ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ អ្នកវិភាគថា អេស្ប៉ាញភាគរយខ្ពស់ជាងបារាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅ

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ បានឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ជាមួយនឹងកាលវិភាគប្រកួតដូចខាងក្រោម ៖

-០៩/០៧/២០២៤ អេស្ប៉ាញ ប៉ះ បារាំង វេលាម៉ោង ០២:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤
-១០/០៧/២០២៤ ហូឡង់ ប៉ះ អង់គ្លេស វេលាម៉ោង ០២:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤

ការប្រកួតយប់នេះ អេស្ប៉ាញ ប៉ះ បារាំង នៅកីឡដ្ឋាន Allianz Arena
ក្រុមគោជល់អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Luis de la Fuente មុនឈានដល់វគ្គនេះ ពួកគេធ្វើបានយ៉ាងល្អ កាលពីវគ្គកន្លងទៅ។ អេស្ប៉ាញបញ្ចប់នៅកំពូលតារាងពូល B ដែលជាពូលមរណៈរួមមានអ៊ីតាលី ក្រូអាត និងអាល់បានី ជាមួយកំណត់ត្រាឈ្នះទាំង៣ប្រកួត។ នៅវគ្គ១៦ក្រុមចុងក្រោយ ពួកគេបានទម្លាក់ហ្សកហ្ស៊ីជាមួយលទ្ធផល ៤-១ ហើយបន្តទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង នៅវគ្គ៨ក្រុមចុងក្រោយ ដោយចំណាយពេល ១២០នាទី យកឈ្នះនៅក្នុងលទ្ធផល ២-១ ក្រោយចប់ ៩០នាទី ស្មើគ្នាលទ្ធផល ១-១។ អេស្ប៉ាញ ដែលកំពុងកាន់កាប់កំណត់ត្រា គឺជាក្រុមឈ្នះជើងឯក Euro ច្រើនជាងគេរួមជាមួយនឹងអាល្លឺម៉ង់ ពោលចំនួន ៣សម័យកាលដូចគ្នានោះ គឺជាក្រុមតែមួយគត់ ដែលឈ្នះការប្រកួតទាំង ៥ នៅ Euro 2024។

ក្រុមមាន់គកបារាំង ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Didier Deschamps ហាក់ត្រដាបត្រដួសបន្តិចមុនឈានមកដល់វគ្គនេះ។ បារាំងដែលឈ្នះជើងឯក កាលពីឆ្នាំ ១៩៨៤ និង ២០០០ នោះ បានបញ្ចប់នៅលេខ ២ ពូល D ដែលមានអូទ្រីស ហូឡង់ និងប៉ូឡូញ។ បារាំងឈ្នះតែ១ប្រកួតប៉ុណ្ណោះ និងស្មើ២ប្រកួត ហើយខ្មត់គ្រាប់បាល់ជាទីបំផុត ឆ្លងកាត់៣ប្រកួតក្នុងពូលបូកដកគុណចែកសល់សំណល់គ្រាប់បាល់១គ្រាប់ប៉ុណ្ណោះ។ វគ្គ១៦ក្រុមចុងក្រោយទៀតសោត យកឈ្នះក្រុមខ្លាំងបែលហ្ស៊ិកទាំងលំបាកលទ្ធផល ១-០ ដែលជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារបែលហ្ស៊ិក Jan Vertonghen ថែមទៀត។ អ្នកគាំទ្របារាំងបន្តតឹងទ្រូងជាថ្មីម្តងទៀត ដោយឈ្នះព័រទុយហ្គាល់តាមរយៈការទាត់១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៥-៣ ក្រោយចំណាយពេល ១២០នាទី គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។

ជំនួបនៅយប់នេះ គឺជាការជួបគ្នាលើកទី ៣៧ រវាងអេស្ប៉ាញ និងបារាំង។ ការជួបគ្នា ៣៦ប្រកួតកន្លងមក អេស្ប៉ាញឈ្នះ ១៦ដង បារាំងឈ្នះ ១៣ដង និងស្មើគ្នា ៧ដង។ ក្រុមទាំងពីរធ្លាប់ជួបគ្នានៅជើងឯកទ្វីបអឺរ៉ុប ៤ដងរួចមកហើយ នៅក្នុងឆ្នាំ ១៩៨៤ ១៩៩៦ ២០០០ និង ២០១២ ដោយបារាំងឈ្នះ ២ដង អេស្ប៉ាញឈ្នះ ១ដង និងស្មើគ្នា ១ដង។ ការជួបគ្នា ៥ ប្រកួតចុងក្រោយនៅគ្រប់កម្មវិធី ដោយបារាំងឈ្នះ ២ដង អេស្ប៉ាញឈ្នះ ២ដង និងស្មើគ្នា ១ដង។

អ្នកវិភាគភាគច្រើន រួមទាំងអ្នកវិភាគនៅសារព័ត៌មាន BBC និងគេហទំព័រ Opta Analyst បានបង្ហាញការព្យាករណ៍ថា ក្រុមគោជល់អេស្ប៉ាញមានភាគរយខ្ពស់ជាងក្រុមមាន់គកបារាំង ដើម្បីឈ្នះការប្រកួតនៅយប់នេះ បន្តឡើងវគ្គផ្តាច់ព្រ័ត្រ ហើយការប្រកួតយប់នេះ អាចឈានដល់ការបន្ថែម ១៥នាទី ២ដង។ ទោះយ៉ាងណាក្តីទាំងនេះ គ្រាន់តែជាការព្យាករណ៍របស់អ្នកវិភាគប៉ុណ្ណោះ ហើយលទ្ធផលពិតប្រាកដនឹងត្រូវដឹងតាមរយៈសកម្មភាពប្រកួតនៅលើទីលាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ