ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​បៃដិន​មិន​ដក​ខ្លួន​ពី​បេក្ខ​ភាព​ប្រធានា​ធិប​តី​ទេ​ព្រោះ​គ្មាន​នរណា​ជំនួស​លោក​បាន​ឡើយ

2 ថ្ងៃ មុន

ទីក្រុង​វ៉ាស៊ីនតោន៖ ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចេញ​មក​បញ្ជាក់​គោល​ជំហរ​​​របស់​បក្ស​​​ដើម្បី​ជៀស​វាង​ការ​មន្ទិល​សង្ស័យ​ថា​តើ​ខ្លួន​អាច​នឹង​រក​អ្នក​ផ្សេង​មក​ជំនួស​លោក​បៃដិន​ ឬ​យ៉ាង​ណា​? ក្ដី​បារម្ភ​មាន​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​លោក​បៃដិនធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​នៅ​ក្នុង​វេទិកាត​ទល់​មតិ​គ្នា​នៅ​ទី​ក្រុង​អាត្លង់​តា​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​​​។ ​កាល​នោះ លោក​បៃដិន​មាន​ឱកាស​ច្បិច​យក​ចំណុច​ខ្សោយ​របស់​លោក​ត្រាំ​មក​វាយ​ប្រហារ​ដើម្បី​និយាយ​យក​ប្រៀប​។ ប៉ុន្តែ​ជាក់​ស្ដែង​ លោក​មាន​ជំងឺ​ផ្ដាសាយ​ និយាយ​ស្អក​ៗ​ ខ្សិប​ៗ…

ទីក្រុង​វ៉ាស៊ីនតោន៖ ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចេញ​មក​បញ្ជាក់​គោល​ជំហរ​​​របស់​បក្ស​​​ដើម្បី​ជៀស​វាង​ការ​មន្ទិល​សង្ស័យ​ថា​តើ​ខ្លួន​អាច​នឹង​រក​អ្នក​ផ្សេង​មក​ជំនួស​លោក​បៃដិន​ ឬ​យ៉ាង​ណា​? ក្ដី​បារម្ភ​មាន​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​លោក​បៃដិនធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​នៅ​ក្នុង​វេទិកាត​ទល់​មតិ​គ្នា​នៅ​ទី​ក្រុង​អាត្លង់​តា​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​​​។

​កាល​នោះ លោក​បៃដិន​មាន​ឱកាស​ច្បិច​យក​ចំណុច​ខ្សោយ​របស់​លោក​ត្រាំ​មក​វាយ​ប្រហារ​ដើម្បី​និយាយ​យក​ប្រៀប​។ ប៉ុន្តែ​ជាក់​ស្ដែង​ លោក​មាន​ជំងឺ​ផ្ដាសាយ​ និយាយ​ស្អក​ៗ​ ខ្សិប​ៗ ​ហាក់​ដូច​ជា​ជា​មនុស្ស​ងងុយ​គេង​។ លោក​មាន​អាការៈ​ត្រុន​ៗ និង​រញី​រញ័រ​​ដល់​ថ្នាក់​លោក​ត្រាំ​និយាយ​ដៀម​ដាម​នៅ​ពេល​ក្រោយ​មក​ទៀត​ថា​ប្រទេស​ចិន​​មិន​ខ្លាច​មេ​ដឹក​នាំ​អាមេរិក​ដែល​ញ័រ​​ទទ្រើក​ដូច​លោក​បៃដិន​ទេ​។ ជា​រួម​ គេ​ទទួ​លស្គាល់​ទាំង​អស់​គ្នា​ថា​លោក​បៃដិន​និយាយ​មិន​បាន​ល្អ​ទេ​តាំង​ពី​ដើម​រហូត​ដល់​ចប់​។


​ថ្មី​ៗ​នេះ មន្ត្រី​កំពូល​​ៗ​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​បញ្ជាក់​ច្បាស់​ៗ​ថា​​គ្មាន​ការ​រក​អ្នក​ថ្មី​ជំនួស​លោក​បៃដិន​ឡើយ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ក្រុម​អ្នក​​សរ​សេរ​វិចារណ​កថា​នយោបាយ​របស់​កាសែត​ញូយ៉ក​ថាមស៍ (New York Times) ​បញ្ចេញ​មតិ​របស់​ខ្លួន​ថា​លោក​បៃដិន​គួរ​ណាស់​ដក​ខ្លួន​​​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​។ គណ​បក្ស​ប្រជា​ធិប​តេយ្យ​យល់​ថា​​បញ្ហា​សំខាន់​នៅ​ពេល​នេះ​គឺ​រក​វិធី​ទប់​ស្កាត់​មិន​​ឱ្យ​លោក​ត្រាំ​ឡើង​ទៅ​កាន់​អំណាច​បាន​នៅ​អាណត្តិ​ថ្មី​ មិន​មែន​ត្រូវ​មក​បន្តុះ​​បង្អាប់​​លោក​បៃដិន​ទេ​។​

វិចារណ​កថា​នយោបាយ​របស់​ញូយ៉ក​ថាមស៍​ជំរុញ​ឱ្យ​លោក​បៃដិន​ដក​ខ្លួន​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​

លោក​បៃដិន​​កំពុង​ជួប​ជុំ​ក្រុម​គ្រួសារ​ដើម្បី​សម្រាក​វិស្ស​ម​កាល​នៅ​ជំរំ​ខេម​ដេវីដ (Camp David)។ កាសែត​ញូយ៉ក​ថាមស៍​បាន​ដក​ស្រង់​ប្រភព​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​ក្រុ​មគ្រួសារ​​លោ​កបៃដិន​​មក​ចុះ​ផ្សាយ​ថា​ក្រុម​​​គ្រួសារ​​ជំរុញ​ឱ្យ​លោក​បៃដិន​​កុំ​បោះ​បង់​ចោល​បេក្ខ​ភាព​ប្រធានា​ធិប​តីឱ្យ​សោះ​​ ហើយ​ត្រូវ​តែ​ខំ​ប្រឹង​​ជា​បន្ត​ទៀត​​។ ញូយ៉ក​ថាម​ស៍​​​សរ​សេរ​​​​ថា​គ្រួសារ​របស់​លោក​បៃដិន​មាន​កំហឹង​មិន​តិច​ទេ​ចំពោះ​ការ​រៀប​ចំ​មិន​បាន​ល្អ​ឱ្យ​លោក​បៃដិន​ទៅ​ជជែក​តតាំង​គ្នា​ទាំង​តតាក់​តតុប​។​​

​មាន​ចលនា​អំពាវ​នាវ​ឱ្យ​លោក​បៃដិន​ដក​ខ្លួន​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី​កាន់​តែ​ច្រើន​ឡើង​ៗ​ចាប់​តាំង​ពី​ក្រោយ​ការ​ជជែក​ដេញ​ដោល​នោះ​។ លទ្ធ​ផល​ស្ទង់​មតិ​របស់​ទូរ​ទស្សន៍​ស៊ីប៊ីអែស (CBS) បង្ហាញ​ថា​មន្ត្រី​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​១០%​ថែម​ទៀត​គិ​ត​ថា​លោក​បៃដិន​គួរ​ដក​ខ្លួន​ថយ​។ ​កាល​ពី​មុន​, អ្នក​គិត​ដូច្នេះ​មាន​៣៦%​​។ ឥឡូវ​នេះ​កើន​ឡើងដល់​៤៦%​។ ​​​

លោក​រ៉ាហ្វែល វ៉ាណុក (Raphael Warnock) ជា​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ​ចចចា​​ថ្លែង​ថា​គណ​បក្ស​ប្រជា​ធិបតេយ្យ​គ្មាន​ផែន​ការ​រក​​អ្នក​ជំនួស​លោក​បៃដិន​ទេ​ ហើយ​លោក​​ឈរ​នៅ​ខាង​លោក​បៃដិន​ជា​និច្ច​។ «បេសក​កម្ម​របស់​យើង​​គឺ​ជំរុញ​ឱ្យ​​លោក​បៃដិន​បន្តដំណើរ​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ខែ​វិច្ឆិកា ឆ្នាំ​២០២៤»​​។

​លោក​ហាគីម ចែហ្វ​ហ្វ្រ៊ី (Hakeem Jeffries) ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​​ទទួល​ស្គាល់​ថា​លោក​បៃដិន​ហាក់​ដូច​ជា​ចាញ់​ប្រៀប​គេនៅ​ក្នុង​ការ​ត​ទល់​មតិ​​។ ប៉ុន្តែ​​ការ​​​ចាញ់​នៅ​ពេល​នេះ​ដើម្បី​ឈ្នះ​នៅ​ពេល​ក្រោយ​ទៀត​ប្រៀប​ដូច​ជា​យុទ្ធ​សាស្ត្រ​ថយ​ក្រោយ​មួយ​ជំហាន​ដើម្បី​ទៅ​មុខ​ដប់​ជំហាន​។ ​លោក​គ្រីស ឃូន (Chris Coons) ជា​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ​ដឺឡាវែ (Delaware) ​​ថ្លែង​ថា​លោក​បៃដិន​ចាំ​បាច់​ណាស់​ត្រូវ​តែ​​ឈរឈ្មោះ​​ជា​បេក្ខ​ភាព​ប្រធានា​ធិបតី​​ដើម្បី​យក​ឈ្នះ​​លោក​ត្រាំ​។ សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​ជឿ​ជាក់​ថា​មាន​តែ​លោក​បៃដិន​ម្នាក់​គត់​ដែល​មាន​​ក្រឡា​អាច​យក​ឈ្នះ​លោក​ត្រាំ​បាន​។​​

មែន​ទែន​ទៅ​, បើ​ទុក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​គាំទ្រ​លោក ឬ​មិន​គាំទ្រ​លោក​មិន​សំខាន់​​ទេ​។ សំខាន់​គឺ​លោក​បៃដិន​ខ្លួន​ឯង​​ជា​អ្នក​សម្រេច​ចិត្ត​។ បើ​លោក​សម្រេច​ចិត្ត​​ថា​នៅ, គ្មាន​នរណាបង្ខំ​​លោក​បាន​ឡើយ​។ កាសែត​ញូយ៉ក​ថាមស៍​ចុះ​ផ្សាយ​ថា​អ្នក​ដែល​ជំរុញ​ឱ្យ​លោក​បៃដិន​តស៊ូ​នៅ​ក្នុង​​រឿង​នេះ​គឺ​លោក​ហាន់​ថឺ បៃដិន (Hunter Biden) ជា​កូន​ប្រុស​របស់​លោក​បៃដិន​​ដែល​ត្រូវ​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​១១ខែ​មិថុនា​ពី​បទ​ភូត​កុហក​នៅ​ក្នុង​សំណុំ​រឿង​ទិញ​កាំ​ភ្លើង​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ញៀន​។​

​តាម​មើល​ទៅ​, គណ​បក្ស​ប្រជា​ធិបតេយ្យ​បាន​ប្រកាន់​ជំហរ​រឹង​ណាស់​នៅ​ក្នុង​ករណី​រក្សា​ទុក​លោក​បៃដិន​។ ​សូម្បី​តែ​លោក​ត្រាំ​ក៏​មិន​ជឿ​ថា​លោក​បៃដឹន​សុខ​ចិត្ត​ដក​ខ្លួន​ថយ​ដែរ​។ ក្រោយ​ការ​ត​ទល់​មតិ​នោះ ​គេ​​គិត​ថា​លោក​បៃដឹន​​​នឹង​ដក​ខ្លួន​ថយ​​នៅ​ពេល​ដែល​មិន​ទាន់​ហួស​ពេល​។ ​ប៉ុន្តែ​លោក​ត្រាំ​​គិត​ផ្សេង​​​ពី​​នេះ។ ​យោង​តាម​លោក​ត្រាំ, ​នៅ​ក្នុង​​​គណ​បក្ស​ប្រជា​ធិបតេយ្យ​មាន​តែ​លោក​បៃដិន​​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​ប្រៀប​ជាង​អ្នក​ដទៃ​ទៀត​។ ​​

បើ​ដក​លោក​បៃដិន​ដាក់​អ្នក​ផ្សេង​ គណ​បក្ស​ប្រជា​ធិបតេយ្យ​​គ្មាន​សង្ឃឹមថា​​ឈ្នះ​ឆ្នោត​ទេ​​ព្រោះ​​អ្នក​ដទៃ​ទៀត​រឹត​តែ​អន់​ជាង​លោក​បៃដឹន​ទៅ​ទៀត​។ លទ្ធ​ផល​​ស្ទង់​មតិ​បង្ហាញ​ថា​អ្នក​ដទៃ​​ទទួល​បាន​សំឡេង​គាំទ្រ​តិច​ជាង​លោក​​បៃដឹន​ឆ្ងាយ​​ណាស់​​។ បើ​ស្ដាប់​មើល​ទៅ​, លោក​បៃដិន​ក៏​មិន​មែន​ជា​មនុស្ស​ចង់​ក្រាញ​អំណាច​ ឬ​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​​ប៉ុន្មាន​​​។ ប៉ុន្តែ​គាត់​ធ្វើ​​នេះ​​ដើម្បី​ផល​ប្រយោជន៍​របស់​បក្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ