រាជធានីភ្នំពេញ ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា មកទល់ពេលនេះ មានយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការមានចំនួនសរុប២.៩៦៨គ្រឿង ។ ក្នុងនោះ រួមមានទោចក្រយានយន្តចំនួន៩១៤គ្រឿង, ត្រីចក្រយានយន្តចំនួន៤៤០គ្រឿង និងរថយន្តចំនួន១៦១៤គ្រឿង ។

ក្រសួងសាធារណៈការបានឲ្យដឹងនៅរសៀលថ្ងៃទី៩ កក្កដា ២០២៤ ថា ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់ ។

ក្រសួងបានអះអាងថា ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត ។

រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានាបានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ ។

ក្រសួងបានបញ្ជាក់ថា យោងតាមតួលេខនៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYDឈរលើកំពូលតារាង ដែលមានចំនួន៦៥៨គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

ចែករំលែកព័តមាននេះ