រាជធានីភ្នំពេញ ៖ គណៈគ្រប់គ្រងចំណតបេនឡានផ្សារធំថ្មី តែងតែមានការយកចិត្តទុកដាក់ ចុះអប់រំណែនាំទៅដល់អ្នករត់តាក់ស៊ី ដែលទម្លាក់អីវ៉ាន់គ្មានសណ្តាប់ធ្នាប់ នៅចំណុចផ្លូវ២១៧ ក្បែរនឹងចំណតរថយន្តក្រុងផ្សារសូរិយា ដែលបង្កអោយមានការកកស្ទះចរាចរណ៍ ពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ ។
បើតាមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់គាត់បានលើកឡើងថា ក្រុមអ្នករត់តាក់ស៊ី គឺចតរថយន្តគ្មានសណ្ដាប់ធ្នាប់នោះឡើយ ហើយមួយចំនួនដេញចាប់ម៉ូយទម្លាក់អីវ៉ាន់យ៉ាងអាណាធិបតេយ្យពេញផ្លូវ មិនខ្វល់ពីគ្រោះថ្នាក់ ដល់អ្នកធើ្វដំណើរសោះឡើយ ។
ពាក់ព័ន្ធបញ្ហាចំណតខាងលើនេះដែរ ភ្នាក់ងារសារព័ត៌មានកោះសន្តិភាពរបស់យើងក៏បានទំនាក់ទំនងទៅប្រធានគ្រប់គ្រងចំណតរថយន្តតាក់ស៊ីផ្សារធំថ្មី លោកបានអោយដឹងថា ចំពោះបញ្ហានេះគណៈគ្រប់គ្រងបានយកចិត្តទុកដាក់អោយកម្លាំងចុះទៅណែនាំអប់រំជាប្រចាំ និងបានដាក់កម្លាំងប្រចាំការក្នុងការជួយបញ្ចៀសទៅដល់អ្នករត់តាក់ស៊ី ដែលឈប់រថយន្តទម្លាក់អីវ៉ាន់រយៈពេលយូរ គឺខាងកម្លាំងរបស់គណៈគ្រប់គ្រង គឺមិនអនុញ្ញាតនោះទេ សម្រាប់រថយន្តដែលទម្លាក់ទំនិញមកពីតាមបណ្ដាខេត្ត រយៈពេលខ្លីខាងកម្លាំងលោកតែងតែបញ្ចៀសទៅកន្លែងដែលមិនមានការកកស្ទះដល់អ្នកធើ្វដំណើរ ដើម្បីអោយចតទម្លាក់នូវអីវ៉ាន់ ។
ជាចុងក្រោយ ប្រធានគ្រប់គ្រងបែនឡានផ្សារធំថ្មី លោកក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋ មេត្តាយោគយល់ទៅដល់អ្នករត់តាក់ស៊ី រកស៊ីចិញ្ចឹមក្រពះ ព្រោះថា ដោយមានការយោគយល់ដល់បងប្អូនអ្នករត់តាក់ស៊ី ទើបលោកតែងតែមានការចុះណែនាំជាប្រចាំថ្ងៃ តែម្តង ដើម្បីកុំអោយមានភាពអសណ្តាប់ធ្នាប់ប៉ះពាល់ទៅដល់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់រួមនឹងប្រជាពលរដ្ឋប្រកបអាជីវកម្មនៅក្បែរនោះផងដែរ ៕
ចែករំលែកព័តមាននេះ