ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធាន​រដ្ឋ​សភា​អាមេរិក​ប្រាប់​លោក​បៃដិន​ថា​ «អាណត្តិ​នេះ​បក្ស​យើង​ចាញ់​ឆ្នោត​ហើយ»

9 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ តើ​លោ​កបៃដិន​អាច​មាន​ក្រឡា​ឈ្នះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​២០២៤​នេះ​ ឬ​យ៉ាង​ណា? នេះ​ជា​សំណួរ​ដ៏​ធំ​មួយ​ចំ​ពេល​លោក​បៃដឹន​ធ្វើ​តេស្ត​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​។ នេះ​ជា​សញ្ញា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ ហើយរឹត​តែ​បន្ថែម​បន្ទុក​ទៅ​​លើ​លោក​បៃដិន និង​គណ​បក្ស​ប្រជា​ធិបតេយ្យ​ថែម​ទៀត​។ ចំណែក​គណ​បក្ស​សា​ធារណ​រដ្ឋ​ចេះ​តែ​ទៅ​មុខ​ហើយ​។ ឥឡូវ​នេះ មាន​រុស្ស៊ី​ជួយ​​ឃោសនា​​ឱ្យ​បក្ស​សាធារណ​រដ្ឋ​ជា​ប្រយោល​ថែម​ទៀត​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ តើ​លោ​កបៃដិន​អាច​មាន​ក្រឡា​ឈ្នះ​ឆ្នោត​នៅ​ចុង​ឆ្នាំ​២០២៤​នេះ​ ឬ​យ៉ាង​ណា? នេះ​ជា​សំណួរ​ដ៏​ធំ​មួយ​ចំ​ពេល​លោក​បៃដឹន​ធ្វើ​តេស្ត​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​។ នេះ​ជា​សញ្ញា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ ហើយរឹត​តែ​បន្ថែម​បន្ទុក​ទៅ​​លើ​លោក​បៃដិន និង​គណ​បក្ស​ប្រជា​ធិបតេយ្យ​ថែម​ទៀត​។

ចំណែក​គណ​បក្ស​សា​ធារណ​រដ្ឋ​ចេះ​តែ​ទៅ​មុខ​ហើយ​។ ឥឡូវ​នេះ មាន​រុស្ស៊ី​ជួយ​​ឃោសនា​​ឱ្យ​បក្ស​សាធារណ​រដ្ឋ​ជា​ប្រយោល​ថែម​ទៀត​។ រដ្ឋ​មន្ត្រី​កា​របរទេស​រុស្ស៊ី​ថ្លែង​ថា​ទី​ក្រុង​ម៉ូស្គូ​គាំទ្រ​ជំហរ​របស់​លោក​ជេរ​ឌី​វេន​(JD Vance)ជា​បេក្ខ​ជន​អនុ​ប្រធានា​​ធិបតី​​ដែល​គាំទ្រ​​ឱ្យ​​​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។

​ថ្មី​ៗ​នេះ លោក​ស្រី​ផេឡូស៊ី (Nancy Pelosi) ដែល​ជា​​អតីត​ប្រធាន​រដ្ឋ​សភា​អាមេរិក​មក​ពី​គណបក្ស​ប្រជា​ធិបតេ្យ​បាន​និយាយ​ខ្សិប​ប្រាប់​លោក​បៃដិន​ស្ងាត់​ៗ​ថា​ «បក្ស​យើង​ប្រហែល​ជា​ចាញ់​ឆ្នោត​ហើយ​ព្រោះ​លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​​លោក​បៃដិន​មិន​អាច​យក​ឈ្នះ​លោក​ត្រាំ​បាន​ឡើយ​»។ លោក​ស្រី​ផេឡូស៊ី​និយាយ​ស្ងាត់​ៗ​នៅ​ក្នុង​ការ​សន្ទ​នា​នោះ​ថា «​ស្រួល​មិន​ស្រួល លោក​បៃដិន​អាច​នឹង​បំផ្លាញ​ផល​ប្រយោជន៍​របស់​គណ​បក្ស​ខ្លួន​ឯង​ទៅ​វិញ​ទេ។​ សូម្បី​តែ​តំណែង​ប្រធាន​រដ្ឋ​សភា​អាមេរិក​ក៏​ប្រហែល​ជា​គណ​បក្ស​ប្រជា​ធិបតេយ្យ​មិន​អាច​ដណ្ដើម​បាន​ផង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​​នោះ»​​។​

លោក​ស្រី​និយាយ​នេះ​នៅ​ក្នុង​ករណី​ដែល​លោក​បៃដិន​នៅ​តែ​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​ប្រភព​ដែល​ដឹង​រឿង​នេះ​ច្បាស់​ចំនួន​៤​ប្រភព​ផ្សេង​ៗ​គ្នា​ដែល​ស្ដាប់​ឮ​ការ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​។​ ​នេះ​ជា​ការ​សន្ទនា​គ្នា​លើក​ទី​២​រវាង​លោក​បៃដិន និង​លោក​ស្រី​ផេឡូស៊ី​ចាប់​តាំង​ពី​ថ្ងៃទី​២៧ ខែ​មិថុនា​ជា​ពេល​ដែល​លោក​បៃដិន​ឡើង​ត​ទល់​មតិគ្នា​ជា​មួយ​លោក​ត្រាំ​។ ​គេ​គិត​ថា​លោក​បៃដិន​ឡើ​ងវេទិកា​​​នោះ​មិន​មែន​នាំ​ឱ្យ​ចំណេញ​ទេ​ ប៉ុន្តែ​នាំ​ឱ្យ​ខាត​ធ្ងន់​តែ​ម្ដង​។​

នៅ​ក្នុង​ការ​សន្ទនា​គ្នា​លើក​ទី​២​នេះ គេ​ស្ដាប់​ឮ​លោក​​បៃដិន​និយាយ​ប្រកែក​។ លោក​ប្រាប់​លោក​ស្រី​ផេឡូស៊ី​ថា​លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​លោក​អាច​មាន​ក្រឡា​ឈ្នះ​ឆ្នោត​។ នេះ​បើ​យោង​តាម​ប្រភព​​១​​ដែល​​បាន​បង្ហើប​ឱ្យ​ដឹង​។​ ​​យោង​តាម​ប្រភព​១​​ទៀត, លោក​បៃដិន​ប្រាប់​លោក​ស្រី​ផេឡូស៊ី​ថា​លោក​អាច​នឹង​មាន​ក្រឡា​ឈ្នះ​បើ​យោង​តាម​លទ្ធ​ផល​ស្ទង់​មតិ​​​។ ​​កំពុង​​សន្ទ​នា​​គ្នា​សុខ​ៗ លោក​ស្រី​ផេឡូស៊ី​​បាន​ប្រាប់​​ឱ្យទី​ប្រឹក្សា​របស់​លោ​កបៃដិន​យក​លទ្ធ​ផល​ស្ទង់​មតិ​មក​ពិនិត្យ​មើល​ឡើង​វិញ​ចុះ​បើ​មិន​ជឿ​តាម​សម្ដី​របស់​លោក​ស្រី​ទេ​​។

​គេ​មិន​បាន​ដឹង​ច្បាស់​ថា​តើអ្នក​ទាំង​២​​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​នោះ​តាំង​ពី​ពេល​ណាមក​​ទេ​។ ប៉ុន្តែ​ប្រភព១​ប្រាប់​ថា​ប្រហែល​ជា​​សន្ទានា​​គ្នា​កាល​ពី​សប្ដាហ៍​មុន​។ កាល​ពី​ដើម​ខែ​កក្កដា អ្នក​ទាំង​២​ក៏​ធ្លាប់​សន្ទនា​គ្នា​ម្ដង​ដែរ​។​​ សូម​ជម្រាប​ថា​នៅ​ក្នុង​ចំណោម​ប្រភព​ទាំង​៤​ដែល​បញ្ចេញ​ឱ្យ​ទូរ​ទស្សន៍​ស៊ី​អឹន​អឹន (CNN) បាន​ដឹង​នោះ គ្មាន​ប្រភព​ណា​​១​​បញ្ជាក់​ឱ្យ​បាន​​ច្បាស់​ថា​​តើ​លោក​ស្រី​ផេឡូស៊ី​​នៅ​ក្នុង​ការ​សន្ទនា​នោះ​បាន​ជូន​យោបល់​ឱ្យ​លោក​បៃដិន​ដក​ខ្លួន​ថយ​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​ ឬ​យ៉ាង​ណា​ទេ​​។

ប៉ុន្តែ​ច្បាស់​ណាស់​ថា​លោក​ស្រី​​ផេឡូស៊ី​​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សភាព​ការណ៍​វិវត្ត​នៅ​ក្នុង​គណ​បក្ស​ប្រជា​ធិបតេយ្យ​។ ជា​ច្រើន​សប្ដាហ៍​មក​ហើយ លោក​ស្រី​បាន​ចំណាយ​ពេល​ស្ទាប​ស្ទង់​មតិ​យោបល់​ ក៏​ដូច​ជា​ការ​ព្រួយ​បារម្ភ​នៅ​ក្នុង​ចំណោម​មន្ត្រី​ធំ​ៗ​របស់​គណ​បក្ស​នេះ​។ លោក​ស្រី​ផេឡូស៊ី​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ត្រង់​ចំណុច​១​​នៅ​ពេល​លោក​ស្រី​និយាយ​នៅ​ក្នុង​បទ​សម្ភាស​កាល​ពី​សប្ដាហ៍​មុន​ថា​ «ករណី​លោ​កបៃដិន​​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី ​ឬ​យ៉ាង​ណា​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់​ទៅ​ចុះ។ យើង​ទាំង​អស់​គ្នា​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​សម្រេច​ចិត្ត​លើ​រឿង​នេះ​​ដោយ​សារ​ពេល​វេលា​កាន់​តែ​ខ្លី​​​ណាស់​ទៅ​ហើយ​»។  ​នេះ​បើ​យោង​តាម​ប្រភព​ពីគេហ​ទំព័រ​ស៊ី​អឹន​អឹន (CNN)។

​ឈាន​ដល់​ដំណាក់​កាល​នេះ គេ​គិត​ថា​​គណ​បក្ស​ប្រជា​ធិបតេយ្យ​ចង់​ជ្រុល​ក្បាល​ក្រពើ​បន្តិច​ទៅ​ហើយ​​។ ពោល​គឺមិន​ខុស​ពី​សម្ដី​របស់​លោក​ស្រី​ផេឡូស៊ី​បាន​លើក​ឡើង​នោះ​ទេ។​ គណ​បក្ស​ប្រជា​ធិបតេយ្យ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពិបាក​សម្រេច​ចិត្ត​។ ទី១-​តើ​លោ​កបៃដិន​អាច​តស៊ូ​នឹង​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឱ្យ​លោក​ដក​ខ្លួន​ថយ​ដែរ​ឬ​ទេ? ទី​២-​បើ​លោក​បៃដិន​ដក​ខ្លួន​ថយ ហើយ​ដាក់​បេក្ខ​ជន​ផ្សេង​ តើ​បក្ស​នេះ​អាច​មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​ដែរ​ឬ​ទេ​បើ​នៅ​ក្នុង​ជួរ​បក្ស​នេះ​មាន​តែ​លោក​បៃដិន​នេះ​ហើយ​ដែល​មាន​សំឡេង​គាំទ្រ​ខ្ពស់​ជាង​គេ​ ហើយ​សង្ឃឹម​ឈ្នះ​លោក​ត្រាំ​?

ថ្មី​ៗ​នេះ លោក​បៃដិន​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​លោក​អាច​នឹង​ពិចារណា​​ដក​ខ្លួន​ថយ ​បើ​សិន​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​លោ​កមានបញ្ហា​​ធ្ងន់​ធ្ងរ​ផ្នែក​សុខ​ភាព​រហូត​ដល់​ទៅ​មុខ​លែង​រួច​។ ប៉ុន្តែ​និយាយ​ចុះ​និយាយ​ឡើង​ដូច​ជម្រាប​ជូន​ពី​​ខាង​ដើម​ស្រាប់​​។ បើ​លោក​​ដក​ខ្លួន​ថយ ​ក៏​គណ​​បក្ស​មិន​ឈ្នះ​ឆ្នោត​។​ ​បើ​​លោក​នៅ​បន្ត​ ក៏​​គណ​បក្ស​មិន​ប្រាកដ​ជា​ឈ្នះ​​ឆ្នោត​។ ស្ថាន​ភាព​នេះ​ប្រៀប​បាននឹង​មនុស្ស​ដែល​ស្ថិត​នៅ​លើ​អគារ​ដ៏​ខ្ពស់​១​​ដែល​កំពុង​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ បើ​បន្ត​នៅ​លើ​អគារ​ក៏​ស្លាប់​នឹង​ភ្លើង​ឆេះ។ បើ​ប្រថុយ​លោត​ចុះ​ពីលើ​អគារ​ក៏​មិន​ប្រាកដ​ជា​នៅ​រស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ