នៅលើពិភពលោកមានអ្នកកាសែតមិនតិចទេ ដែលអាចក្លាយខ្លួនជាប្រធានាធិបតី ឬជានាយករដ្ឋមន្ត្រីរបស់ប្រទេសមួយ ដោយឡែកនៅកម្ពុជាមិនមានអ្នកកាសែតអាចក្លាយជានាយករដ្ឋមន្ត្រីក៏ពិតមែន តែកម្ពុជាមានអ្នកកាសែតក្លាយជាប្រធានរដ្ឋសភា អនុប្រធានព្រឹទ្ធសភា រដ្ឋមន្ត្រី ជាច្រើនរូបដែរ ។
នៅក្នុងចំណោមអ្នកសារព័ត៌មាននៅកម្ពុជា គេសង្កេតឃើញមាន អ្នកកាសែតកម្ពុជាដ៏លេចធ្លោម្នាក់ដែលបានក្លាយជាមន្ត្រីជាន់ខ្ពស់កម្ពុជា គឺសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានក្លាយខ្លួនជាប្រធានរដ្ឋសភា ចាប់តាំងពីខែសីហា ឆ្នាំ២០២៣មក ។ នៅមុនប្រឡូកនៅក្នុងអាជីពជាអ្នកនយោបាយ សម្តេចត្រូវបានគេដឹងថា គឺជាអ្នកសារព័ត៌មាននៅកាសែតប្រជាជននៅក្នុងរង្វង់ចុងទសវត្សរ៍នៃឆ្នាំ១៩៨០និងដើមទសវត្សរ៍នៃឆ្នាំ១៩៩០ ។

លោក ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភាដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការរបទេសក៏ត្រូវបានគេដឹងថា គឺជាអតីតអ្នកសារព័ត៌មាននៃកាសែតកងទ័ពមួយរូបផងដែរ កាលពីសម័យនៃទស្សវត្សរ៍ឆ្នាំ១៩៨០ ។ ដោយឡែក លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏ត្រូវបានគេដឹងថា គឺជាអតីតអ្នកសារព័ត៌មាននៅកាសែតប្រជាជនផងដែរ នាអំឡុងទស្សវត្សរ៍នៃឆ្នាំ១៩៨០ ។

លោក ខៀវ កាញារីទ្ធ សមាជិកសភា ក៏ជាឥស្សរជនគួរឲ្យកត់សម្គាល់ដែលបានផ្លាស់ប្តូរអាជីពពីវិស័យសារព័ត៌មានមកកាន់មុខតំណែងរាជរដ្ឋាភិបាលសំខាន់ៗ ។ លោក ខៀវ កាញារីទ្ធ ធ្លាប់ធ្វើជាអ្នកកាសែត និងនិពន្ធនាយកកាសែតកម្ពុជា មុនចូលធ្វើនយោបាយ ។ ក្រោយមកគាត់បានធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលគាត់បានដើរតួយ៉ាងសំខាន់ ក្នុងគោលនយោបាយទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៣ ។ អាជីពរបស់លោកធ្វើជាគំរូពីចលនាពីប្រព័ន្ធផ្សព្វផ្សាយទៅតួនាទីរដ្ឋាភិបាលកម្រិតខ្ពស់នៅកម្ពុជា ។ នៅក្នុងតំណែងបច្ចុប្បន្នជាសមាជិកសភា លោក គឺជាសមាជិកសភាដែលសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយដោយលោកតែងតែផ្សព្វផ្សាយពីនេះពីនោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមរបស់លោក ដោយរួមទាំងការរិះគន់សកម្មភាពមន្ត្រី និងបាតុភាពអសកម្មមួយចំនួន រួមទាំងការកំសាន្តនានា …។ល។
នៅក្នុងយុគសម័យនៃការផ្លាស់ប្តូចាប់តាំងពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ មកអ្នកកាសែតដែលលេចធ្លោរជាច្រើនរូបទៀតក៏បានក្លាយជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដោយនៅក្នុងនោះ គឺមាន លោក នេត្រ ភក្ត្រា ជាអ្នកកាសែតដ៏លេចធ្លោមួយរូបទៀតដែលបានបម្រើការងារក្នុងជួររដ្ឋាភិបាលកម្ពុជា ។
នៅមុនពេលក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅខែសីហា ឆ្នាំ២០២៣មក លោក មានប្រវត្តិផ្នែកសារព័ត៌មានជាមួយបទពិសោធន៍ធ្វើការងារតាំងពីអ្នកយកព័ត៌មាន នៅកាសែតនៅក្នុងស្រុករហូតក្លាយជានិពន្ធនាយក និងដឹកនាំស្ថាប័នព័ត៌មាន ហើយក្លាយជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ។ លោកក៏បានបោះជំហានក្លាយជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលមានទំនួលខុសត្រូវក្នុងការទំនាក់ទំនងគោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់ក្រសួង ទៅកាន់សាធារណៈជន ដោយទាញយកបទពិសោធន៍ដ៏ទូលំទូលាយរបស់គាត់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងចូលរួមជាមួយទស្សនិកជនក្នុងស្រុក និងអន្តរជាតិ ។
លោក ប៉ែន បូណា ក៏ជាអ្នកកាសែតកម្ពុជាដ៏ឆ្នើមមួយរូបទៀត ដែលបានផ្លាស់ប្តូរទៅកាន់តួនាទីសំខាន់ក្នុងរាជរដ្ឋាភិបាលកម្ពុជា ។ លោក ប៉ែន បូណា អ្នកសារព័ត៌មានល្បីឈ្មោះ នៅក្នុងការសរសេអត្ថបទជាភាសាបារាំង និងវិទ្យុបារាំង ហើយក្រោយមកជានិពន្ធនាយកទូរទស្សន៍នៅក្នុងស្រុកមួយបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ។ អាជីពរបស់លោក ប៉ែន បូណា ក្នុងវិស័យសារព័ត៌មានត្រូវបានកត់សម្គាល់ដោយការប្ដេជ្ញាចិត្តរបស់លោកក្នុងការផ្តល់របាយការណ៍ដែលត្រឹមត្រូវ និងយល់ដឹង ។
លោកបានក្លាយជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅចុងអាណត្តិនៃទី៦ ហើយនៅអណត្តិទី៧ ក៏ក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ហើយតែងតែចេញមុខការពារសកម្មភាព និងគោលនយោបាយរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ។
ដោយឡែក លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិបច្ចុប្បន្ន ក៏ជាអតីតអ្នកសារព័ត៌មាន ដោយលោក គឺជាថ្នាក់ដឹកនាំនៅវិទ្យុបារាំងផ្នែកភាសាខ្មែរមួយរូប ។ លោក គឺជាអតីតអ្នកវិភាគភូមិសាស្ត្រ នយោបាយដ៏ល្បីសម្រាប់កម្ពុជា ហើយបញ្ញវ័ន្តកម្ពុជាជាច្រើនរូប ដែលបានស្គាល់ និងទទួលស្គាល់ការងារនៅក្នុងអាជីពសារព័ត៌មានរបស់លោក ។ សាវតារបស់លោកក្នុងវិស័យសារព័ត៌មានអន្តរជាតិ បានផ្តល់ឱ្យលោកនូវទស្សនវិស័យ និងជំនាញពិសេសមួយ ដែលលោកនាំយកមកនូវតួនាទីរបស់គាត់ក្នុងរដ្ឋាភិបាល បង្កើនសមត្ថភាពរបស់រដ្ឋបាលកម្ពុជាក្នុងការទំនាក់ទំនងជាមួយទស្សនិកជនជាតិ និងអន្តរជាតិ ។
ក្រៅពីនេះក៏មានអ្នកកាសែតមួយចំនួនទៀត បានក្លាយខ្លួនជាមន្ត្រីព័ត៌មាន និងជាក្រុមសមាជិក អ្នកនាំពាក្យស្ថាប័នសំខាន់ៗរបស់ជាតិផ្សេងៗទៀត ដោយរួមទាំងក្រសួងមហាផ្ទៃជាដើម ៕
ចែករំលែកព័តមាននេះ