រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះបានរកឃើញសម្បុកក្រពើភ្នំសរុបចំនួន៥សម្បុក នៅឧទ្យានជាតិ ជួរភ្នំក្រវាញ ដែលជាចំនួនសម្បុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នាថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា សម្បុកទាំង៥នោះមានពងសរុបចំនួន១០៦គ្រា.ប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រា.ប់ ។ សម្បុកទាំងនោះត្រូវបានយាមការយ៉ាងម៉ឺងចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍មូលដ្ឋាន ។

ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន៦០ក្បាល ត្រូវញាស់ចេញពីសម្បុកដោយជោគជ័យក្នុងចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ ប្រភពបានលើកឡើងថា ការរកឃើញនេះបានបង្ហាញថា តំបន់នេះ គឺជាជម្រកដ៏សំខា ន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះ នៅក្នុងធម្មជាតិ ។
គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងធម្មជាតិ ហើយមានចំនួនប្រមាណជាង១០០០ក្បាលប៉ុណ្ណោះ នៅលើពិភពលោក ក្នុងនោះកម្ពុជា ដែលត្រូវចាត់ទុកថា មានវត្តមានសត្វក្រពើភ្នំច្រើនជាងលើ ពិភពលោកប្រមាណជាង៣០០ក្បាល ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលក្នុងនោះយុទ្ធសាស្ត្រទី២- ភាពបៃតង- មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាន និងកំពុងធ្វើការអភិរក្ស និងស្តារទីជម្រករបស់ក្រពើភ្នំ ដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ ។
គួរបញ្ជាក់ផងដែរថា ក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសម្បុកពងកូនចំនួន៥សម្បក និងញា.ស់ជោគជ័យបាន៦០កូន បានឆ្លុះបញ្ចាំងឱ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និងសមស្របសម្រាប់ប្រភេទសត្វនេះរស់នៅ ។
ចំណែកឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នេះជាជោគជ័យមួយថ្មីទៀតយ៉ាងសំខាន់នៃកម្មវិធីគាំពារសត្វកម្រជិតផុតពូជ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញកំណើនសត្វកម្រដូចជា ក្រពើភ្នំ ផ្សោត និងសត្វអណ្តើកហ្លួងជាដើម ។ ចំពោះសត្វក្រពើភ្នំនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាបានខិតខំជ្រើសរើសពូជក្រពើភ្នំសុទ្ធមកបង្កាត់ ហើយដាក់ចូលទៅក្នុងជម្រកធម្មជាតិវិញ ក្នុងដែនអភិរក្សបរិស្ថាន ។

កិច្ចខិតខំប្រឹងប្រែងនេះ បានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ ដោយសត្វក្រពើភ្នំអាចបន្តពូជដោយខ្លួនឯង ហើយបង្កើតជាសម្បុក និងកូនជំនាន់ថ្មីក្នុងធម្មជាតិ ។ ជោគជ័យនេះបានផ្តល់កម្លាំងចិត្ត ព្រមទាំងពង្រឹងការតាំងចិត្តរបស់យើងក្នុងការបន្ត ការពារជីវចម្រុះដ៏សម្បូរបែបរបស់កម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានលើកឡើងថា អស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយ ដែលអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ជាមួយនឹងដៃគូរបស់យើងបានខិតខំប្រឹងប្រែងក្នុងបេសកកម្ម ក្នុងការជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំនៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជា ។ ការងាររបស់យើងនេះមិនត្រឹមតែទាក់ទងនឹងការបង្កាត់ពូជក្រពើភ្នំសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែយើងធ្វើការដើម្បីធានាឱ្យបានថា ពួកវាមានទីជម្រកសមរម្យដែលត្រូវលែងទៅក្នុងធម្មជាតិវិញ ។
ការពង្រឹងការការពារទីតាំងសំខាន់ៗនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ មានសារៈសំខាន់ណាស់ក្នុងការការពារ ជម្រកទាំងនេះពីការគំរា.មកំហែ.ង ដូចជា ការកាប់បំផ្លាញព្រៃឈើ និងការបរបា.ញ់ជាដើម ។ ការរកឃើញសម្បុកថ្មីៗនេះ សបញ្ជាក់ពីសារៈសំខាន់នៃការការពារតំបន់នេះដោយមានចំនួនក្រពើភ្នំតិចជាងពីរបីរយក្បាលនៅក្នុងធម្មជាតិក្រពើថ្មីចំនួន៦០ក្បាល ដែលបានញា.ស់នេះ គឺជាកត្តាជំរុញយ៉ាងខ្លាំងនៃការកើនឡើងនៃចំនួនប្រភេទនេះ ។

ខណ:ពេលដែលជីវចម្រុះនៅតំបន់ដីសើម កំពុងបាត់បង់យ៉ាងឆាប់រហ័សនៅទូទាំងតំបន់ការរកឃើញនេះ គូសបញ្ជាក់អំពីសក្តានុពលសម្រាប់ការស្តារឡើងវិញនូវធម្មជាតិតាមរយៈកិច្ចខិតខំប្រឹងប្រែង អភិរក្សរួមគ្នាប្រកបដោយនិរន្តរភាព ។
លោក ថយ ឈាន អ្នកល្បាតក្រពើភ្នំបានបង្ហាញចំណាប់អារម្មរណ៍ថា យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាដើម្បីការពារប្រភេទសត្វជិតផុតពូជនេះជាច្រើនឆ្នាំមកហើយ ហើយយើងពិតជារំភើបណាស់ដែលបានរកឃើញសម្បុកក្រពើទាំងនេះ ។ ការរកឃើញនេះបង្ហាញថា កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់យើងទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់ថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់របស់យើងចំនួនក្រពើភ្នំនឹងបន្តកើនឡើងនាពេលអនាគត ៕
ចែករំលែកព័តមាននេះ