ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រាវជ្រាវ​រហូតឃាត់​បាន​ម្នាក់ ​​ក្រុម​ចោរ​គាស់​ផ្ទះ​​លួច​ម៉ូតូ​និស្សិតអស់​៣​គ្រឿង​​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ​១​យប់​អស់​៣​គ្រឿង ​នៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ  ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ស្រាវ​ជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ​ ។ ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ចាន់ សុធា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​…

រាជធានី​ភ្នំពេញ ​៖​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ​១​យប់​អស់​៣​គ្រឿង ​នៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ  ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ស្រាវ​ជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ​ ។

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ចាន់ សុធា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ 1070 អា​ផ្លូវលំ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ​។ ​បើតាម​នគរបាល​អោយ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​រាជធានី​ភ្នំពេញ ​សហការ​គ្នា ស្រាវ​ជ្រាវ​ឃាត់ខ្លួន​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​គាស់​ផ្ទះ​លួច​យក​ម៉ូតូ​៣​គ្រឿង​) ​នៅ​ចំណុច​ផ្ទះ​ជួល​ផ្លូវ​បេតុង​ ភូមិ​អរ​គី​ដេ​ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​១០ ​ខែកក្កដា ​ឆ្នាំ​២០២៤ ​។

​តាម​នគរបាល​អោយ​ដឹង​ទៀត​ថា ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​ចំនួន​០៣​គ្រឿង​នោះ​ រួម​មាន​៖​១​-​ម៉ូតូ​ម៉ាក​ហុងដា​ ប៊ីត​ស៊េរី​ឆ្នាំ​២០២១ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​កំពត​៤៣៧០, ២-​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត​ស៊េរី​ឆ្នាំ​២០២២ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1KD1178​ និង​ទី​៣-​ម៉ូតូ​ហុងដា​ម៉ាក​ប៊េ​ស ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២៣​ ពាក់​ផ្លា​ក​លេខ​កំពង់ចាម​1AB3091​។​

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ BY50 68 ចំនួន​១​គ្រឿង ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

គួរ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ​ខែ​កក្កដា ឆ្នាំ​២០២៤ ជន​រង​គ្រោះជា​និស្សិត​បាន​ចត​ម៉ូតូ​ក្នុងផ្ទះ​ជួល របស់​ខ្លួន​ ។​ លុះ​ព្រឹក​ឡើងក៏​​មានការ​ភ្ញាក់ផ្អើល​បាត់​ម៉ូតូ​ចំនួន​៣​គ្រឿង​ ហើយ​ទ្វាររបង​បើកចំហរ​ទៀត​ ។​បន្ទាប់​ពី​បាត់​ម៉ូតូ ក៏​បាន​ឆែក​កាមេរ៉ា​សុ​វត្ថិភាព​ក៏បាន​ឃើញសកម្មភាព​ជនសង្ស័យ​ផ្លោះ​របង​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ។

​ដោយ​មានការ​សហការ​គ្នា ជាមួយ​នគរបាល​មូលដ្ឋាន កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​​ក៏​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ម្នាក់​ក្នុង​រយៈពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ននៅ​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ