ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកប្លីងខិន ថ្លែងថាដើរដល់ដំណាក់កាលនេះហើយ អ៊ុយក្រែន និងណាតូនឹងនៅតែបន្តនីតិវិធីក្នុងការទទួលយកអ៊ុយក្រែនជាសមាជិករបស់ខ្លួន។ មានន័យថាគម្រោងទទួលយកអ៊ុយក្រែនជាសមាជិកមិនអាចប្រែក្រឡាស់វិញបានឡើយ។ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះសូមបញ្ជាក់ថាបើទុកអង្គការណាតូទទួលយកអ៊ុយក្រែនជាសមាជិកក៏មិនមែននៅក្នុងកាលៈទេសៈសង្គ្រាមបែបនេះដែរ។ ត្រូវរង់ចាំរហូតដល់សង្គ្រាមអ៊ុយក្រែនបិទបញ្ចប់ទាំងស្រុង។

គេរំពឹងថានៅយប់ថ្ងៃពុធ ឬព្រឹកថ្ងៃព្រហស្បតិ៍ សមាជិកអង្គការណាតូទាំង៣២ប្រទេសនឹងចេញសេចក្ដីថ្លែងការណ៍រួមមួយដើម្បីបញ្ជាក់ថាខ្លួននៅតែប្ដេជ្ញាចិត្តគាំទ្រអ៊ុយក្រែនជានិច្ច។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអឺរ៉ុបម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ ហើយដែលបានពិនិត្យឃើញសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍។ ប្រធានាធិបតីអ៊ុយក្រែន បានតស៊ូជាយូរមកហើយដើម្បីឱ្យអង្គការណាតូបើមិនទាន់ឈានដល់ការទទួលយកអ៊ុយក្រែនជាសមាជិករបស់ខ្លួនទេ។ ហោចណាស់ក៏ធ្វើសេចក្ដីប្រកាសឱ្យបានច្បាស់ៗថាខ្លួនត្រៀមទទួលយកប្រទេសអ៊ុយក្រែនជាសមាជិកនាពេលអនាគត។

តាមចិត្តរបស់លោកហ្សេឡិនស្គី លោកចង់ចូលណាតូនៅពេលកំពុងផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ ប៉ុន្តែប្រទេសអាមេរិក និងប្រទេសខ្លះទៀតបានជំទាស់ថាអ៊ុយក្រែនគួរណាស់រង់ចាំពេលវេលាល្អមកដល់សិន។ បើទទួលយកទាំងពេលកំពុងច្បាំងគ្នាបែបនេះមិនសូវល្អទេ។ អង្គការណាតូ និងរុស្ស៊ីអាចនឹងធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមដោយសារអ៊ុយក្រែន។

ចំណុចមួយទៀតដែលកំពុងចោទជាបញ្ហាគឺអំពើពុករលួយធ្ងន់ធ្ងរដែលកំពុងកើតមាននៅក្នុងរដ្ឋាភិបាលអ៊ុយក្រែន។ ដូច្នេះ សមាជិកអង្គការណាតូចង់ឃើញអ៊ុយក្រែនដោះស្រាយបញ្ហានេះឱ្យបានជ្រះស្រឡះជាមុនសិន។ ម៉្យាងទៀត ពួកគេក៏ចង់ឃើញអ៊ុយក្រែនធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំប្រទេសផងដែរ។ បើសិនអង្គការណាតូនៅតែចិញ្ចឹមចិត្តទទួលយកអ៊ុយក្រែនជាសមាជិករបស់ខ្លួនបែបនេះ លោកពូទីនខកចិត្តមិនស្ទើរទេ។

លោកបានជំទាស់តាំងពីដំបូងដៃចំពោះរឿងនេះ។ ម៉្យាងទៀត សង្គ្រាមអ៊ុយក្រែនផ្ទុះឡើងក៏ដោយសាររឿងចូលជាសមាជិកអង្គការណាតូនេះផងដែរ។ លោកពូទីនថ្លែងថាណាតូបានវាតទីជិតដល់របងផ្ទះរបស់រុស្ស៊ីហើយ។ ដូច្នេះនឹងប៉ះពាល់សន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់រុស្ស៊ី។ អគ្គលេខាធិការអង្គការណាតូបញ្ជាក់ថាបើទុកជាអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូក៏មិនមែនចូលនៅក្នុងពេលឆាប់នេះដែរ។ លោកបាននិយាយរំលឹកថាដើម្បីទទួលយកប្រទេស១ជាសមាជិករបស់ខ្លួន ណាតូត្រូវការការមូលមតិគ្នាជាឯកឆន្ទ។ មានន័យថាគ្មានសមាជិកណា១ជំទាស់ទេ។ លោកយល់ថារឿងនេះនៅវែងឆ្ងាយតទៅទៀត៕
ចែករំលែកព័តមាននេះ