ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងសង់ស្ពានថ្មី១ទៀតឆ្លងកាត់ទន្លេមេគង្គ

1 ខែ មុន
  • ភ្នំពេញ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ ត្រូវបានក្រសួងសាធារណៈការនិងដឹក

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ ត្រូវបានក្រសួងសាធារណៈការនិងដឹកជញ្ជូនអះអាងថា នឹងក្លាយជាស្ពានថ្មីដែលកម្ពុជាកសាងឆ្លងកាត់ទន្លេមេគង្គ ។

ប្រភពពីក្រសួងនេះ បានឲ្យដឹងនៅចុងសប្តាហ៍កន្លងទៅថា ស្ពាននេះបានសម្រេចឲ្យធ្វើការសាងសង់ហើយ ហើយបច្ចុប្បន្ននេះគឺកំពុងតែ ស្ថិតក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងសម្ភារៈ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។

ប្រភពដដែលបានអះអាងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ តភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថី ស៊ី ជីនពីង និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ។

វាគឺជាស្ពានឆ្លងបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣.៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១.៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ ដោយប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។

បច្ចុប្បន្ននេះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាអ្នកទទួលសាងសង់ ដោយបានរៀបចំទីតាំងសម្រាប់ការស្នាក់នៅ ការិយាល័យ ឃ្លាំង និងកន្លែងរោងជាងផលិតគ្រឿងសំណង់រួចរាល់។

ទន្ទឹមនឹងនោះCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ដោយសម្រេចបាន៨០%ហើយ និងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។ សម្រាប់ ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើអោយការសាងសង់ បានត្រៀមរួចរាល់សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខដើម្បីដំណើរការចាប់ផ្ដើមសាងសង់។

មកដល់ពេលនេះសំណង់ស្ពានដែលកម្ពុជាបានសាងសង់និងដាក់ឲ្យប្រើប្រាស់ឆ្លងកាត់ទន្លេមេគង្គ មានដូចជា៖
ទី១-ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកលើកដែក ខេត្តកណ្ដាល ឆ្លងទៅកាន់ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទស្ពានខ្សែកាប មានប្រវែង ២.២១៥ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ។

ទី២-ស្ពានមេគង្គ មានទីតាំងស្ថិតនៅខេត្ដស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងស្ទឹងត្រែងឆ្លងទៅកាន់ស្រុកថាឡាបរិវ៉ាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ១.៧៣១ ម៉ែត្រ និងទទឹង ១៣,៤០ ម៉ែត្រ។

ទី៣-ស្ពានគីហ្សូណា ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទស្ពានបេតុង មានប្រវែង ១.៥០០ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។

ទី៤-ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកមុខកំពូលឆ្លងទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១.០៦៦ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ។

ទី៥-ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតក្នុងខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំមាន ប្រវែងសរុប ១.១៣១ម៉ែត្រ -ទទឹងស្ពាន ១៣,៥០ម៉ែត្រនៅក្រោមទឹកប្រាក់ ប្រមាណជិត ៥៧លានដុល្លារ។

ទី៦-ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែដែលនឹងបញ្ចប់នៅឆ្នាំ ២០២៦ ជាមួយនឹងការចំណាយថវិកាប្រមាណជាង ១១៤ លានដុល្លារ។

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គមានប្រវែង ១.៧៦១ ម៉ែត្រត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ