ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃមាសហក់ឡើងស្រឺតៗ អ្នកជំនាញអន្តរជាតិប្រាប់ហេតុផលធំៗ៣ គួរទិញទុកឥឡូវនេះ

9 ខែ មុន

សហរដ្ឋអាមេរិក ៖ ទីផ្សារមាសបានដំណើរការយ៉ាងគគ្រឹកគគ្រេង ចាប់តាំងពីដើមឆ្នាំ ២០២៤ ដោយ

សហរដ្ឋអាមេរិក ៖ ទីផ្សារមាសបានដំណើរការយ៉ាងគគ្រឹកគគ្រេង ចាប់តាំងពីដើមឆ្នាំ ២០២៤ ដោយតម្លៃមាសបានបំបែកកំណត់ត្រាជាបន្តបន្ទាប់ និងទាក់ទាញចំណាប់អារម្មណ៍បណ្តាអ្នកវិនិយោគយ៉ាងខ្លាំង។

និន្នាការនេះបានចាប់ផ្តើមនៅក្នុងខែមីនា នៅពេលដែលតម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់ថ្មីចំនួន ២,១៦០ដុល្លារក្នុងមួយអោន ពោលកើនឡើង ៨% ពីតម្លៃពីមុនដែលត្រូវបានកត់ត្រាក្នុងខែធ្នូ ឆ្នាំ២០២៣។ ការកើនឡើងបានបន្តទៅខែបន្តបន្ទាប់ ដោយមាសបានឡើងដល់កម្រិតមួយទៀតគឺ ២,២៥៩.២៩ដុល្លារក្នុងមួយអោន នៅថ្ងៃទី១ ខែមេសា។ នៅចុងខែឧសភាទីផ្សារមាសបានឃើញកម្រិតខ្ពស់មួយផ្សេងទៀត ខណៈដែលតម្លៃមាសបានកើនឡើងដល់ ២,៤៣៩.៩៨ដុល្លារក្នុងមួយអោន បន្ទាប់ពីរយៈពេលខ្លីនៃស្ថេរភាពនោះ មាសត្រូវបានធ្វើឱ្យមានចំណងជើងជាថ្មីម្តងទៀត ដោយសារតែគន្លងតម្លៃបន្តកើនឡើង។

នៅក្នុងសប្តាហ៍នេះ តម្លៃមាសបាននឹងកំពុងបន្តកើនឡើងខ្ពស់ជាមួយកំណត់ត្រាថ្មី ដោយកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅ តម្លៃមាសនៅក្នុងមួយអោនបានកើនឡើងដល់ ២,៤៧២.៤៦ដុល្លារ។ ចំណែកនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ តម្លៃមាសក្នុងមួយជី ២៩៧ដុល្លារ, មួយអោនតម្លៃ ២,៤៦៧ដុល្លារ, មួយដំឡឹងតម្លៃ ២,៩៩២ដុល្លារ និងមួយគីឡូតម្លៃ ៧៩,២៧០ដុល្លារ ប៉ុន្តែក៏នៅតែជួយពង្រឹងស្ថានភាពមាសជាទ្រព្យសម្បត្តិដ៏រឹងមាំ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

ការវិនិយោគមាសនៅតែរក្សាបាននូវសក្តានុពលដ៏សំខាន់ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។ ដោយសារតែតម្លៃមាសទើបតែបំបែកកំណត់ត្រាមួយផ្សេងទៀត ទើបបានជាសារព័ត៌មាន CBS News ដ៏ល្បីរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានចេញផ្សាយអត្ថបទបង្ហាញអំពីហេតុផលធំ ៣ ដែលអ្នកគួរទិញមាសទុកឥឡូវនេះ។

ទាញយកប្រយោជន៍ពីសក្តានុពលមាស សម្រាប់ការបន្តឡើងថ្លៃ
តម្លៃមាសបានឡើងដល់កម្រិតខ្ពស់ជាច្រើនដងក្នុងឆ្នាំនេះ អ្នកជំនាញមួយចំនួនជឿជាក់ នៅតែមានឱកាសសម្រាប់កំណើនបន្ថែម។ កត្តាជាច្រើនគាំទ្រទស្សនវិស័យនេះ ហើយមួយក្នុងចំណោមនោះថា ធនាគារកណ្តាលបណ្តាប្រទេសជាច្រើនបាននិងកំពុងបង្កើនទុនបម្រុងមាស។ ដូច្នេះនៅពេលតម្រូវការលោហៈដ៏មានតម្លៃនេះ នៅតែបន្តកើនឡើង ការផ្គត់ផ្គង់មានកម្រិតអាចជំរុញឱ្យតម្លៃកើនឡើងកាន់តែខ្ពស់។

ការប្រើប្រាស់មាសនៅក្នុងឧស្សាហកម្មផ្សេងៗ រួមទាំងគ្រឿងអេឡិចត្រូនិកជាដើម កំពុងពង្រីកយ៉ាងខ្លាំងផងដែរ។ ដូច្នេះតម្លៃខ្ពស់នៅពេលនេះ វានៅតែមានសក្ដានុពលសម្រាប់កំណើននាពេលអនាគត ហើយតាមរយៈការទិញមាសទុកឥឡូវនេះ អ្នកអាចទាញយកប្រយោជន៍ពីការកើនឡើងតម្លៃ ដែលកើតឡើងតាមពេលវេលា។

ទប់ទល់នឹងភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល
ខណៈដែលសម្ពាធអតិផរណាបាននិងកំពុងចុះត្រជាក់នាពេលថ្មីៗនេះ សេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខជាមួយបញ្ហាជាច្រើន រួមទាំងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្ត។ ដូច្នេះហើយមាសក្លាយជាជម្រើសដ៏សំខាន់សម្រាប់អ្នកវិនិយោគ ដោយសារត្រូវបានចាត់ទុកថាជាការការពារដ៏គួរឱ្យទុកចិត្តប្រឆាំងនឹងភាពមិនប្រាកដប្រជាសេដ្ឋកិច្ច។ ម្យ៉ាងទៀត នៅពេលដែលរូបិយប័ណ្ណអាចបាត់បង់តម្លៃដោយសារតែអតិផរណា ឬបញ្ហាសេដ្ឋកិច្ចផ្សេងទៀត មាសអាចដើរតួជាអ្នកការពារប្រឆាំងនឹងប្រភេទនៃហានិភ័យរូបិយប័ណ្ណបែបនោះ។ ជារឿយយើងតែងគត់សម្គាល់ឃើញថា តម្លៃរូបិយប័ណ្ណធ្លាក់ចុះ តម្លៃមាសជាធម្មតាកើនឡើង។

អំឡុងពេលភាពតានតឹងសេដ្ឋកិច្ចធ្ងន់ធ្ងរ ឬចលាចលភូមិសាស្ត្រនយោបាយ មាសតែងតែជួបប្រទះនូវតម្រូវការកើនឡើងដោយវិនិយោគិន ដែលកំពុងស្វែងរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពបំផុត។ ហើយទំនោរនេះអាចនាំឱ្យតម្លៃឡើងថ្លៃ អំឡុងពេលដែលទ្រព្យសកម្មផ្សេងទៀតអាចនឹងធ្លាក់ចុះ ចំពេលដែលសេដ្ឋកិច្ចសកលមិនច្បាស់លាស់។

អត្ថប្រយោជន៍ពីការធ្វើពិពិធកម្ម ឬ ភាពចម្រុះ
ការធ្វើពិពិធកម្ម ឬ ភាពចម្រុះ គឺជាមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រវិនិយោគដ៏ត្រឹមត្រូវ ហើយមាសផ្តល់នូវអត្ថប្រយោជន៍នៃការធ្វើពិពិធកម្មតែមួយគត់ ដែលអាចបង្កើនភាពធន់ និងដំណើរការនៃផលប័ត្រយ៉ាងសំខាន់។ នោះជាមូលហេតុដែលបង្ហាញថា មាសជាធម្មតាមានទំនាក់ទំនងទាប ឬអវិជ្ជមានជាមួយភាគហ៊ុន និងសញ្ញាប័ណ្ណ ឬហៅម្យ៉ាងទៀតថា មូលបត្របំណុល។

នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុធ្លាក់ចុះតម្លៃ មាសតែងតែផ្លាស់ទីនៅក្នុងទិសដៅផ្ទុយ ឬនៅតែមានស្ថិរភាព។ ដូច្នេះដោយរួមបញ្ចូលមាសក្នុងផលប័ត្រចម្រុះ អ្នកអាចកាត់បន្ថយភាពប្រែប្រួលនៃផលប័ត្រទាំងមូល ដោយការពារអ្នកពីការខាតបង់ពេលអនាគត ប្រសិនបើ ឬនៅពេលការប្រែប្រួលទីផ្សារកើនឡើង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនបានផ្តល់អនុសាសន៍ថា ការសម្រេចចិត្តលើការវិនិយោគណាមួយ គឺជារឿងដ៏សំខាន់ណាស់ នៅក្នុងការពិចារណាដោយប្រុងប្រយ័ត្ននូវគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន៕ (ប្រភព ៖ CBS News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ