ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងបន្តធ្លាក់ខ្លាំងច្រើនថ្ងៃ លិចផ្ទះ និងផ្លូវមួយចំនួនតាមបណ្តាស្រុក ក្នុងខេត្តព្រះវិហារ

4 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ផ្ទះ និងផ្លូវមួយចំនួនតាមបណ្តាស្រុក ត្រូវទឹកជន់លិច ដោយសារមានភ្លៀងធ្លាក់ខ្លាំង

ខេត្តព្រះវិហារ ៖ ផ្ទះ និងផ្លូវមួយចំនួនតាមបណ្តាស្រុក ត្រូវទឹកជន់លិច ដោយសារមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នាច្រើនថ្ងៃគ្រប់ទិសទីក្នុងខេត្តព្រះវិហារ ដូចជាក្រុងព្រះវិហារ និងស្រុកឆែប ប៉ុន្តែអាជ្ញា​ធរ​អាច​គ្រប់គ្រងស្ថានការណ៍បាននៅឡើយ ។ នេះបើគិតត្រឹមរសៀល​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ។

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា នាប៉ុន្មានថ្ងៃនេះ ខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យលិចផ្លូវ និងផ្ទះសម្បែង​ប្រជា​ពលរដ្ឋមួយចំនួន ដូចជានៅក្នុងក្រុងព្រះវិហារ និងឃុំកំពង់ស្រឡៅ១ ឃុំសង្កែ១ និងឃុំសង្កែ២ នៃស្រុកឆែប។

លោកបន្តថា ទោះជាយ៉ាងនេះក្តី​ អាជ្ញាធរមានវិធានការទប់ស្កាត់ កុំឱ្យមានការប៉ះពាល់ដល់ការរស់​នៅ និងអាយុជីវិតរបស់ពលរដ្ឋ ដោយអាចនឹងបើកទ្វារទឹកទំនប់រក្សា និងជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ធំ ឱ្យត្រៀមការពារផងដែរ។

លោកបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តព្រះវិហារទាំងមូលមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ហើយក៏មិនទាន់មានពលរដ្ឋណាម្នាក់មានបញ្ហាដោយសារជំនន់ទឹកភ្លៀងនេះដែរ។

សរុបគិតជាមធ្យមប្រចាំថ្ងៃ ទទួលបានទឹកភ្លៀងកម្រិត ៨៤,៤៤មីល្លីម៉ែត្រ ។

ដោយឡែក បរិមាណទឹកភ្លៀងដោយបូកយោងតាំងពីដើមរដូវ រហូតមកដល់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៤ នៅទូទាំងខេត្តព្រះវិហារ ទទួលបានទឹកភ្លៀងសរុបគិតជាមធ្យម ៦៦៣,៧៤មីល្លីម៉ែត្រ ។

ក្នុងខណះនោះដែរ មន្ទីរធនធានទឹក​ និងឧតុនិយមខេត្តព្រះវិហារ​ ក៏បានអំពាវនាវឱ្យប្រជាពល​រដ្ឋ​យកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់ ខណ:ថ្ងៃទី១៥​ ដល់ថ្ងៃទី១៨​ ខែកក្កដានេះ​ ស្ថានភាពអាកាសធាតុ​ ក្នុងខេត្តព្រះវិហារ​ នឹងមានខ្យល់បោកបក់ខ្លាំង​ និងមានផ្គររន្ទះពីតិចទៅច្រេីន​លេីសកម្រិត​ធម្មតា។

ហើយក្នុងរយៈពេលមួយថ្ងៃពេញនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ក៏មានភ្លៀងធ្លាក់នៅតាមបណ្ដាក្រុង-ស្រុកទាំង៨នៃខេត្តព្រះវិហារ រួមមាន៖

-ក្រុងព្រះវិហារ ៧៩ មីល្លីម៉ែត្រ​

-ស្រុកត្បែង មានជ័យ ១៣២,៦ មីល្លីម៉ែត្រ (អាចមានជំនន់ទឹកភ្លៀង)

-ស្រុកគូលែន ២៩ មីល្លីម៉ែត្រ​

-ស្រុកជាំក្សាន្ត ១២៧,៥ មីល្លីម៉ែត្រ (អាចមានជំនន់ទឹកភ្លៀង)

-ស្រុកឆែប ១២០មីល្លីម៉ែត្រ (អាចមានជំនន់ទឹកភ្លៀង)

-ស្រុកជ័យសែន ៤០មីល្លីម៉ែត្រ​

-ស្រុករវៀង ៦១,២ មីល្លីម៉ែត្រ​

-ស្រុកសង្គមថ្មី ៨៦,២ មីល្លីម៉ែត្រ​

ជាលទ្ធផលប្រចាំថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ (២៤ម៉ោង) សរុបគិតជាមធ្យម ប្រចាំថ្ងៃទទួលបានទឹកភ្លៀងកំរិត ៨៤,៤៤មីល្លីម៉ែត្រ ។

បរិមាណទឹកភ្លៀងដោយបូកយោងតាំងពីដើមរដូវ រហូតមកដល់ត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៤ នៅទូទាំងខេត្តព្រះវិហារទទួលបានទឹកភ្លៀងសរុបគិតជា មធ្យម ៦៦៣,៧៤មីល្លីម៉ែត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ