(ឥណ្ឌា)៖ យោងតាមប្រភពព័ត៌មាន Justin Bieber ត្រូវបានមហាសេដ្ឋីឥណ្ឌាដែលមានបំផុតនៅអាស៊ី លោក Mukesh Ambani ចំណាយប្រាក់១០លានដុល្លារដើម្បីហៅលោកទៅសម្តែងក្នុងពិធីមង្គលការសមលោក Anant Ambani ដែលជាកូនប្រុសពៅ ក្នុងទីក្រុង Mumbai កាលពីថ្ងៃទី៥ ខែកក្កដា។

តារាចម្រៀងប៉ុបវ័យ ៣០ ឆ្នាំរូបនេះបានច្រៀងបទល្បីជាង ១០បទ រួមមាន Baby , Love Yourself និង Peaches ក្នុងការសម្ដែងជាឯកជនសម្រាប់កូនកំលោះ Ambani និងកូនក្រមុំ Radhika Merchant រួមទាំងភ្ញៀវកិត្តិយសដែលចូលរួមពិធីមង្គលការ។

Justin Bieber ដែលមានទ្រព្យសម្បត្តិប្រមាណ ៣០០ លានដុល្លារ បានចែករំលែករូបថត និងវីដេអូជាបន្តបន្ទាប់ពីការសម្តែងនៅលើ Instagram កាលពីថ្ងៃទី ៦ ខែកក្កដា។

ការបង្ហោះជាច្រើននៅលើគណនីរបស់ Bieber ក៏បង្ហាញពីដំណើរកម្សាន្តដ៏ខ្លីរបស់គាត់ទៅកាន់ប្រទេសឥណ្ឌា ដោយបង្ហាញពីតារាដែលធ្វើដំណើរដោយរថយន្ត limousine ទៅកាន់ទីតាំងមង្គលការ និងសម្រាកនៅក្នុងបន្ទប់សណ្ឋាគារប្រណីត។
Anant Ambani គឺជាកូនប្រុសពៅរបស់ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Reliance Industries លោក Mukesh Ambani ដែលជាបុរសមានបំផុតនៅអាស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១២៣.៤ពាន់លានដុល្លារ នេះ បើយោងតាម ទស្សនាវដ្តី Forbes ។ ពិធីមង្គលការរបស់គូស្នេហ៍មួយគូនេះបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី ១២-១៤ ខែកក្កដា ប៉ុន្តែប្រហែល ១-២សប្តាហ៍មុននោះ ព្រឹត្តិការណ៍អបអរសាទរធំៗ និងតូចជាច្រើនត្រូវបានប្រារព្ធឡើង។
គ្រួសារ Ambani ក៏បានរៀបចំពិធីជប់លៀង Pre-wedding ដ៏ធំចំនួនពីរនៅក្នុងខែមីនា និងឧសភា នៅក្នុងខែមីនា Rihanna ត្រូវបានគេនិយាយថា បានទទួល ប្រាក់ចំនួន ៦លានដុល្លារ ដើម្បីសម្តែងសម្រាប់គូស្នេហ៍នៅក្នុងពិធីមួយដែលមានការចូលរួមដោយមហាសេដ្ឋី Bill Gates និង Mark Zuckerberg ។ កាលពីខែឧសភា គ្រួសារ Ambani បានរៀបចំដំណើរកម្សាន្តរយៈពេលបីថ្ងៃពីប្រទេសអ៊ីតាលីទៅកាន់ប្រទេសបារាំងដោយមានការចូលរួមពីតារាដូចជា Katy Perry, Pitbull និង David Guetta ។



ចែករំលែកព័តមាននេះ