អ្នកជំនាញ និងព្រះសង្ឃនៅវត្តមួយនៅសៀមរាប បានស្នើ និងអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទនានា អភិរក្សវិហារចាស់ៗជាជាងបំផ្លាញចោល ហើយសង់ថ្មី តួយ៉ាងដូចជា សំណង់ព្រះវិហារបុរាណមួយនៅបរិវេណវត្តព្រះឥន្ទកោសីយ៍ នៅក្នុងខេត្តសៀមរាប នៅក្នុងបរិវេណអង្គរ ដែលត្រូវបានជួសជុល និងកែលំអរសម្រាប់ពុទ្ធបិរស័ទគោរពបូជា និងទេសចរឈាងទៅស្វែងយល់ ។
លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍បានឲ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ តាមរយៈបណ្តាញសង្គមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា វត្តអារាមទាំងអស់គួរចូលរួមថែរក្សាព្រះវិហារបុរាណ កុំព្យាយាមរុះរើសំណង់ចាស់ចោល សង់សំណង់ថ្មី ព្រោះសំណង់ទាំងបង្ហាញពីប្រវត្តិ សិល្បៈ និងវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរទាំងមូល ។ ដោយឡែកគ្រូសូត្រឆ្វេងវត្តព្រះឥន្ទកោសីយ៍ ព្រះអង្គ សន វាសនា មានសង្ឃដីការ ពុទ្ធបរិស័ទ និងព្រះសង្ឃទាំងអស់ក្នុងវត្តដែលមានវិហារចាស់ៗ ឬថ្មីៗ សូមជួយអភិរក្សថែរក្សាជារឿយៗ ដើម្បីបង្ការកុំឱ្យសំណង់ទាំងនោះខូចខាតខ្លាំង ។
ព្រះអង្គ បានបន្ថែមថា «ព្រះវិហារជាចំណុចសំខាន់ ឬជាបេះដូងនៃទីសក្ការៈបូជារបស់សាសនា ហើយព្រះអង្គសុំឱ្យព្រះសង្ឃទាំងអស់ កុំចង់បានរបស់ថ្មីដោយវាយសំណង់ចាស់ចោលផ្ទុយទៅវិញសំណង់បុរាណទាំងនោះមានគុណតម្លៃផ្នែកបេតិកភណ្ឌជាតិជាច្រើន» ។
ពាក់ព័ន្ធនឹងការថែរក្សា និងអភិរក្សវិហារចាស់ៗនេះ អាជ្ញាធរជាតិអប្សរា ទើបតែបញ្ចប់ការស្តារ និងជួសជុលសំណង់ព្រះវិហារបុរាណនៅវត្តព្រះឥន្ទកោសីយ៍នៅបរិវេណនៃដែនអភិរក្សអង្គរ ។ ព្រះវិហារដែលបានជួសជុលនេះ គឺបានរងនូវការខូចខាតខ្លាំងនៅផ្នែកដំបូលដែលពេលជួសជុលត្រូវប្រើសម្ភារថ្មីច្រើន តែជាសម្ភារដូចរបស់ដើម ចំណែកផ្នែកផ្សេងទៀតដែលមានការខូចខាត ស្ថិតក្នុងកម្រិតនៃការជួសជុលបាន ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុល និងអភិរក្សឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង ។
ចំពោះគុណតម្លៃនៃសំណង់ព្រះវិហារខាងលើនេះ លោក ស៊ឹម ប៊ុនធឿន ពន្យល់ថា វាមានតម្លៃមិនអាចកាត់ថ្លៃបាន ។
លោកបានបន្តថា គុណតម្លៃរួម សំណង់វិហារនេះបានបង្ហាញពីប្រវត្តិសាស្ត្រ និងសិល្បៈដ៏យូរលង់របស់ខ្មែរដែលមានអាយុជិត១០០ឆ្នាំ ហើយដែលបុព្វការីជនអ្នកមានជំនឿក្នុងព្រះពុទ្ធសាសនានៅពេលនោះ មានសទ្ធាសាងសង់ព្រះវិហារនេះ ឡើងដើម្បីទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយថែរក្សា ។ ចំណែកតម្លៃជារូបរាងវិញ ព្រះវិហារនេះសង់លើខឿនខ្ពស់ពីដីបន្តិច មានរាងតូចត្រឡឹង មិនធំពេក និងមិនតូចពេក ងាយស្រួលការគោរព និងថែទាំអភិរក្ស ។
សម្រាប់លោក ស៊ឹម ប៊ុនធឿន សំណង់នេះបង្ហាញពីស្ថាបត្យកម្មជំនាន់នោះដែលគិតគូរវែងឆ្ងាយទៅអនាគត បើសំណង់ខ្ពស់ពេក ធ្វើឱ្យបាត់បង់សោភ័ណភាពនៅផ្នែកណាមួយមិនខាន ។ កន្លងមកនៅតាមបណ្តាវត្តមួយចំនួនដែលមានវិហារចាស់ៗបានបំផ្លាញចោលហើយសង់ថ្មីរហូតដល់ផ្ទុះ ការរិះគន់ ជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ