ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» នឹងបើកទំព័រប្រវត្តិសាស្ត្រទទួលជើងហោះហើរលើកដំបូងបំផុតរបស់ខ្លួន

2 ខែ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​បាំង​តែ​មួយ​ខែ​ទៀត​ប៉ុណ្ណោះ អាកាសយានដ្ឋាន​អន្ដរជាតិ «​តារា​សាគរ​» ខេត្តកោះកុង ដែល​ធ្លាប់​ត្រូវ​បាន​ពន្យារពេល​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​ទទួល​ជើងហោះហើរ អស់​រយៈ​៣​ឆ្នាំ​មក​ហើយ និង​ចំណាយពេល​សាងសង់​ជាង​៨​ឆ្នាំ​នោះ កំពុង​ត្រៀមខ្លួន​ទទួល​ជើងហោះហើរ…

ខេត្តកោះកុង ៖ នៅ​បាំង​តែ​មួយ​ខែ​ទៀត​ប៉ុណ្ណោះ អាកាសយានដ្ឋាន​អន្ដរជាតិ «​តារា​សាគរ​» ខេត្តកោះកុង ដែល​ធ្លាប់​ត្រូវ​បាន​ពន្យារពេល​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​ទទួល​ជើងហោះហើរ អស់​រយៈ​៣​ឆ្នាំ​មក​ហើយ និង​ចំណាយពេល​សាងសង់​ជាង​៨​ឆ្នាំ​នោះ កំពុង​ត្រៀមខ្លួន​ទទួល​ជើងហោះហើរ ក្នុងស្រុក​ជា​លើក​ដំបូង​របស់​ខ្លួន​ដែល​អនុវត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ភ្ញៀវ​ទេសចរ​ជា​ជម្រើស​ថ្មី​តាម​ផ្លូវអាកាស ដើម្បី​ទៅ​កាន់​ខេត្តកោះកុង ក្រៅពី​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ដែល​មាន​ផ្លូវជាតិ​លេខ​៧៨ និង​ផ្លូវជាតិ​លេខ​១០ ដែល​គ្រោង​សាងសង់​រួចរាល់​នៅ​ដើមឆ្នាំ​ក្រោយ ។

តាម​ការ​អះអាង​ពី​លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ី​វិល​ឱ្យ​ដឹង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​នឹង​បើក​ដំណើរ​ក្នុង​កម្រិត​បឋម​សម្រាប់​ប្រតិបត្តិការ​ហោះហើរ ក្នុងស្រុក​លក្ខណៈ​ទ្រង់ទ្រាយ​តូច ហើយ​ក្នុង​ករណី​ក្រុមហ៊ុន​មាន​គោលបំណង​ចង់​ប្រតិបត្តិការ​ហោះហើរ​លក្ខណៈ​អន្តរជាតិ​ត្រូវ​ស្នើ​សុំ​វិញ្ញាបនបត្រ​ពី​អាកាសចរណ៍​ស៊ី​វិល​ជា​ចាំបាច់ ។

លោក ម៉ៅ កែវ​ពេជ្រ​ច័ន្ទ​មុន្នី អគ្គនាយក​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង បាន​បញ្ជាក់​ថា កាល​បរិ​ច្ចេ​ទ​ដែល​ទទួល​បានការ​ឯកភាព​ពី​សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី គឺ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៤ សម្រាប់​ការ​ហោះហើរ​ជា​លើក​ដំបូង ។

អគ្គនាយក​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​បាន​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្តែង​ពី​លទ្ធភាព​ក៏​ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​អាកាសយានដ្ឋាន​តារា​សាគរ សម្រាប់​បម្រើ​ការ​ហោះហើរ​ក្នុងស្រុក​ដែល​ការ​ហោះហើរ​ក្នុងស្រុក​មិន​តម្រូវការ​បច្ចេកទេស​ខ្ពស់​ដូច​ការ​ហោះហើរ​ជា​លក្ខណៈ​អន្តរជាតិ​ឡើយ ខណៈ​នីតិវិធី​ផ្លូវច្បាប់​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ ក្រុមហ៊ុន​ក៏​កំពុង​រៀបចំ​ដែល​នឹង​រួចរាល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។

គួរ​កត់​សម្គាល់ថា គម្រោង​ដាក់​ឲ្យ​ហោះហើរ​ជំហាន​ដំបូង​សម្រាប់​អាកាស​ចរ​ក្នុងស្រុក​ក្នុង​កាល​បរិ​ច្ចេ​ទ ០៨ សីហា ២០២៤ ក្រោយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាកាសយានដ្ឋាន​តារា​សាគរ ដែល​មាន​៣​ផ្នែក​ធំ​ៗ​ក្នុង​នោះ​ផ្លូវ​រត់ និង​ចំណត​យន្តហោះ​បាន​បញ្ចប់​សាងសង់ ១០០%, ប្រព័ន្ធ​នាំ​ផ្លូវ​ចុះ​ចត និង​វិទ្យុទាក់ទង​ជាមួយ​យន្តហោះ​ក៏​រួចរាល់​១០០% ដែល​មិន​ទាន់​ហើយ គឺ​អគារ​ទទួល​អ្នកដំណើរ (Terminal) ទើប​សម្រេច​បាន​ប្រហែល​៩០​ភាគរយ ដែល​កំពុង​ឈាន​ទៅ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ ។

គួរ​កត់​សម្គាល់ថា គម្រោង​សាងសង់ «​អាកាសយានដ្ឋាន​តារា​សាគរ​»​ស្ថិត​ក្នុងស្រុក​បុ​ទម​សាគរ ខេត្តកោះកុង ជា​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Union Development Group ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក (៣០០​លាន​ដុល្លារ​សម្រាប់ Phase 1 and Phase 2) លើ​ផ្ទៃដី​២១៨ ហិច​តា និង​មាន​ដី​បំរុង​ទុក​ជិត​១.០០០​ហិ​កតា ។ គម្រោង​សាងសង់​នេះ​បាន​ចាប់​ដំណើរការ កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៦ ។ អាកាសយានដ្ឋាន​នៃ​ខេត្ត​ជាប់​សមុទ្រ​ភូមិភាគ​និរតី​ថ្មី​មួយ​នេះ មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង​៣២០០​ម៉ែត្រ ទទឹង​៦០​ម៉ែត្រ ដែល​អាកាសយានដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​ការ​ចុះ​ចត​ប្រភេទ​យន្តហោះ​លំដាប់ 4E បាន​ដូច​ជា យន្តហោះ​ប្រភេទ Boeing-777 និង Airbus A-340/A-350​ជាដើម ។

លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ធ្លាប់​បាន​អះអាង​ពី​គុណប្រយោជន៍​ដ៏​ធំធេង​នៃ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តារា​សាគរ​ថា ជា​មោទនភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តកោះកុង ព្រោះ​ក្រោយ​ពី​បើក​ឱ្យ​ដំណើរ​ទទួល​ជើងហោះហើរ វា​នឹង​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន ដល់​វិស័យ​ទេសចរណ៍ វិស័យ​វិនិយោគ ការ​ដឹក​ជញ្ជូន​ទូទៅ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ចំណេញ​ពេលវេលា ៕ អត្ថបទ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ