ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ៣,២ពាន់លានដុល្លារចាក់ចូលការវិនិយោគនៅកម្ពុជាក្នុងពេលកន្លះឆ្នាំ

3 ថ្ងៃ មុន

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​ប្រកាស នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា​ថា ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៤ កម្ពុជា​ទាក់ទាញ​ទុន​វិនិយោគ​ដល់​ទៅ​៣,២​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ធ្វើ​បាន​រហូត​ដល់​ទៅ​១៦៨.៥៧២ កន្លែង ។ គិត​ចាប់ពី​ខែមករា រហូត​ដល់​ខែមិថុនា…

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​ប្រកាស នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា​ថា ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៤ កម្ពុជា​ទាក់ទាញ​ទុន​វិនិយោគ​ដល់​ទៅ​៣,២​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ធ្វើ​បាន​រហូត​ដល់​ទៅ​១៦៨.៥៧២ កន្លែង ។

គិត​ចាប់ពី​ខែមករា រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​ថ្មី​, គម្រោង​ពង្រីក​ផលិតកម្ម និង​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន​១៩០​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៣,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៦៨.៥៧២​កន្លែង ។

ប្រភព​ដដែល​បាន​បន្ត​ថា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា នៅ​ឆ្នាំ​២០២៣ ការ​អនុម័ត​គម្រោង​វិនិយោគ មានការ​កើនឡើង​ចំនួន​៧៧​គម្រោង ខណៈ​ទុន​វិនិយោគ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដល់​ទៅ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។
គម្រោង​វិនិយោគ​ដែល​មាន​ភាព​លេចធ្លោ ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២៤ រួម​មាន ៖

១. គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥ ចំនួន​២.៨៧០​បន្ទប់ និង​មជ្ឈមណ្ឌល ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទុន​វិនិយោគ​ប្រមាណ​៥៧៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣.៨៦០​កន្លែង

២. គម្រោង​វិនិយោគ​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក អានុភាព​១៥០ MW តាម​រូបភាព Build- Operate-Transfer (BOT) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជាង​៤៤០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​២២០​កន្លែង

៣. គម្រោង​វិនិយោគ​សាងសង់​កំពង់​ផែ​ពហុ​បំណង និង​មណ្ឌល​ភស្តុ​ភារ​កម្ម​កំពង់ឆ្នាំង ដែល​មាន​ទីតាំង ស្ថិត​នៅ​ភូមិ​កែង​តា​សុខ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជាង​១០៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១១៥​កន្លែង

៤. គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជាង​១០៧​លាន​ដុល្លារ អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៥៤​កន្លែង

៥. គម្រោង​វិនិយោគ​អភិវឌ្ឍ​ស្ថានីយ​អគ្គិសនី ដើរ​ដោយ​ថា​ម​រាល​ព្រះអាទិត្យ អានុភាព​៦០​មេ​ហ្គា​វ៉ា​ត់ ជាមួយ​ប្រព័ន្ធ​ផ្ទុក​ថាមពល​អគ្គិសនី​ខេត្តកំពង់ឆ្នាំង ដែល​មាន​ទីតាំង ស្ថិត​នៅ​ភូមិ​ព្រៃ​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជាង​៦៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣៥​កន្លែង

៦. គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទួល សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្នុង​ទុន​វិនិយោគ​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៤៣​កន្លែង
៧. គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​អំ​ពូ​ល​ភ្លើង អំ​ពូ​ល​លម្អ ដើម​ណូអែល គ្រឿង​បង្គំ ដើម​ណូអែល និង​សម្ភារៈ​បរិក្ខារ​តុបតែង​ដើម​ណូអែល​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​សា​គុំ ឃុំ​ព្រៃធំ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ក្នុង​ទុន​វិនិយោគ​ប្រមាណ​២២​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត ការងារ​បាន​ចំនួន​១.០៣៦​កន្លែង
៨. គម្រោង​វិនិយោគ​សាងសង់​សួន​កម្សាន្ត​បែប​ទំនើប ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​កោះ​ស្តេច ស្រុក​គី​រី សាគរ ខេត្តកោះកុង ក្នុង​ទុន​វិនិយោគ​ប្រមាណ​១៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥.១៥០​កន្លែង ។

ដោយឡែក សម្រាប់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​រួម​មានៈ
១. គម្រោង​ពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​ផលិត​សម្បក​កង់​រថយន្ត ដែល​មាន​ទីតាំង​ស្ថិត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈី​ល្អ ជាន​ឮ​ចាយ នៅ​ខេត្តស្វាយរៀង លើក​ទី​១ ក្នុង​ទុន​វិនិយោគ បន្ថែម​ប្រមាណ​ជាង​២១២​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បន្ថែម​បាន​ចំនួន​៦៥៥​កន្លែង និង​លើក​ទី​២ ក្នុង​ទុន​វិនិយោគ​បន្ថែម​ប្រមាណ​ជាង​១០៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បន្ថែម​បាន​ចំនួន​៥៤២​កន្លែង

២. គម្រោង​វិនិយោគ​កែ​ច្នៃ​អាលុយមីញ៉ូម ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទុន​វិនិយោគ​៦០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​២៣៧​កន្លែង
៣. គម្រោង​វិនិយោគ​ផលិត​បន្ទះ​ហ្វាំ​ង​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន នៅ​ខេត្តស្វាយរៀង ក្នុង​ទុន​វិនិយោគ ៣០​លាន​ដុល្លា​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​២៥៣​កន្លែង
៤. គម្រោង​វិនិយោគ​កែ​ច្នៃ​អាលុយមីញ៉ូម ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស វាំង ស៊ូ ផ្លូវជាតិ​លេខ​៦ នៅ​ខេត្តកំពង់ចាម ក្នុង​ទុន​វិនិយោគ ២៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៦៨៤​កន្លែង

៥. គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្តកំពង់ឆ្នាំង ក្នុង​ទុន​វិនិយោគ​១៦៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៧២៣​កន្លែង
៦. គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្តស្វាយរៀង ក្នុង​ទុន​វិនិយោគ ៧៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៣១​កន្លែង

៧. គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ទីតាំង ស្ថិត​នៅ​ខេត្តកណ្តាល ក្នុង​ទុន​វិនិយោគ ប្រមាណ​ជាង​៣២​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៧២​កន្លែង
៨. គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទុន​វិនិយោគ ១៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤២៤​កន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ