ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុនប្រមូលសំរាម នៅក្នុងតំបន់ស្រុកព្រៃនប់ ចំនួន០៩ឃុំ ប្រឈមនឹងការដកអាជ្ញាបណ្ណពីរដ្ឋបាលស្រុកព្រៃនប់បន្ទាប់ពីក្រុមហ៊ុនមួយនេះ ត្រូវបានរដ្ឋបាលស្រុកព្រៃនប់ ចេញលិខិតណែនាំជាលើកទី២ ពាក់ព័ន្ធនឹងការប្រមូលសំរាម មិនបានស្អាតខុសពីកិច្ចព្រមព្រៀងជាមួយរដ្ឋបាលស្រុក ។
លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានដាក់វិធានការ និងជូនដំណឹងទៅដល់ក្រុមហ៊ុនប្រមូលសំរាម នៅក្នុងស្រុកព្រៃនប់ ជាលើកទី២ លោកអភិបាលស្រុក បានឲ្យដឹងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះថា ដោយមើលឃើញពីការប្រមូលសំរាមរបស់ក្រុមហ៊ុន អេកូ ឡូខល សឹលូសិន ឯ.ក អនុវត្តកាតព្វកិច្ច ពុំបានពេញលេញតាមកិច្ចសន្យា ជាលើកទី២ យោងតាមកិច្ចសន្យា ស្ដីពីការវិនិយោគលើអាជីវកម្មផ្តល់សេវាប្រមូល បោសសំអាត និងដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់សំណង់ នៅក្នុងឃុំចំនួន ៩ រួមមាន ៖ ឃុំទួលទទឹង, ឃុំអណ្តូងថ្ម, ឃុំសំរុង, ឃុំវាលរេញ, ឃុំសាមគ្គី, ឃុំទឹកល្អក់, ឃុំទឹកថ្លា, ឃុំជើងគោ, និងឃុំតា នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរដ្ឋបាលស្រុកព្រៃនប់ និងក្រុមហ៊ុន អេកូ ឡូខល សឹលូសិន ឯ.ក ។
លោកអភិបាលស្រុក បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនអនុវត្តកាតព្វកិច្ច ពុំបានពេញលេញតាមកិច្ចសន្យាចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នោះឡើយ ដែលធ្វើឲ្យសំរាមគរ នៅតាមទីផ្សារ តាមដងផ្លូវ និងតាមលំនៅដ្ឋានប្រជាពលរដ្ឋ ។
កន្លងមក រដ្ឋបាលស្រុកព្រៃនប់ បានចេញសេចក្តីជូនដំណឹងឲ្យក្រុមហ៊ុនអេកូ ឡូខល សឹលូសិន ប្រមូលសំរាម អនុវត្តកាតព្វកិច្ច ពុំបានពេញលេញតាមកិច្ចសន្យា អំពីភាពយឺតយ៉ាវ រអាក់រអួល ក្នុងការអនុវត្តកាតព្វកិច្ចការប្រមូល និងដឹកជញ្ជូនសំរាមចេញពីគេហដ្ឋាន ទីតាំងប្រកបអាជីវកម្មផ្សេងៗ ជាពិសេស នៅមុខផ្សារវាលរេញ របស់ក្រុមហ៊ុនប្រមូលសំរាមម្តងរួចហើយ ដោយសង្ឃឹមថា ក្រុមហ៊ុនមានដំណោះស្រាយសមរម្យ ក្នុងការពន្លឿនការប្រមូល និងដឹកជញ្ជូនសំរាម តាមរយៈការពង្រឹងគុណភាពសេវាកម្ម និងបង្កើនចំនួនមធ្យោបាយប្រមូល និងដឹកជញ្ជូន។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋបាលស្រុក សង្កេតឃើញថា ក្រុមហ៊ុននៅពុំទាន់បានកែលម្អសេវាកម្មរបស់ខ្លួនឱ្យប្រសើរជាងមុន និងពេញលេញតាមកិច្ចសន្យាឡើយ ។
ក្នុងនាមរដ្ឋបាលស្រុក សូមរំលឹកដល់ក្រុមហ៊ុនប្រមូលសំរាមខាងលើនេះ ជាលើកទី២ សូមពិនិត្យ និងដោះស្រាយ ការប្រមូលសំរាមឱ្យបានទាន់ពេលវេលា និងធានាថា គ្មានសំរាមនៅកកស្ទះទៀតនោះទេ បើមិនដូច្នោះ រដ្ឋបាលស្រុកព្រៃនប់ និងបញ្ចប់អាជ្ញាបណ្ណជាមួយក្រុមហ៊ុន ក្នុងការប្រមូល និងដឹកជញ្ជូនសំរាម បន្តទៅទៀត ។
សូមបញ្ជាក់ថា បញ្ហាប្រមូលសំរាម នៅតំបន់ស្រុកព្រៃនប់ ចំនួន៩ឃុំខាងលើ កន្លងមក កម្សោយក្នុងការប្រមូលសំរាម បន្សល់ទុកសំរាមនៅតាមបណ្ដោយផ្លូវជាតិ មុខផ្សារ និងនៅតាមផ្លូវបេតុងភូមិឋានរបស់ប្រជាពលរដ្ឋមួយចំនួនទៀត បង្កមានផលប៉ះពាល់ដល់បរិស្ថាន និងមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋផងដែរ ។
ដែលបញ្ហានេះ ត្រូវបានតំណាងក្រុមហ៊ុនប្រមូលសំរាម តែងតែប្រាប់ទៅអាជ្ញាធរ តាមរយៈសារក្នុងគ្រប់តេឡេក្រាមថា មូលហេតុមកពីរថយន្តខូច ក្រុមហ៊ុនកំពុងតែជួសជុល ហើយក្រុមហ៊ុន និងជួលរថយន្ត (បែនដឹកដី) ផ្សេង ដើម្បីមកប្រមូលជំនួសជាបណ្ដោះអាសន្ន ។
យ៉ាងណាការប្រើប្រាស់រថយន្តក្រៅពីរថយន្តស្តង់ដា មិនមានលក្ខណៈល្អប្រសើរនោះឡើយ ធ្វើឲ្យសំរាមនៅមានការកកស្ទះ នៅតាមផ្លូវជាតិ ផ្សារ និងតាមផ្លូវបេតុងជាបន្តបន្ទាប់ ៕








ចែករំលែកព័តមាននេះ