ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋចាញ់បោ.កក្រុមហ៊ុនពិភពដីមាស លើកគ្នាទៅកាន់ការិយាល័យមេធាវី ដើម្បីពឹងឱ្យ​ជួយការ​ពារក្ដី​ និងដាក់ពាក្យប្ដឹងទៅ​តុលាការ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន២៣០នាក់ ស្រី១៦០នាក់ តំណាងឲ្យចំនួន១,០៩៤គ្រួសារ ដែល

0:00
0:00

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន២៣០នាក់ ស្រី១៦០នាក់ តំណាងឲ្យចំនួន១,០៩៤គ្រួសារ ដែលចាញ់បោកក្រុមហ៊ុនពិភពដីមាសរបស់លោកឧកញ៉ាហុី គឹមហុង បានលើកគ្នាពីសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទៅកាន់ការិយាល័យមេធាវី តាំង សុីនហុង ដែលមានទាំងស្ថិតនៅក្នុងបុរីពិភពថ្មី២ ផ្ទះលេខ១០១ ផ្លូវលេខ០២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង​១០​និង១៥​នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពឹងឲ្យជួយការពារក្ដីនិងដាក់ពាក្យប្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ។

នគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅក្នុងពេលនោះ ប្រជាពលរដ្ឋខាងលើមិនបានធ្វើការតវ៉ា ឬធ្វើអ្វីដែលនាំឲ្យមានការប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានខណ្ឌដង្កោនោះទេ ។ ពួកគាត់គ្រាន់តែបានទៅប្រមូលផ្ដុំនៅការិយាល័យមេធាវីតាំង សុីនហុង នោះរយៈពេលប្រមាណ១​ម៉ោងប៉ុណ្ណោះ ហើយបន្ទាប់ពីធ្វើការងារជាមួយមេធាវីរួច នៅវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃដដែលនោះក៏បានរំសាយទៅផ្ទះវិញរៀងៗខ្លួន ។

សូមជម្រាបជូនថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តក្រុងមួយចំនួនទៀត បានចាញ់បោកលោកឧកញ៉ាហុី គឹមហុង ថៅកែក្រុមហ៊ុនពិភពដីមាស បណ្ដាលឲ្យខាតបង់ប្រាក់រាប់លានដុល្លារ តាមរយៈការអូសទាញរបស់ក្រុមហ៊ុនឲ្យដាក់ប្រាក់វិនិយោគលើវិស័យអចលនទ្រព្យទិញដីលក់ដី ដោយក្រុមហ៊ុននេះបានសន្យាផ្ដល់ប្រាក់ចំណេញត្រលប់មកវិញ។ ប៉ុន្តែក្រោយពីទទួលបានដើមទុនដែលប្រមូលបានពីប្រជាពលរដ្ឋហើយ ក្រុមហ៊ុននេះពុំបានអនុវត្តន៍តាមកិច្ចសន្យាជាមួយប្រជាពលរដទេ ដែលទង្វើនេះត្រូវបានប្រជាពលរដ្ឋនិយាយថាជាអំពើឆបោក ហើយរហូតមកទល់និងពេលនេះពួកគាត់មិនទាន់ទទួលបានការប៉ះប៉ូវរាល់ការខាតបង់វិញនៅឡើយ ។

ឧកញ៉ាហុី គឹមហុង បានជាប់បណ្ដឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ហើយកាលពីវេលារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឧកញ៉ារូបនេះរួមនិងអង្គរក្សមួយចំនួនទៀត ។ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចស្នាក់ការក្រុមហ៊ុន ពិភពដីមាស ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ការចាប់ខ្លួននោះក្រោមបទឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់ ក្រោយលោកនិងអង្គរក្សប៉ះទង្គិចជាមួយសមត្ថកិច្ចនាពេលជួបដោះស្រាយជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នោះ ។

ថ្ងៃនោះដែរប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាធ្វើការនៅមុខក្រុមហ៊ុនពិភពដីមាសខាងលើ ដោយមានទាំងការដុតសំបកកង់រថយន្តដើម្បីទាមទារប្រាក់ ដែលក្រុមហ៊ុនបញ្ចុះបញ្ចូលឲ្យពួកគាត់ដាក់វិនិយោគដីត្រឡប់មកវិញផងដែរ ។ ប៉ុន្តែក្រោយពីការចាប់ខ្លួនបញ្ជូនទៅតុលាការ និងជាប់ពន្ធនាគាររយៈពេលប្រមាណ៣ខែប៉ុណ្ណោះ ឧកញ៉ាហុី គឹមហុង រូបនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញរហូតដល់សព្វថ្ងៃនេះ ទើបធ្វើឲ្យប្រជាពលរដ្ឋមិនស្ងប់ចិត្តឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ