទេសម៉ាឡេស៊ី កំពុងរៀបចំដឹកជញ្ជូនទុរេនស្រស់ចំនួន១ពាន់តោនលើកដំបូងទៅកាន់ប្រទេសចិន ប៉ុន្តែកិច្ចព្រមព្រៀងនាំចេញមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ លោកស្រីបានថ្លែងថា «យើងរំពឹងថានាំចេញនៅក្នុងខែតុលា ប៉ុន្តែអ្វីៗគ្រប់យ៉ាងអាស្រ័យលើល្បឿន និងការយល់ព្រមពីរដ្ឋបាលទូទៅរបស់ប្រទេសចិន»។

យោងតាមកាសែតថៃ The Nation កាលពីថ្មីៗនេះ បានរាយការណ៍ថា ខណៈពេលដែលកសិករម៉ាឡេស៊ីមានបំណង់ទទួលផលចំណេញពីទីផ្សារផ្លែទុរេននោះ ពួកគេត្រូវរង់ចាំរហូតដល់ខែកញ្ញា សម្រាប់ពាក្យសុំអនុញ្ញាតដែលត្រូវបានអនុម័តការត្រួតពិនិត្យ ដោយគយរបស់ប្រទេសចិន។ ប៉ុន្តែការទទួលបានលិខិតអនុញ្ញាតមិនមែនគ្រាន់តែជាការរង់ចាំប៉ុណ្ណោះទេ ព្រោះតែបណ្តាកសិករ និងអ្នកនាំចេញម៉ាឡេស៊ី ក៏ត្រូវបំពេញតាមលក្ខខណ្ឌដ៏តឹងរ៉ឹងដែលកំណត់ដោយប្រទេសចិនផងដែរ។

លោក Fahmi Zainol ដែលជាប្រធានគណៈកម្មាធិការសន្តិសុខស្បៀង និងអភិវឌ្ឍន៍សហករណ៍ម៉ាឡេស៊ីបានប្រាប់សារព័ត៌មានរបស់ម៉ាឡេស៊ី The Star ថា ប្រទេសចិនទាមទារបរិមាណ និងគុណភាពជាក់លាក់មួយ មុនពេលទទួលយកផ្លែទុរេនពីប្រទេសម៉ាឡេស៊ី។ បរិមាណត្រូវតែមានគ្រប់គ្រាន់តាមម៉ាក និងប្រភេទផ្លែទុរេន ប៉ុន្តែកសិករនៅរដ្ឋប៉េណាង (Penang) ដែលមានពូជទុរេនចម្រុះ ប្រឈមនឹងការលំបាកក្នុងការបំពេញតម្រូវការនេះ។

លោក Lim Chin Khee ដែលជាអ្នកជំនាញផ្លែទុរេនម៉ាឡេស៊ីបានថ្លែងប្រាប់កាសែតហុងកុង South China Morning Post ថា «ទិន្នផលផ្លែទុរេនស្រស់នាពេលបច្ចុប្បន្នរបស់ប្រទេសម៉ាឡេស៊ីគឺគ្រប់គ្រាន ដើម្បីនាំចេញទៅកាន់ប្រទេសចិន ប៉ុន្តែការរក្សាគុណភាព ជាពិសេសអំឡុងពេលដឹកជញ្ជូនអាចជាបញ្ហាប្រឈមមួយ។ អំឡុងពេលដឹកជញ្ជូនតម្រូវការរក្សាសីតុណ្ហភាពត្រជាក់ ដែលយើងអាចត្រូវការការវិនិយោគ និងការសម្របសម្រួលដ៏សំខាន់»។

លោក Abdul Rashid Bahri ដែលជាអគ្គនាយកនៃអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធរបស់ម៉ាឡេស៊ី បានថ្លែងថា មជ្ឈមណ្ឌលវេចខ្ចប់ប្រមាណ៧០ទីតាំងទូទាំងប្រទេស កំពុងស្ថិតក្រោមការត្រួតពិនិត្យដោយក្រសួងកសិកម្ម និងសន្តិសុខស្បៀង។ លោកបានបន្ថែមថា លើសពីនេះ កសិដ្ឋានទុរេនជាង២០០​ទីតាំង ដែលបំពេញតាមស្តង់ដារកសិកម្មជាតិ កំពុងស្វែងរកដំណើរការធ្វើសវនកម្មដើម្បីទទួលបានសិទ្ធិនាំចេញ។

គួរបញ្ជាក់ថា មុនពេលចុះហត្ថលេខាលើពិធីសារជាមួយប្រទេសចិន ប្រទេសម៉ាឡេស៊ីបានលក់ទុរេនសាច់កែច្នៃហើយ ដំណាប់ទុរេន និងទុរេនកកទៅកាន់ប្រទេសចិន។ ជាក់ស្តែងកាលពីឆ្នាំមុន ម៉ាឡេស៊ីបាននាំចេញទុរេនគិតជាទឹកប្រាក់ចំនួន ១.១៩ពាន់លានរីងហ្គីត ដែលស្មើនឹង ២៥២.២លានដុល្លារអាមេរិកទៅកាន់ប្រទេសចិន ដែលធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោកមួយនេះ ក្លាយជាទីផ្សារសំខាន់របស់ខ្លួន៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ