ខេត្តកំពង់ឆ្នាំង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងបានតាមដានយ៉ាងយកចិត្តទុកដាក់នូវបញ្ហាសុខភាពដែលកើតឡើង ហើយថ្មីៗនេះបន្ទាប់ពីបានសង្គ្រោះអ្នកជំងឺដែលមានអាការៈពុលចំនួន៧ករណី បណ្តាលមកពីបរិភោគត្រីក្រពតនៅភូមិដំបូកកកោះ ឃុំក្រាំងដីមាស បានជាសះស្បើយ ។
ភ្លាមៗ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត ជូនសាធារណៈជនអោយបានជ្រាប និងចៀសវាងការពុលត្រីក្រពតរួចហើយ ។
ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិទី៣ សង្កាត់ខ្សាម មានករណីពុល១ករណីទៀតបណ្តាលអោយបាត់បង់ជីវិតដោយសារការបរិភោគត្រីក្រពត។ ដូចនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សូមណែនាំបន្ថែមដល់គ្រប់ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ទីរអង្គភាពនានា ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យ មណ្ឌលសុខភាព និងម្ចាស់អាជីវកម្មផ្សារលក់ដូរតាមភូមិ ឃុំ ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមជួយបន្តផ្សព្វផ្សាយជាបន្ទាន់ដល់ប្រជាជន អាជីវករ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយហាមឃាត់ជាដាច់ខាតការបរិភោគត្រីក្រពត ដល់អ្នកពាក់ព័ន្ធដូចខាងក្រោម៖
១- ចំពោះអ្នកនេសាទត្រី ហាមលក់ ចែកចាយ បរិភោគ ត្រីក្រពត។
២- ចំពោះអាជីវករលក់ត្រី អ្នកលក់ម្ហូបអាហារ នៅតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវឈប់លក់ត្រីក្រពត។
៣- ចំពោះប្រជាពលរដ្ឋ ជាអ្នកបរិភោគ ត្រូវឈប់ទិញ និងឈប់បរិភោគត្រីកំពត ព្រោះមានការពុលអាចបណ្តាលអោយពុលស្លាប់បាន ទោះបីចំអិន ឬដាក់បង្កកយ៉ាងណាក៏ដោយ។ ៤- នៅគ្រប់សាលារៀន សូមជួយផ្សព្វផ្សាយដល់សិស្សានុសិស្ស ដោយហាមបរិភោគអាហារ ត្រីក្រពត។
សូមរំលឹកថា រោគសញ្ញាកើតក្រោយពីការបរិភោគត្រីក្រពត រយៈពេល២០នាទី ទៅ២ម៉ោង មានដូចជា រមាស់ ចាក់ៗនៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាគ ល្អិតល្ហែ រឹងថ្គាម ឬអាចបណ្តាលអោយស្លាប់ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។
ត្រីក្រពតពុល មាន៥ប្រភេទ ក្នុងចំណោម៩ប្រភេទ បើពុំមានការសំគាល់ទេគឺមានការពិបាកក្នុងការបែងចែក ថាប្រភេទណាពុល ប្រភេទណាមិនពុល ដូចច្នេះដើម្បីចៀសវាងការភាន់ច្រឡំ សូមបញ្ឈប់ការបរិភោគត្រីក្រពតចាប់ពី ពេលនេះតទៅ។
សូមគ្រប់អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ធ្វើការណែនាំដល់ទីផ្សារ អាជីវករ លក់ អ្នកលក់ម្ហូប និងប្រជាពលរដ្ឋ ចូលរួមអនុវត្ត និងបញ្ឈប់ការលក់ និងបរិភោគត្រីក្រពតចាប់ពីបពេលនេះតទៅ៕
ចែករំលែកព័តមាននេះ