ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ពិការ​ភាព​ភ្នែក​ទាំង​សងខាង​ដំបូង​គេ ​រៀន​ចប់​អនុ​បណ្ឌិត​នៅ​បរទេស

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ចាំ​បាន​ទេ អ្នកស្រី មិន ចិន្តា ជា​ស្ត្រី​មាន​ពិការ​ភ្នែក​ទាំង​សងខាង​ម្នាក់ ដែល​បាន​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់អនុបណ្ឌិត នៅ​សកល​វិទ្យាល័យ ហ្លី​ន​ឌ័​រ…

រាជធានី​ភ្នំពេញ ៖ នៅ​ចាំ​បាន​ទេ អ្នកស្រី មិន ចិន្តា ជា​ស្ត្រី​មាន​ពិការ​ភ្នែក​ទាំង​សងខាង​ម្នាក់ ដែល​បាន​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់អនុបណ្ឌិត នៅ​សកល​វិទ្យាល័យ ហ្លី​ន​ឌ័​រ (Flinders)​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០២២ ឥឡូវនេះ អ្នកស្រី​បាន​បញ្ចប់​ការ​សិក្សា​អនុ​បណ្ឌិត​ជំនាញ​គោលនយោបាយ និង​ការ​អភិវឌ្ឍ​ពិការ​ភាព ដ៏​ត្រចះត្រចង់ ក្រោយ​ពេល​ដែល​តស៊ូ​រៀនសូត្រ​ប្រមាណ​ជា​ជាង​២​ឆ្នាំ​កន្លង​មក ។

អ្នកស្រី​បាន​ចែករំលែក​នូវ​ដំណឹង​ដ៏​រីករាយ និង​មោទនភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ឱកាស​នេះ​ដល់​រូប​អ្នកស្រី ។ អ្នកស្រី មិន ចិន្តា ក៏​បាន​ប្រកាស​អរគុណ​ដល់​មិត្តភក្តិ និង​ក្រុម​គ្រួសារ ដែល​បាន​ផ្តល់​ការ​គាំទ្រ និង​លើកទឹកចិត្ត​រហូត​ដល់​អ្នកស្រី​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​ឧត្តម ហើយ​ក៏​បង្ហាញ​នូវ​សេចក្តី​សង្ឃឹមថា ចំណេះដឹង​ទាំងនេះ នឹង​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ទូទៅ ។ អ្នកស្រី​បាន​បញ្ជាក់​ថា «​សង្ឃឹមថា សមិទ្ធផល​របស់ខ្ញុំ​នៅ​ពេល​នេះ នឹង​ផ្តល់​ផល​វិជ្ជមាន​នៅ​ក្នុង​សង្គម​របស់ខ្ញុំ ជា​ពិសេស​ការ​បើកទ្វារ​សម្រាប់​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត ដែល​ពិការ​ភ្នែក​ក្នុង​ការ​កែប្រែ​ជីវិត​របស់​ពួក​គេ​តាម​រយៈ​ការ​អប់រំ​»។

នៅ​ក្នុង​បទ​សំភាសន៍​ពី​ប្រទេស​អូស្ត្រាលី កាលពី​អំឡុង​ពេល​ចាក​ចេញពី​កម្ពុជា​បាន​មួយ​រយៈ​នោះ អ្នកស្រី មិន ចិន្តា បាន​ប្រកាស​ថា អ្នកស្រី​មិន​ដែល​ផ្ដេកផ្ដួល​តាម​វាសនា​ឡើយ ទោះបីជា​អ្នកស្រី​ធំ​ដឹងក្តី​ដោយ​ពិការ​ភាព​ភ្នែក​ក៏​ដោយ និង​បាន​ប្រឹងប្រែង​រៀនសូត្រ​ជា​បន្តបន្ទាប់ នៅ​ក្នុង​ក្តី​ស្រមៃ គឺ​ចង់​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​គុណសម្បត្តិ និង​លក្ខណៈសម្បត្តិ​សម្រាប់​សង្គម ។ ស្ត្រី​វ័យ​៣៤​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​នូវ​ឆន្ទៈ ចង់​ប្រើ​ចំណេះ និង​ជំនាញ ក៏​ដូច​ជា​បទ​ពិសោធន៍​នៃ​ជីវិត​នៅ​ខាងក្រៅ​ប្រទេស ដើម្បី​ជួយ​ជ្រោមជ្រែង និង​ដោះស្រាយ​បញ្ហា​ដល់​អ្នកមាន​ពិការ​ភាព និង​បញ្ឈប់​ការ​រើសអើង​ក្នុង​សង្គម​កម្ពុជា​ទូទៅ ។

មក​ដល់​ពេល​នេះ អ្នកស្រី មិន ចិន្តា ជា​ស្ត្រី​ខ្មែរ​មាន​ពិការ​ភាព​ភ្នែក​ដំបូង ដែល​បាន​ទទួល​អាហារូបករណ៍ Australia Awards សម្រាប់​ការ​សិក្សា​រយៈពេល​២​ឆ្នាំ លើ​ជំនាញ​គោលនយោបាយ និង​ការ​អភិវឌ្ឍ​ពិការ​ភាព ហើយ​នៅ​ក្នុង​ការ​សិក្សា អ្នកស្រី​ពិតជា​មានការ​លំបាក ប៉ុន្តែ​មិន​ដែល​បោះបង់​ការ​លំបាក​នេះ​ទេ ហើយ​បាន​តស៊ូ​រហូត​បាន​លទ្ធផល​ដូច​ថ្ងៃនេះ ។

អ្នកស្រី មិន ចិន្តា កើត​ក្នុង​គ្រួសារ​កសិករ​មួយ នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយ​អ្នកស្រី​ជា​កូនច្បង​ក្នុង​ចំណោម​បងប្អូន​៤​នាក់ ហើយ​បាន​តស៊ូ​រៀនសូត្រ​ទាំង​ខ្លួន​ពិការ​រហូត​ដល់​ឆ្នាំ​២០១២ ចិន្តា បាន​ចាក​ចេញពី​ស្រុក​កំណើត បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ នៅ​ក្នុង​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ចិត្ត​វិទ្យា នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ក្នុង​ឆ្នាំ​២០១៦ ហើយ​ក៏​ត្រូវ​បាន​ក្លាយជា​មន្ត្រីរាជការ​នៅ​ក្នុង​ក្រសួង​សង្គមកិច្ច ។

នៅ​ក្នុង​ជីវិត​ជា​មន្ត្រីរាជការ​ផង លោកស្រី​នៅ​តែ​បន្ត​ប្រឹងប្រែង​រៀន និង​ធ្វើ​បច្ចុប្បន្នភាព​ចំណេះ និង​ជំនាញ​ជា​បន្តបន្ទាប់​រហូត​ដល់​ឆ្នាំ​២០២០ ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍ តាម​រយៈ​កម្មវិធី Australia Awards សិក្សា​នៅ​ប្រទេស​អូស្ត្រាលី លើ​ជំនាញ​គោលនយោបាយ និង​ការ​អភិវឌ្ឍ​ពិការ​ភាព​នេះ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​កូ​វី​ដ ការ​សិក្សា​របស់​អ្នកស្រី​ត្រូវ​ពន្យារពេល នៅ​ឆ្នាំ​២០២២​វិញ ហើយ​ក៏​បាន​សិក្សា​រហូត​ដល់​បញ្ចប់​នៅ​ពេល​នេះ ។

មក​ដល់​ពេល​នេះ កម្ពុជា​មាន​ជន​ពិការ​ភាព​ដែល​បម្រើ​ការ​ក្នុង​វិស័យ​សាធារណៈ​នៅ​តាម​ក្រសួង និង​ស្ថាប័នរដ្ឋ​៣៧​កន្លែង នៅ​ក្នុង​ចំនួន​៣.៧៤៨​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ពិការ​ភាព​ចំនួន​៨៦២​នាក់ ខណៈ​វិស័យ​ឯកជន បាន​ទទួល​ជន​មាន​ពិការ​ភាព​ឱ្យ​ចូល​ធ្វើការ​មាន​ចំនួន ៥.៨៣៩​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​៣.៨៣៦​នាក់ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ