ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ៖ ភាព​ជោគជ័យ នៃ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា គឺជា​ភាព​ជោគជ័យ​មួយ​របស់ UN

3 ខែ មុន

ខេត្ត​ព្រះ​វិហារ ៖ ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន…

ខេត្ត​ព្រះ​វិហារ ៖ ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​នាំ លោក Jean-Pierre Lacroix អគ្គលេខាធិការ​រង អង្គការសហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​រក្សា​សន្តិភាព ចុះ​ទស្សនកិច្ច​សកម្មភាព​បោសសម្អាត​មីន​របស់​អង្គការ APOPO ស្ថិត​ក្នុងភូមិ​កោះ​កេរ ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ។

គណៈប្រតិភូ UN អមដំណើរ រួម​មាន លោកស្រី Ilene Cohn នាយក UNMAS, លោក Jo Scheuer ប្រធាន UN ប្រចាំ​កម្ពុជា និង​លោកស្រី Alissar Chaker ប្រធាន​អង្គការ UNDP ប្រចាំ​កម្ពុជា ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Jean-Pierre Lacroix បាន​លើក​ឡើង​ថា លោក​មាន​កិត្តិយស ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្រោម​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ព្រមទាំង​បានឃើញ​យ៉ាង​ច្បាស់​ពី​ការ​រីក​ចម្រើន និង​សមត្ថភាព​ដោះ​មីន​របស់​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រទេស​គំរូ​មួយ ។

លោក​អគ្គលេខាធិការ​រង បាន​វាយតម្លៃ​ខ្ពស់​ពី​សមត្ថភាព និង​ជំនាញ​នៃ​ការ​បោសសម្អាត​មីន​របស់​កម្ពុជា ហើយ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អ្នក​ដោះ​មីន​កម្ពុជា មិន​ត្រឹមតែ​បំពេញការងារ​ក្នុង​ការ​បោសសម្អាត​មីន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​ជន​រង​គ្រោះ​នៅ​តាម​សហគមន៍ ព្រមទាំង​រួមចំណែក​ដល់​សកម្មភាព​មីន​មនុស្សធម៌ និង​រក្សា​សន្តិភាព​នៅ​ក្រៅប្រទេស ទៀត​ផង ។

ក្នុង​ឱកាស​នោះ លោក​អគ្គលេខាធិការ​រង បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ការ​គាំទ្រ និង​រួមចំណែក​ក្នុង​ការ​ធានា​បាន នូវ​សុខ​សុវត្ថិភាព និង​សន្តិភាព​ដល់​បណ្តា​ប្រទេស​នានា តាម​រយៈ​ការ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ តាង​នាម​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ​ដល់​អង្គការសហប្រជាជាតិ​ដែល​រួមចំណែក​ដល់​ដំណើរការ​រក្សា​សន្តិភាព ក៏​ដូច​ជា​គាំទ្រ​ដល់​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា នា​ពេល​កន្លង​មក រហូត​ដល់​បច្ចុប្បន្ន ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ភាព​ជោគជ័យ នៃ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា គឺជា​ភាព​ជោគជ័យ​មួយ​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ក្នុង​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​រួច​ចាក​ផុត​ពី​មរតក​សង្គ្រាម ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គូសបញ្ជាក់​ទៀត​ថា ខេត្តព្រះវិហារ គឺជា​ខេត្ត​មួយ ក្នុង​ចំណោម​ខេត្ត​ដទៃ​ទៀត ដែល​បាន​និង​កំពុង​ទទួលផល​ប្រយោជន៍​ពី​គម្រោង​បោសសម្អាត​មីន​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អង្គការ​សហ​ប្រជា​តិ នៅ​ចម្ការ​មីន​កំពុង​បោសសម្អាត​របស់​អង្គការ APOPO គាំទ្រ​ពី​ប្រទេស​បែ​ល​ហ្សិ​ក គឺជា​ផ្នែក​មួយ​ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​ខេត្តព្រះវិហារ​ប្រសើរ​ឡើង និង​រួច​ផុត​ពី​គំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជា​ពិសេស​ឆ្លើយ​តប​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​បាន​សុខ​សុវត្ថិភាព​ដល់​សហគមន៍ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​កោះ​កេរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ