រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅអធិការនគរបាលខណ្ឌកំបូល លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ សហការជាមួយលោកវរសេនីយ៍ទោ ស្រី ប៊ុនធី នាយការិយាល័យ ស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារ បានអញ្ជើញលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូ សប្បុរសធម៌ តាមបណ្តាញសង្គម ដើម្បីបំភ្លឺករណី ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា «ករណីកូនៗ ឪពុកត្រូវបានគេគំរាម រៀបចំផែនការកម្ចាត់ឪពុកហើយ» ដែលបុគ្គលនោះ មានសមាសភាពជាមន្ត្រីនគរបាល ក្នុងក្រសួងមហាផ្ទៃ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស បានបន្តថា ក្រោយបានសួរនាំរួចមកទើបបានដឹងថាករណីដែលគាត់បានសរសេរបង្ហោះនេះ មិនមែនមានន័យថា គេគំរាមអាយុជីវិតគាត់នោះទេ គឺគំរាមសម្លា.ប់ ក្នុងវិស័យមនុស្សធម៌ តាមបណ្តាញសង្គមនានា តែប៉ុណ្ណោះ។ ចំពោះសមាសភាព ដែលគាត់បានចោទប្រកាន់នោះ គឺមានឈ្មោះ ទី ចំរើនកុសល្យ ។ ដោយពេលនោះ បើតាមការសំណូមពរ របស់លោក ផន ផល្លា ស្នើសុំឲ្យលោក ទី ចំរើនកុសល្យ សូមបញ្ឈប់រាល់កម្មភាពនានា ដែលផុសប៉ះពាល់កិត្តិយសរបស់គាត់ តាមបណ្តាញសង្គមនានា ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានអប់រំ ធ្វើកិច្ចសន្យាចំពោះ លោក ផន ផល្លា បញ្ឈប់បង្ហោះព័ត៌មានណា ដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំ បង្កប៉ះពាល់ដល់សន្តិសុខសង្គម និងបានសុំគោលការណ៍ពីអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ