រាជធានីភ្នំពេញ ៖ កងទ័ពជើងគោកកម្ពុជា និងកងស្វ័យការពារជប៉ុន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ។
យោងតាមការចេញផ្សាយលើបណ្តាញសង្គមរបស់កងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទ បានលើកឡើងថា ការប្តេជ្ញាប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់នេះ ខណៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៊ីតា (Yasunori Morishita) បានវាយតម្លៃខ្ពស់ចំពោះ ចំណងមិត្តភាពរវាង ប្រទេសទាំងពីរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៣ ហើយក្នុងរយៈពេល៧០ឆ្នាំ នៃចំណងការទូតនេះ មានការរីកចម្រើនជាលំដាប់ ដែលមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រហូតដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ កន្លងទៅ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលជប៉ុន កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ក្នុងការជួយស្វែងរកសន្តិភាព និងរក្សាសន្តិភាព ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩២ ហើយចាប់ពីពេលនោះមក ប្រទេសជប៉ុន គឺជាដៃគូដែលមិនអាចខ្វះបាន ក្នុងដំណើរការកសាង អភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា ។
ប្រភពបញ្ជាក់ថា៖សមភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍ទាំងក្នុងតំបន់ និងពិភពលោក ហើយបានបេ្តជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការយោធាជាអាទិ៍៖ ការផ្លាស់ប្តូរយោធិនគ្រប់កម្រិត, ការបណ្តុះបណ្តាលធនធានមនុស្ស, ការធ្វើលំហាត់រួមគ្នា និង កិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន ៕
ចែករំលែកព័តមាននេះ