ខេត្តកណ្ដាល ៖ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញារងខេត្តកណ្តាល ចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងលួចផលិតឧបករណ៍នេសាទខុសច្បាប់ (អំភ្លីឆក់ត្រី) មួយកន្លែង ស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន ។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកផលិត និងចែកចាយ នូវឧបករណ៍នេសាទខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្រោយពីជនសង្ស័យបានបង្ហោះលើបណ្តាញសង្គម តិកតុកដាក់លក់ នូវឧបករណ៍ខុសច្បាប់ទាំងនេះជាសាធារណៈ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា គេពិតជាបានលួចផលិតមែន និងបានចែកចាយលក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។
លោក ហេង សុភារិទ្ធ បានឲ្យដឹងផងដែរ ក្រោយធ្វើការឃាត់ខ្លួន និងរឹបអូសនូវវត្ថុតាងជនសង្ស័យ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការផងដែរ ព្រោះនេះ គឺជាបទល្មើសនេសាទ ដោយមិនអាចអនុគ្រោះបានឡើយ ដោយសារតែជនសង្ស័យរូបនេះ បានលួចផលិត នូវឧបករណ៍ខុសច្បាប់នេះ ជាយូរឆ្នាំមកហើយ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញជលផល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោក ហេង សុភារិទ្ធ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឧបករណ៍នេសាទខុសច្បាប់ សូមស្ម័គ្រចិត្តយកមកប្រគល់ជូនអាជ្ញាធរ ឃុំ-សង្កាត់ ដើម្បីផលប្រយោជន៍រួម ក្នុងមូលដ្ឋានបងប្អូនទាំងអស់គ្នា ហើយប្រសិនបើសមត្ថកិច្ចរកឃើញថា ប្រពលរដ្ឋណា ដែលបាននេសាទ ឬលួចផលិតឧបករណ៍នេសាទខុសច្បាប់ នឹងចាត់វិធានការភ្លាមៗ ដោយគ្មានការលើកលែងនោះឡើយ ៕

















ចែករំលែកព័តមាននេះ