រាជធានីភ្នំពេញ ៖ កប៉ាល់ជីកព្រែកខ្នាតយក្សរបស់ក្រុមហ៊ុនCCCCចូលចត ដើម្បីត្រៀមបើកការដ្ឋានគម្រោងផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា«ព្រែកជីកហ្វូ ណនតេជោ» នៅពេលខាងមុខនេះហើយ ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តតាកែវបានលើកឡើងថា សកម្មភាពរៀបចំទីតាំងឱ្យកប៉ាល់ជីកព្រែកខ្នាតយក្សរបស់ក្រុមហ៊ុន CCCC ចូលចត ដើម្បីត្រៀមបើកការដ្ឋានគម្រោងផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា«ព្រែកជីកហ្វូណនតេជោ»ដែលត្រូវស្ថាបនាបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ខាងមុខនេះ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ឯកឧត្តម គួច ចំរើន អភិបាលខត្តកណ្ដាលបានថ្លែងថា រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជាមួយនឹងតារាចម្រៀងល្បីៗជាច្រើននាក់មកអង្រួននៅក្រុងតាខ្មៅ ដើម្បីអបអរសាទរព្រឹត្តិការនៃថ្ងៃប្រវត្តិសាស្ត្របើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តមចុះពិនិត្យមើលការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅស្រុកកៀនស្វាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបានថ្លែងថា បើកឆាកប្រវត្តិសាស្ត្រព្រែកជីកនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ហើយបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតក ប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ ។

ឯកឧត្តមថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រនឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយចំណេញចម្ងាយផ្លូវពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេស ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានអំពាវនាវប្រជាពលរដ្ឋដែលនឹងរងផលប៉ះពាល់ពីគម្រោងព្រែកជីកនេះ សូមបើកចិត្តទូលាយបង្កភាពងាយស្រួលដល់ក្រុមការងារជីកព្រែកនេះផង ដ្បិតថា ក្រុមការងារនឹងចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលនឹងរងផលប៉ះពាល់ជាបន្តបន្ទាប់ មុននឹងការជីកទៅដល់ទីតាំងណានោះខណៈដែលព្រែកជីកហ្វូណនតេជោ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ជាតិ មាតុភូមិ និងកូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំ ។

សូមជម្រាបថា ក្រសួងធម្មការនិងសាសនាដល់មន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ស្តីពីការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមទីអារាមសាសនា នៅថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ។ ជាងនេះ រាជរដ្ឋាភិបាលនឹងធ្វើការដុតកាំជ្រួច ដើម្បីអបអរសាទរផងដែរ ។


ចែករំលែកព័តមាននេះ