ទីក្រុងវ៉ាស៊ីនតោន៖ ទីភ្នាក់ងារការពារសម្ងាត់របស់អាមេរិកចាប់ផ្ដើមស្រាវជ្រាវទៅលើមូលហេតុដែលខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាតលោកត្រាំ។ ជាពិសេស គេចង់ដឹងថាហេតុអ្វីបានជាបណ្ដោយឱ្យជននេះអាចកាន់កាំភ្លើងវែងឡើងទៅសំកុកនៅលើដំបូលរោងចក្របានស្រួលៗម៉្លេះដោយកំបាំងពីកងការពារយ៉ាងច្រើនស្អេកស្កះ? ថ្វីដ្បិតពេលនេះលោកត្រាំអស់អីហើយ ហើយត្រូវរបួសស្រាល់ៗដាច់រលាត់ស្លឹកត្រចៀកខាងស្ដាំ ប៉ុន្តែបើគេក្រឡេកថយក្រោយវិញខ្មាន់កាំភ្លើងអាចមានឱកាសបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ។ នេះជាចំណុចខ្វះខាតនៅក្នុងវិស័យអង្គរក្ស និងការពារសម្ងាត់របស់ប្រទេសអាមេរិក។

គេដឹងថាខ្មាន់កាំភ្លើងឈ្មោះថូម៉ាស់.មេតធូ.គ្រូក (Thomas Matthew Crook) វ័យ២០ឆ្នាំម្នាក់នោះបានបាញ់រះជាច្រើនគ្រាប់សំដៅទៅលើលោកត្រាំ។ ក្នុងនោះ គ្រាប់កាំភ្លើងខ្លះបាញ់ត្រូវចំស្លឹកត្រចៀកលោកត្រាំ, គ្រាប់ខ្លះហោះទៅត្រូវចំមនុស្សបីនាក់ទៀតបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់។ គេបានវិភាគវីឌីអូឃ្លីបជាងដប់, រូបដែលថតបានដោយអ្នកនៅនឹងវេទិកាផ្ទាល់ និងរូបថតពីផ្កាយរណប ហើយរកឃើញថាខ្មាន់កាំភ្លើងស្ថិតនៅចម្ងាយឃ្លាតគ្នាពីវេទិការបស់លោកត្រាំប្រហែល១១៨ម៉ែត្រ។

តាមរយៈរូបវីឌីអូឃ្លីបដែលបង្ហោះនៅលើបណ្ដាញសង្គម គេឃើញសាកសពបុរសម្នាក់ស្លៀកពាក់ឈុតពណ៌ប្រផេះដេកស្លាប់នៅលើដំបូលរោងចក្រ។ បើសម្រាប់អ្នកដែលពូកែបាញ់ដៃត្រង់ ត្រឹមចម្ងាយក្រោម១៥០ម៉ែត្របាញ់គ្មានឱ្យខុសទេ។ គេអាចក្រឡេកទៅមើលការហ្វឹកហាត់របស់សិក្ខាកាមយោធាអាមេរិកធ្វើជាឧទាហរណ៍ជាក់ស្ដែង។ សិក្ខាកាមទាំងនោះត្រូវឆ្លងកាត់វិញ្ញាសាបាញ់ចម្ងាយ១៥០ម៉ែត្រដោយប្រើកាំភ្លើងអឹម១៦។ លុះត្រាតែបាញ់ត្រូវទើបអនុញ្ញាតឱ្យឈានទៅវគ្គបន្តទៀត។

នៅក្នុងករណីប៉ុនប៉ងធ្វើឃាតលោកត្រាំមិនបានសម្រេចនេះ ឃាតករបានប្រើប្រាស់កាំភ្លើងវែងម៉ាកអេអ័រ១៥ (AR-15) ដែលគេរកឃើញនៅក្បែរសាកសពខ្មាន់កាំភ្លើង។ វាជាប្រភេទកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិស្រដៀងអឹម១៦ដែរ។ គ្រាន់តែថាអេអ័រ១៥ត្រូវបានអាជ្ញាធរអាមេរិកចេញលិខិតអនុញ្ញាតឱ្យជនស៊ីវិលមានសិទ្ធិប្រើប្រាស់សម្រាប់ការពារខ្លួន។ លោកខេវីន រ៉ូជេក (Kevin Rojek) ជាទីភ្នាក់ងារពិសេសរបស់អែហ្វប៊ីអាយថ្លែងថានេះជារឿងគួរឱ្យភ្ញាក់ផ្អើលដែលខ្មាន់កាំភ្លើងមានឱកាសបាញ់ប្រហារយ៉ាងរន្ថើនពីលើដំបូលរោងចក្រជាច្រើនគ្រាប់ទម្រាំកងការពារសម្ងាត់អាចបាញ់សម្លាប់ជននោះបានសម្រេច។

គាត់ចង់មានន័យថាខ្មាន់កាំភ្លើងបាញ់តម្រង់ក្បាលលោកត្រាំ ប៉ុន្តែត្រូវចំស្លឹកត្រចៀក។ ចុះបើត្រូវចំក្បាលគាត់ តើគិតយ៉ាងម៉េច? នេះហើយជាចន្លោះប្រហោងនៅក្នុងវិស័យការពារសន្តិសុខរបស់ឥស្សរជនជាន់ខ្ពស់។ មុនពេលហេតុការណ៍នោះកើតឡើង ក្រុមបាញ់ស៊ីប ឬស្នាយផឺ (sniper) ដែលទទួលភារកិច្ចការពារសន្តិសុខជូនលោកត្រាំបានឡើងទៅប្រចាំការនៅតាមដំបូលអគារខ្ពស់ៗរួចហើយ។ ហេតុអ្វីក៏ពួកគេមិនអាចចាប់រូបភាពខ្មាន់កាំភ្លើង និងចាប់ខ្លួនគាត់មុនពេលធ្វើសកម្មភាព?

កងការពារលោកត្រាំនៅពេលនោះមាន២ក្រុមធំៗ។ ទី១-ក្រុមទប់ស្កាត់ ឬទប់ទល់នឹងការវាយប្រហារទៅលើគោលដៅការពារ និងទី២-ក្រុមប្រឆាំងនឹងការបាញ់ប្រហារពីចម្ងាយដោយប្រើស្នាយផឺ (sniper)។ ក្រុមនេះបំពាក់ដោយកាំភ្លើងបាញ់ស៊ីបឆ្ងាយៗ និងកែវយឹតសម្រាប់ស្កេនមើលទីតាំងឆ្ងាយៗនៅជុំវិញគោលដៅការពារ។ ពួកគេមានភារកិច្ចត្រូវបោសសម្អាតសញ្ញាគ្រោះថ្នាក់ និងរាយការណ៍ទៅកងអង្គរក្សផ្ទាល់ដើម្បីបង្កើតខែលការពារ ឬជម្លៀសគោលដៅការពារទៅកន្លែងសុវត្ថិភាព។
សពខ្មាន់កាំភ្លើងដែលត្រូវកងការពារសម្ងាត់បាញ់សម្លាប់នៅលើដំបូលរោងចក្ររដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក លោកអាឡិចចាន់ដ្រូ ម៉ាយ័រកាស (Alejandro Mayorkas) ថ្លែងថាក្រសួងបានសហការជាមួយទីភ្នាក់ងារការពារសម្ងាត់ និងនគរបាលយុត្តិធម៌ដើម្បីស៊ើបអង្កេតសំណុំរឿងនេះ។ លោកថ្លែងថាការងារស្នូលរបស់ក្រសួងគឺខិតខំការពារសន្តិសុខជូនបេក្ខជនប្រធានាធិបតី និងពិធីជួបជុំរបស់ពួកគេ។ អែហ្វប៊ីអាយជាអ្នកកាន់សំណុំរឿងនេះធំជាងគេ ក្រោមកិច្ចសហការពីទីភ្នាក់ងារការពារសម្ងាត់ និងនគរបាលថ្នាក់មូលដ្ឋាន និងថ្នាក់រដ្ឋ។ លោកមើរីក ហ្កាលេន (Merrick Garland) ជាអគ្គរដ្ឋអាជ្ញាអាមេរិកថ្លែងថាក្រសួងយុត្តិធម៌នឹងខិតខំប្រមូលប្រភពទាំងអស់ដើម្បីចូលរួមនៅក្នុងដំណើរការស៊ើបក្ដីលើកនេះ៕


ចែករំលែកព័តមាននេះ