ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកប៉ះចំស្រាចចេស ជិះម៉ូតូដួ.លផង ធ្លា.ក់ប្រឡាយ​ផង អ្នកភូមិឃាត់ឱ្យ​សម្រាកសិនអត់ស្ដាប់ ទីបំផុតបុ.កពីក្រោយឡានសន្ល.ប់ស្ដូក

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់បានផឹកប៉ះចំស្រាចចេសរឹងរូស ខណៈដែលគាត់ស្រវឹងជោកជាំទៅហើយ

0:00
0:00

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់បានផឹកប៉ះចំស្រាចចេសរឹងរូស ខណៈដែលគាត់ស្រវឹងជោកជាំទៅហើយបានជិះម៉ូតូ១គ្រឿងរេចង្កូតពេញផ្លូវហើយដួលផង និងធ្លាក់ចូលទៅក្នុងទឹកប្រឡាយផង ប៉ុន្តែបានអ្នកភូមិជួយសង្រ្គោះទើបមិនស្លា.ប់ ។

ពេលនោះអ្នកភូមិបានឃាត់ មិនឲ្យជិះបន្តទៅមុខទៀតទេ គឺឲ្យគាត់សម្រាកឲ្យស្វាងសិន ចាំបន្តដំណើរទៅមុខទៀត ប៉ុន្តែទោះជាឃាត់យ៉ាងណាក៏គាត់អត់ស្ដាប់ដែរ ។ គាត់បានឡើងជិះម៉ូតូក្នុងស្ថានភាពរេពេញផ្លូវ ទីបំផុតក៏ជ្រុលទៅបុកពីក្រោយរថយន្តទ្រុង១គ្រឿងកំពុងឈប់ដាក់អីវ៉ាន់នៅតាមផ្លូវ បណ្ដាលឲ្យដួលរងរបួស ហើយគួបផ្សំនិងការស្រវឹងផងនោះ បានសន្លប់ស្ដូកស្ដឹងតែម្ដង ។

​ហេតុការណ៍ខាងលើ​នេះ​បានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

យោងតាមអត្តសញ្ញាណប័ណ្ណដែលជាប់នៅនិងខ្លួន បុរសខាងលើនោះឈ្មោះឃៀន ងីម អាយុ៤៤ឆ្នាំ មានទីលំនៅភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។ គាត់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា​ឌ្រីម ធុន​សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-0812 រងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។ ដោយឡែករថយន្តទ្រុងដែលឈប់ដាក់អីវ៉ាន់តាមផ្លូវនោះម៉ាកKIA ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AM-5250 បានរងការខូចខាតបាក់សុីម៉ាំងជា២កំណាត់ ។

អ្នកភូមិខាងលើបាននិយាយថា ពួកគាត់មិនបានដឹងថា បុរសនេះផឹកសុីនៅកន្លែងណាមួយនោះទេ ហើយនៅមុនពេលកើតហេតុ គេ​ឃើញបុរសរូបនេះជិះម៉ូតូ១គ្រឿងខាងលើក្នុងស្ថានភាពស្រវឹងជោកជាំរេពេញផ្លូវ ។ ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយក៏បានដួលច្រើនដង ព្រមទាំងធ្លាក់ចូលទៅក្នុងទឹកប្រឡាយទៀតផង ប៉ុន្តែពួកគាត់នាំគ្នាជួយលើក ទើបមិនស្លា.ប់ ។

អ្នកភូមិដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មក ពួកគាត់បានឃាត់​បុរសនេះសម្រាកឲ្យស្វាងសិន ចាំបន្តដំណើរទៅមុខទៀត ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់កើតឡើងបន្តទៀត ព្រោះបើឡើងដល់ផ្លូវជាតិច្បាស់ជាមិនអាចគេចផុតពីគ្រោះថ្នាក់ឡើយ ។ ប៉ុន្តែទោះជាខំឃាត់ឃាំងយ៉ាងណា ក៏​​បុរសរូបនោះ​មិនព្រមស្ដាប់ឡើយ នៅតែចចេសរឹងរូសជិះទៅមុខទៀត ដោយជិះក្នុងស្ថានភាពរេពេញផ្លូវ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកសុីម៉ាំងរថយន្តទ្រុង១គ្រឿងខាងលើកំពុងឈប់ដាក់អីវ៉ាន់នៅផ្ទះមួយកន្លែង បណ្ដាលឲ្យដួលរងរបួស និងសន្លប់តែម្ដង ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះបានចុះទៅពិនិត្យមើលរួចរាយការណ៍ទៅកាន់នគរបាលខណ្ឌកំបូល ឲ្យចុះទៅពិនិត្យជាក់ស្ដែង និងបញ្ជូនបុរសរូបនេះទៅកាន់មន្ទីរពេទ្យ ព្រមទាំងស្រាវជ្រាវរកក្រុមគ្រួសាររបស់គាត់ ។ បន្ទាប់មកនគរបាលបានធ្វើការវាស់វែងនិងនាំយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការនគរបាលខណ្ឌកំបូល រង់ចាំការដោះស្រាយនៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ