ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណត​ផែ​កុងតឺន័រ​ថ្មី នឹង​ពង្រីក​សមត្ថភាព​កំពង់​ផែ​ព្រះ​សីហ​នុ

3 ថ្ងៃ មុន
  • ព្រះសីហនុ

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ ថា ចំណត​ផែ​កុងតឺន័រ ប្រវែង​២៥៣​ម៉ែត្រ ដែល​បាន​សាងសង់​កាលពី​ឆ្នាំទៅ អាច​មាន​សមត្ថភាព​

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤ ថា ចំណត​ផែ​កុងតឺន័រ ប្រវែង​២៥៣​ម៉ែត្រ ដែល​បាន​សាងសង់​កាលពី​ឆ្នាំទៅ អាច​មាន​សមត្ថភាព​ទទួល​នាវា​ខ្នាត​មធ្យម​ចូល​ចត និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​-​ផ្ទុក​កុងតឺន័រ បាន​ហើយ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ចំណត​ផែ​កុងតឺន័រ​ថ្មី ប្រវែង​២៥៣​ម៉ែត្រ នេះ​តាម​ពិត​គ្រោង​នឹង​បញ្ចប់​នៅ​ខែកញ្ញា ឯណោះ​ទេ ប៉ុន្តែ​នៅ​ពេល​នេះ បាន​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​-​ផ្ទុក​កុងតឺន័រ ជា​លើក​ដំបូង​បាន​ដោយ​ជោគជ័យ ហើយ​គេ​រំពឹង​ថា វា​នឹង​ជួយ​បង្កើន​សមត្ថភាព​ចំណត​ផែ​កុងតឺន័រ​បន្ថែម​ប្រមាណ ៣៥% ពោល​គឺ​រហូត​ដល់​ទៅ ២៥០.០០០TEUs នៅ​ក្នុង​រយៈពេល​១​ឆ្នាំ​។

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​សំខាន់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ផ្ទៃដី​ប្រតិបត្តិ​ការប្រមាណ​១២៥​ហិ​កតា ។

កំពង់​ផែ ស្ថិត​នៅ​ឈូង​សមុទ្រ​កំពង់សោម ដែល​ជា​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ ដែល​ទទួល​បាន​ភាព​អនុគ្រោះ​ពី​ធម្មជាតិ ដូច​ជា​មាន​ជម្រៅ​ទឹក​ជ្រៅ មាន​កោះ​ជា​របាំង​ខ្យល់ និង​រលក​ធំ​ៗ ហើយ​ស្ថិត​នៅ​ចំ​ទីតាំង​ដែល​ពុំ​តម្រូវ​ឱ្យ​មានការ​បូម​ស្តារ​ឃ្ល​ង​នាវា​ជា​ប្រចាំ​ឡើយ ។

កំពង់​ផែ​នេះ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ដើមឆ្នាំ ១៩៥៦ និង​បាន​ពង្រីក​ជា​លំដាប់​ចាប់តាំងពី​កម្ពុជា ទទួល​បាន​សន្តិភាព​ពេញលេញ​នៅ​ចុងឆ្នាំ​១៩៩៨ ។

បន្ទាប់​ពី​ចំណត​ផែ​កុងតឺន័រ ប្រវែង​២៥៣​ម៉ែត្រ​នេះ​បញ្ចប់ ការ​សាងសង់​កំពង់​ផែ​នឹង​បន្ត​កសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី មាន​ប្រវែង ៣៥០​ម៉ែត្រ ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ​មួយ​បន្ថែម​ទៀត ដោយ​អាច​ពង្រីក​សមត្ថភាព​ទទួល នាវា​កុងតឺន័រ​មាន​ទម្ងន់​ផ្ទុក ៤.០០០TEUs ដែល​មាន​ផ្លូវ​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ហើយនឹង​បង្កើន​សមត្ថភាព​កំពង់​ផែ​បន្ថែម​ប្រមាណ ៤៥០.០០០TEUs នៅ​ក្នុង​១​ឆ្នាំ​។ គម្រោង​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៣៦​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៦​។

ក្រៅពី​នោះ កំពង់​ផែន​ក៏​បន្ត​មាន​ផែនការ​កសាង​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​បន្ថែម ដែល​មាន​ប្រវែង​៤០០​ម៉ែត្រ ជម្រៅ​ទឹក​១៦,៥​ម៉ែត្រ មាន​សមត្ថភាព​អាច​អនុញ្ញាត​ឱ្យ​នាវា​កុងតឺន័រ មាន​ទម្ងន់​ផ្ទុក ស្មើនឹង​១០.០០០TEUs ដែល​មាន​ផ្លូវ​ដឹក​ជញ្ជូន​នៅ​ក្នុង​តំបន់​សមុទ្រ​ឥណ្ឌា និង​ប៉ា​ស៊ី​ហ្វិ​ក ដោយ​គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៨​។ ហើយនឹង​បន្ត​ពង្រីក​បន្ថែម​ទៀត គឺ​ការ​កសាង​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី មាន​ប្រវែង​៤៣០​ម៉ែត្រ ជម្រៅ​ទឹក​១៧,៥​ម៉ែត្រ មាន​សមត្ថភាព​អាច​អនុញ្ញាត​ឱ្យ​នាវា​កុងតឺន័រ មាន​ទម្ងន់​ផ្ទុក ស្មើនឹង​១៥.០០០TEUs ដែល​មាន​ផ្លូវ​ដឹក​ជញ្ជូន​ក្នុង​តំបន់​អឺរ៉ុប និង​អា​មេ​រិ​ក ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៩​។

គម្រោង​ទាំងនេះ នឹង​ប្រើប្រាស់​ថវិកា​សរុប​ប្រមាណ ៩៧៣​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​ប្រទេស​ជប៉ុន ចំនួន​ប្រមាណ ៧៦០​លាន​ដុល្លារ​, ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ពន្ធ​អាករ​ផ្សេង​ៗ​ចំនួន​ប្រមាណ ១៩២​លាន​ដុល្លារ​, និង​ថវិកា​ផ្ទាល់​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ចំនួន​ប្រមាណ ២១​លាន​ដុល្លារ ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ