ទីក្រុងបាងកក៖ តទៅនេះជាការដកស្រង់ពីអត្ថបទសារព័ត៌មាន «វៀតណាមអ៊ិចប្រែស» ដែលបន្តតាមដានសំណុំរឿងស្លាប់ជនជាតិវៀតណាម៦នាក់ ក្នុងនោះវៀតណាមសុទ្ធ៤នាក់ និងអាមេរិកដើមកំណើតវៀតណាម២នាក់។ គ្រូពេទ្យបានធ្វើកោសល្យវិច័យវះកាត់សាកសពជនរងគ្រោះ និងរកឃើញថាពិតជាមានសារធាតុពុលស្យានីតនៅក្នុងប្រព័ន្ធខ្លួនសាកសពទាំង៦នោះពិតប្រាកដមែន។ អ្នកមេគំនិតដាក់ថ្នាំពុលនោះក៏ពុលស្លាប់ទាំងខ្លួនឯងផងដែរ។ លទ្ធផលកោសល្យវិច័យបង្ហាញថាសារធាតុពុលធ្វើឱ្យបបូរមាត់ជនរងគ្រោះឡើងពណ៌ស្វាយ និងស្រូបយកអុកស៊ីហ្សែនពីក្នុងខ្លួន។ នេះបើយោងតាមគ្រូពេទ្យមកពីសាកលវិទ្យាល័យជូឡាឡុងកនដែលចូលរួមធ្វើកោសល្យវិច័យ។ អ្នកទាំង៦ដេកស្លាប់ស្ដូកស្ដឹងនៅក្នុងបន្ទប់តែមួយ។

ថ្ងៃចុងក្រោយដែលគេឃើញអ្នកទាំង៦នៅមានជីវិតរស់នៅគឺល្ងាចថ្ងៃចន្ទនៅពេលបុគ្គលិកសណ្ឋាគារនាំយកអាហារទៅជូនពួកគេដល់ក្នុងបន្ទប់។ បុគ្គលិកសណ្ឋាគារឃើញនារីម្នាក់ទៅទទួលអាហារ។ រូបវីឌីអូឃ្លីបដែលថតបានដោយកាមេរ៉ាសុវត្ថិភាពបង្ហាញថាអ្នកដទៃទៀតដែលចុះពីបន្ទប់របស់ពួកគេនៅជាន់ទី៧ក៏ដើរចូលទៅក្នុងបន្ទប់នៅជាន់ទី៥នោះជាបន្តបន្ទាប់រហូតដល់គ្រប់គ្នា។ ក្រៅពីអ្នកទាំង៦ វីឌីអូឃ្លីបមិនបានថតជាប់អ្នកណាផ្សេងទៀតដើរចេញចូលក្នុងបន្ទប់មរណៈនោះទេ។

ទ្វារបន្ទប់ត្រូវអ្នកខាងក្នុងខ្ទាស់គន្លឹះជិតឈឹង។ រឿងនេះបានកន្លងផុតទៅជាច្រើនម៉ោងទម្រាំបែកការណ៍នៅពេលបុគ្គលិកសណ្ឋាគារចាំបាត់ៗមិនឃើញអ្នកទាំង៦យកកូនដោទៅប្រគល់ឱ្យសណ្ឋាគារវិញដើម្បីបញ្ចប់ការស្នាក់នៅ (check-out)។ បន្ទាប់ពីចាំបាត់ៗអស់ជាច្រើនម៉ោងនៅតែមិនឃើញ, បុគ្គលិកសណ្ឋាគារក៏ឡើងទៅគោះទ្វារ។ ប៉ុន្តែគ្មាននរណាឆ្លើយឆ្លង ឬបើកទ្វារទាល់តែសោះ។ គឺនៅពេលនោះហើយដែលបុគ្គលិកសណ្ឋាគារដឹងថាមានហេតុការណ៍មិនស្រួលកើតឡើងហើយ។

ឧត្ដមសេនីយ៍ត្រៃរ៉ុង ភីផាន់ (Trairong Piwpan) ប្រធានផ្នែកកោសល្យវិច័យនៃនគរបាលថៃថ្លែងថាក្រុមការងាររបស់លោករកឃើញសារធាតុពុលស្យានីត (cyanide) នៅក្នុងពែង និងនៅក្នុងបំពង់ទឹកក្ដៅ។ ក្រោយមក ក្រុមគ្រូពេទ្យខាងកោសល្យវិច័យនៅសាកលវិទ្យាល័យជូឡាឡុងកនដែលទទួលរ៉ាប់រងវះកាត់សាកសពក៏បញ្ជាក់បន្ថែមផងដែរថាពិតជាមានសារធាតុពុលស្យានីតនៅក្នុងខ្លួនអ្នកស្លាប់ទាំង៦នាក់នោះពិតប្រាកដមែន។ ទី១-គេបានរកឃើញស្យានីតនៅក្នុងសរសៃឈាមរបស់អ្នកស្លាប់ទាំង៦ និងទី២-លទ្ធផលស្កេនកុំព្យូទ័រតាមប្រព័ន្ធស៊ីអេធី (CAT) បង្ហាញថាគ្មានអំពើហិង្សា ឬការប្រទាំងប្រទើសគ្នានៅក្នុងចំណោមអ្នកស្លាប់ទាំងនោះទេ។ ដូច្នេះ ការសន្និដ្ឋានរបស់សមត្ថកិច្ចថាពួកគេត្រូវថ្នាំពុលស្លាប់នោះពិតជាត្រឹមត្រូវ។

សមត្ថកិច្ចថៃយល់ថាការដាក់ថ្នាំពុលសម្លាប់មនុស្ស និងសម្លាប់ខ្លួនឯងនេះគឺគ្មានអ្វីក្រៅពីរឿងផ្ទាល់ខ្លួននោះទេ។ គេស៊ើបដឹងថានៅក្នុងចំណោមអ្នកស្លាប់នោះ ២នាក់ប្ដីប្រពន្ធនឹងគ្នាដែលចូលលុយដប់លានបាត ឬជាង២៧ម៉ឺនដុល្លារអាមេរិកជាមួយមនុស្ស២នាក់ទៀតនៅក្នុងចំណោមអ្នកស្លាប់នោះ។ ចំណុចនេះអាចជាតម្រុយសម្រាប់ការស៊ើបអង្កេត។ នេះបើយោងតាមសមត្ថកិច្ចដែលសាកសួរសាច់ញាតិរបស់អ្នកស្លាប់។ នៅក្នុងការរកស៊ីនេះ ពួកគេមានគម្រោងសាងសង់មន្ទីរពេទ្យឯកជននៅប្រទេសជប៉ុន។ អ្នកទាំង៦ជួបគ្នានៅក្នុងបន្ទប់ដើម្បីដោះស្រាយបញ្ហាជំពាក់វាក់វិននឹងរឿងលុយកាក់។ សមត្ថកិច្ចថ្លែងថាមេគំនិតដាក់ថ្នាំពុលមានតែម្នាក់ទេ។ រូបគេដាក់ថ្នាំលើកនេះជាលក្ខណៈជម្រះបញ្ជីដើម្បីបិទបញ្ចប់អ្វីៗគ្រប់យ៉ាង។

ស្នងការនគរបាលក្រុងបាងកក ឧត្ដមសេនីយ៍ធីធី សាងសាវ៉ាង (Thiti Sangsawang) ថ្លែងថាគេរកឃើញសពបួននាក់នៅក្នុងសាលធំ និង២នាក់នៅក្នុងបន្ទប់គេង។ ក្នុងចំណោមអ្នកស្លាប់៤នាក់នៅសាលធំ, ២នាក់ខំប្រឹងស្ទុះទៅរកច្រកទ្វារចេញ។ ប៉ុន្តែដោយសារថ្នាំពុលជ្រាបពេញខ្លួន ដូច្នេះពួកគេគ្មានឱកាសបានឈោងដៃទៅចាប់កាន់គន្លឹះទ្វារ ឬបើកទ្វារបានឡើយ។

សមត្ថកិច្ចថ្លែងថាអ្នកទី៧ក៏ធ្លាប់ស្នាក់នៅសណ្ឋាគារនេះដែរ។ ប៉ុន្តែគាត់បានចេញផុតតាំងពីថ្ងៃទី១០ ខែកក្កដា។ ដូច្នេះ គាត់មិនជាប់ពាក់ព័ន្ធនឹងគម្រោងដាក់ថ្នាំពុលសម្លាប់មនុស្សលើកនេះទេ។ ស្ថានទូតវៀតណាម និងស្ថានទូតអាមេរិកនៅប្រទេសថៃបានជ្រាបដំណឹងនេះរួចហើយ។ ភ្នាក់ងារអែហ្វប៊ីអាយរបស់អាមេរិកកំពុងធ្វើដំណើរទៅប្រទេសថៃដើម្បីពន្លឿន ឬជួយសម្រួលការស៊ើបអង្កេត។ នេះបើយោងតាមនាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋាថាក់វិស៊ីនដែលចុះពិនិត្យមើលកន្លែងកើតហេតុ។

អ្នកទាំង៦នេះច្បាស់ណាស់ថាបានស្លាប់ដោយសារថ្នាំពុលស្យានីត។ ប៉ុន្តែសួរថាតើអាចជាករណីធ្វើអត្តឃាតជាក្រុមដែរឬទេ? សមត្ថកិច្ចយល់ថាមិនអាចទេព្រោះជនរងគ្រោះទាំងនេះមានគម្រោងធ្វើដំណើរកម្សាន្ត និងបានជួលមគ្គុទ្ទេសក៍ទេសចរ និងអ្នកបើកឡានជូនពួកគេដើរលេង។ ពួកគេស្លាប់នៅលើទីតាំងផ្សេងគ្នានៃបន្ទប់។ មានន័យថាពួកគេផឹកកាហ្វេ ឬទឹកតែដែលជនដៃដល់បានដាក់ជាតិពុលស្យានីតនៅក្នុងនោះគឺផឹកទាំងមិនដឹងខ្លួនទេ។ នៅទីបញ្ចប់ ពួកគេស្លាប់ទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ