ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១៤​ឆ្នាំ មន្ទីរពេទ្យ​គន្ធ​បុប្ផា ​វះកាត់​កុមារ​មាន​ជំងឺ​បេះដូងបាន​៨,០០០​ករណី ដោយ​គ្រូពេទ្យ​ជំនាញ​ជនជាតិ​ខ្មែរ

3 ថ្ងៃ មុន

ខេត្តសៀមរាប ៖ លោក​វេជ្ជបណ្ឌិត ប៉ុន ឡា​ឌី​ន ប្រធាន​ផ្នែក​វះកាត់​បេះដូង​កុមារ នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ឬ​គន្ធ​បុប្ផា​សៀមរាប បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា ពេទ្យ​គន្ធ​បុប្ផា​បាន​ចាប់​ដំណើរការ​សេវា​វះកាត់​ជំងឺ​បេះដូង​ពី​កំណើត​ចាប់តាំងពី​ឆ្នាំ​២០១១…

ខេត្តសៀមរាប ៖ លោក​វេជ្ជបណ្ឌិត ប៉ុន ឡា​ឌី​ន ប្រធាន​ផ្នែក​វះកាត់​បេះដូង​កុមារ នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ឬ​គន្ធ​បុប្ផា​សៀមរាប បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា ពេទ្យ​គន្ធ​បុប្ផា​បាន​ចាប់​ដំណើរការ​សេវា​វះកាត់​ជំងឺ​បេះដូង​ពី​កំណើត​ចាប់តាំងពី​ឆ្នាំ​២០១១ ដែល​កាលនោះ យើង​វះកាត់​បាន​តែ​១ ទៅ​២​ករណី​ទេ ក្នុង​១​ថ្ងៃ ដោយ​មានការ​ជួយ​បណ្តុះបណ្តាល​ពី​គ្រូពេទ្យ​ជំនាញ​បរទេស​។ ក្រោយ​ពី​ទទួល​បានការ​បណ្តុះបណ្តាល​ចាប់ពី​ឆ្នាំ​២០១៣​មក ក្រុម​គ្រូពេទ្យ​ខ្មែរ បាន​ចាប់ផ្តើម​ធ្វើ​ដោយ​ខ្លួនឯង​ទាំងអស់​ជា​ប្រចាំ ដោយ​ធ្វើការ​វះកាត់​ករណី​ធម្មតា រហូត​ដល់​ករណី​ស្មុគស្មាញ ដោយ​កាលនោះ​មាន​អ្នកជំងឺ​បេះដូង​រាប់​ពាន់​នាក់​រង់ចាំ​ការ​វះកាត់ ។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​ខ្មែរ​យើង​បាន​ពង្រឹងសមត្ថភាព គឺ​អាច​ធ្វើការ​វះកាត់​ពី​កុមារ​ធំ មក​តូច​ៗ ដែល​មាន​កុមារ​ទំ​ម្ង​ន់​២​គីឡូ​កន្លះ​ក៏​មាន បើ​គិត​ជា​អាយុ​វិញ​មាន​អាយុ​១​អាទិត្យ ឬ​៣​ថ្ងៃ​ក៏​មាន ។

នៅ​ក្នុង​រយៈពេល​១៤​ឆ្នាំ នៃ​ដំណើរការ​វះកាត់​ជំងឺ​បេះដូង​កុមារ ចាប់ពី​ឆ្នាំ​២០១១ មក​ដល់​បច្ចុប្បន្ន​នេះ ទាំង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ និង​សៀមរាប សរុប​ទាំងអស់​មាន ៨,០០០​ករណី ក្នុង​នោះ​នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ មាន​ចំនួន ៦,០០០​ករណី គន្ធ​បុប្ផា​ភ្នំពេញ​មាន ២,០០០​ករណី និង​ផ្នែក​បិទ​បេះដូង​ប្រហោង​ចំនួន ២,០០០​ករណី ។

ចំពោះ​ការ​ចំណាយ​សម្រាប់​ការ​វះកាត់​ជំងឺ​បេះដូង​កុមារ​ម្នាក់ អស់​ប្រមាណ​ជា ៣,០០០ ទៅ ៤,០០០​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​មិន​គិត​ពី​ការ​ចំណាយ​លើ​ថ្លៃ​ថ្នាំ​សម្រាប់​ព្យាបាល ក្រោយ​ការ​វះកាត់ ។

ដោយឡែក​បើ​និយាយ​អំពី​អត្រា​មរណភាព​របស់​កុមារ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជ័យ​វ​ន្ម​ទី​៧ សៀមរាប មុន​ឆ្នាំ​២០១១ ដែល​មិន​ទាន់​មាន​សេវា​វះកាត់​ជំងឺ​បេះដូង​ឃើញ​ថា កុមារ​ដែល​ទទួលមរណភាព​ភាគច្រើន​ជា​អ្នកមាន​ជំងឺ​បេះដូង​។ ហើយ​ចំពោះ​ការ​ផ្តល់​សេវា​វះកាត់​ជំងឺ​បេះដូង គឺ​ផ្តល់​ជូន​ទាំង អ្នកមាន និង​អ្នកក្រ គឺ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ព្យាបាល​ទាំងអស់ ដោយ​ស្មើរ​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ