ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីនាគជិតផុតពូជនៅកម្ពុជា ដោយសល់តែមេពូជ ប្រមាណជាង ៥០ក្បាលតែប៉ុណ្ណោះ​

1 ខែ មុន

ត្រី​នាគ​ គឺជា​ត្រី​កម្រ​មួយ ហើយ​ប្រភព​បាន​បញ្ជាក់​ថា នៅ​កម្ពុជា​មាន​ត្រី​នាគ​មេ​ពូជ​ប្រមាណ​ជាង៥០​ក្បាល​តែ​ប៉ុណ្ណោះ នៅ​តាម​តំបន់​ស្ទឹង​អា​រ៉ែ​ង ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ…

ត្រី​នាគ​ គឺជា​ត្រី​កម្រ​មួយ ហើយ​ប្រភព​បាន​បញ្ជាក់​ថា នៅ​កម្ពុជា​មាន​ត្រី​នាគ​មេ​ពូជ​ប្រមាណ​ជាង៥០​ក្បាល​តែ​ប៉ុណ្ណោះ នៅ​តាម​តំបន់​ស្ទឹង​អា​រ៉ែ​ង ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​អះអាង ​នៅ​ថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ​២០២៤​ថា លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ ដើម្បី​ពិនិត្យ​មើល​អំពី​លទ្ធភាព​បង្ក​កំណើត និង​បង្កាត់​ពូជ​របស់​ត្រី​នាគ និង​សត្វ​កម្រ​ផ្សេង​ៗ​ទៀត​ ។

គួរ​បញ្ជាក់​ជូន​ថា ត្រី​នាគ​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពិភពលោក​ចាត់​ទុក​ត្រី​ប្រភេទ​នេះ ចូល​ទៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​១ នៃ​អនុសញ្ញា​សាយ​តេស (CITES)​ ។

ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ដំណើរ​បេសកកម្ម​នេះ​ដែរ លោក រដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង និង​បាន​ណែនាំ​ដល់​សហគមន៍​ឱ្យ​យកចិត្តទុកដាក់​ខ្ពស់ក្នុង​ការ​ថែរក្សា​ធនធានធម្មជាតិ និង​ធនធាន​ជលផល​។

ទន្ទឹម​នឹង​នេះ លោក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ក្រសួង​នឹង​សហការ​ជាមួយ​ដៃគូ​នានា ក្នុង​ការ​ចូលរួម​ការពារ​ថែរក្សា​ធនធាន​ព្រៃឈើ សត្វព្រៃ និង​ជលផល ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​។

ជា​ទូទៅ​តាម​ឯក​សារបាន​បញ្ជាក់​ថា ត្រី​នាគ​នៅ​ក្នុង​តំបន់​នោះ ​អាច​មានឈ្មោះ​ម្យ៉ាងទៀត​ថា ត្រី​តា​ពត ដែលមានឈ្មោះ​វិទ្យាសាស្ត្រ​ថា Scleropages Formosus និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Asian bonytongue ។

ត្រី​ប្រ​ភ​ពេ​ទ មាន​ប្រវែង​ដងខ្លួន​សរុប​តូច​ជាង​៦០​សង់ទីម៉ែត្រ មាន​រង្វះ​មាត់ធំ និង​ងើយ​ឡើង​លើ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចាប់​ចំណី​នៅ​ស្រទាប់​លើ​ ។ ត្រី​ប្រភេទ​នេះ មាន​រស់នៅ​ក្នុង​អន្លង់​ជ្រៅ​ៗ ក្នុង​ស្ទឹង​ដែល​មានទឹក​ហូរ​ចេញពី​តំបន់​ភ្នំ មាន​ផ្ទាំង​ថ្ម​ធំ​ៗ ហើយ​រង​គ្រោះ​មិនមែន​ដោយសារ​តែ​ជា​ចំណី​របស់ មនុស្ស​នោះ​ទេ គឺ​ដោយសារ​តែ​ជា​ត្រី​ដែល​គេ​ចិញ្ចឹម ។ គេ​ដឹង​ថា ត្រី​នេះ ជា​ប្រភេទ​ត្រី​ដែល​គេ​ជឿ​លើ​លាភ​សំណាង ហើយ​វា​អាច​មាន​តម្លៃ​ដល់​ខ្ទង់​រាប់​ពាន់ ដុល្លារ នៅ​ក្នុង​មួយ​ក្បាល​អាស្រ័យ​ទៅ​តាម​ទំហំ​និង​លក្ខខណ្ឌ​ខាង​ជំនឿ​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ