ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បក្ស​ស្ដាំ​និយម​នៅ​បារាំងឈ្នះ​ឆ្នោត​វគ្គ​ទី​១​ និង​ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ

2 ថ្ងៃ មុន

ទី​ក្រុង​ប៉ារីស៖ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​សភា​នៅ​ប្រទេស​បារាំង​កាល​ពី​យប់មិញ​​ គណ​បក្ស​​​សមាជ​ជាតិ​​របស់​លោក​ស្រី​ម៉ារីន​ ឡឺពែន (Marine Le Pen) ​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី១​​​ដើម្បី​បន្ត​ទៅ​​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នៅ​ថ្ងៃ​​ទី​៧ ខែ​កក្កដា​​។ នេះ​បើ​យោង​តាម​លទ្ធ​ផល​បោះ​ឆ្នោត​សភា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។…

ទី​ក្រុង​ប៉ារីស៖ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​សភា​នៅ​ប្រទេស​បារាំង​កាល​ពី​យប់មិញ​​ គណ​បក្ស​​​សមាជ​ជាតិ​​របស់​លោក​ស្រី​ម៉ារីន​ ឡឺពែន (Marine Le Pen) ​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី១​​​ដើម្បី​បន្ត​ទៅ​​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​នៅ​ថ្ងៃ​​ទី​៧ ខែ​កក្កដា​​។ នេះ​បើ​យោង​តាម​លទ្ធ​ផល​បោះ​ឆ្នោត​សភា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លទ្ធ​ផល​ចុង​ក្រោយ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ចាប់​ពី​ពេល​នេះ​រហូត​ដល់ថ្ងៃ​​បោះ​ឆ្នោត​វគ្គ​ទី​២​មាន​រយៈ​ពេល​អន្តរ​កាល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដែរ​។ ដូច្នេះ ​គណ​បក្ស​សមាជ​ជាតិ​របស់​លោក​ស្រី​ឡឺពែន​អាច​មាន​វាសនា​ឈ្នះ​ឆ្នោត​ឬ​យ៉ាង​ណា​នឹង​ត្រូវ​កំណត់​ដោយ​ការ​ពូកែ​និយាយ​បញ្ចុះ​បញ្ចូល​អ្នក​បោះ​ឆ្នោត​​​។

យោង​តាម​លទ្ធ​ផល​ឆ្នោត​យប់​មិញ គណ​បក្ស​សមាជ​ជាតិ​ទទួ​លបាន​សំឡេង​គាំទ្រ​៣៤%​។ ​លទ្ធ​ផល​នេះ​ធ្វើ​ឱ្យ​លោក​ម៉ាក្រុង​ខក​ចិត្ត​មិន​តិច​ទេ​ព្រោះ​លោក​សម្រេច​ចិត្ត​រំលាយ​រដ្ឋ​សភា និង​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​ដោយ​សង្ឃឹម​ថា​អាច​ស្ដារ​មុខ​មាត់​ឡើង​​វិញ​​។ ​ជាក់​ស្ដែង​ មិន​ត្រឹម​តែ​ស្ដារ​មិន​បាន​ទេ ប៉ុន្តែ​អាច​ហុច​ឱកាស​ឱ្យ​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​ឡើង​កាន់​អំណាច​ទៅ​វិញ​​​។ សំឡេង​គាំទ្រ​គណ​បក្ស​សមាជ​ជាតិ​ច្រើន​ជាង​ក្រុម​ឆ្វេង​និយម និង​ក្រុម​កណ្ដាល​និយម​​។ សូម្បី​តែ​សម្ព័ន្ធ​ភាព​គណ​បក្ស​របស់​លោក​ម៉ាក្រុង​​បាន​ត្រឹម​២០-២៣%​​ប៉ុណ្ណោះ​។ ក្រុម​សម្ព័ន្ធ​ភាព​គណ​បក្ស​ឆ្វេង​និយម​​ទទួល​​បាន​២៩%​។​

លទ្ធ​ផល​ឆ្នោត​នេះ​មិន​ខុស​គ្នា​ពី​ការ​ស្ទង់​មតិ​មុន​ការ​បោះ​ឆ្នោ​តនោះទេ​ ហើយ​ស្រប​ទៅនឹង​​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នក​គាំទ្រ​របស់​​លោក​​ស្រី​ឡឺពែន​។ ប៉ុន្តែ​លទ្ធ​ផល​នេះ​អាច​ជា​ភាព​ស្រពេច​ស្រពិល។ គេ​​​មិន​​ដឹង​ថា​តើ​រវាង​គណ​បក្ស​សមាជ​ជាតិ​​ (​ដែល​ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍ និង​ប្រឆាំង​នឹង​ការ​ចូល​សហ​ភាពអឺរ៉ុប​​) អាច​នឹង​ចូល​គ្នា​ជា​មួយ​គណ​បក្ស​របស់​លោក​​ម៉ាក្រុង​(ដែល​មាន​និន្នា​ការ​​គាំទ្រ​សហ​ភាព​អឺរ៉ុប​) ដើម្បី​​បង្កើត​រដ្ឋាភិបាល​បាន​ដែរ​ឬ​ទេ​​ក្រោយ​ការ​បោះ​ឆ្នោត​ជុំ​ទី​២​នៅ​ថ្ងៃ​អាទិត្យ​?​

កាល​ពី​មុន​នេះ គេ​​ពុំ​​ដែល​នឹក​ស្មាន​​ទាល់​តែ​សោះ​ថា​គណ​បក្ស​របស់​លោក​ស្រី​ឡឺពែន​អាច​នឹង​មាន​ឱកាស​កាន់​តែ​ខ្លាំង​ដើម្បី​កាន់​អំណាច​​។ ប៉ុន្តែ​​លើក​ហ្នឹង​​មើល​ស្រាល​មិន​បាន​ទេ​។ ស្រួល​មិន​ស្រួល​គណ​បក្ស​នេះ​អាច​នឹង​ឡើង​កាន់​អំណាច​មែន​។ មែន​ទែន​ទៅ​ បារាំង​មិន​សូវ​​និយម​និន្នា​ការ​ខាង​ស្ដាំ​ទេ​ព្រោះ​​ប្រជា​ជន​បារាំង​ភាគ​ច្រើន​គាំទ្រ​​គំនិត​សង្គម​និយម និង​ឆ្វេង​និយម​។

ដូច្នេះហើយ​​, ដើម្បី​ប្រមូល​សំឡេង​គាំទ្រ​កាន់​តែ​ខ្លាំង នយោបាយ​​ជ្រុល​និយម​ខ្លះ​​ដូច​ជា​ការ​រើស​អើង​ជាតិ​សាសន៍​ និង​ការ​ប្រឆាំង​នឹង​ជន​ជាតិ​ជ្វីប​​ត្រូវ​គណ​បក្ស​សមាជ​ជាតិ​​របស់​លោក​ស្រី​ឡឺ​ពែន​​ចាប់​ផ្ដើម​​កែ​សម្រួល​​ដើម្បី​ស្រូប​ទាញ​ការ​គាំទ្រ​។​​ យុទ្ធ​សាស្ត្រ​កែ​សម្រួល​គោល​​ជំហរ​នេះ​ធ្លាប់​​ទទួល​ជោគ​ជ័យ​នៅ​ពេល​​​គណ​បក្សសមាជ​ជាតិ​​​ចុះ​ឃោសនា​​​​មុន​ការ​បោះ​​​ឆ្នោត​ជុំ​ទី១​​។ មូល​ហេតុ​ដោយ​សារ​ប្រជា​ជន​បារាំង​ខឹង​សម្បារ​​យ៉ាង​ខ្លាំង​ដែល​ខ្លួន​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​រស់​នៅ​​។ ​​​​ម៉្យាង​ទៀត​ ពួក​គេ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​​ពី​​ការ​ហូរ​ចូល​នៃ​ជន​អន្តោ​ប្រវេសន៍​។​ ម៉្លោះ​ហើយ​ ពួក​គេ​ក៏​ងាក​ទៅ​បោះ​ឆ្នោ​ត​ឱ្យ​ក្រុម​ខាង​ស្ដាំ​វិញ​។ ​

បន្ទាប់​ពី​ដឹង​​លទ្ធ​ផល​ឆ្នោត​នេះ ក្រុម​របស់​លោក​ស្រី​ឡឺពែន​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់​។ ពួកគេ​ជួប​ជុំ​គ្នា​នៅ​ទី​ស្នាក់​ការ​បក្ស និង​គ្រវី​ទង់​ជាតិ​បារាំង​។ លោក​ស្រី​ឡឺពែន​ថ្លែង​ថា​ប្រជា​ជន​បារាំងចង់​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ដែល​គួរ​ឱ្យ​ស្អប់​ខ្ពើម និង​ចុះខ្សោយ​។​​ តាម​ពិត ក្រុម​ស្ដាំ​និយម​ជ្រុល​មិន​អាច​សប្បាយ​ភ្លេច​ខ្លួន និង​ជិះ​សេះ​លែង​ដៃ​បាន​ឡើយ​។ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ក្រុម​ស្ដាំ​និយម​ជ្រុល​តាំង​ពី​ជំនាន់​ឪ​ពុក​របស់​លោក​ស្រី​ឡឺពែន​ធ្លាប់​ឈ្នះ​ឆ្នោត​ជម្រុះ​ជុំ​ទី១។ ប៉ុន្តែ​នៅ​ទី​បំផុត​ត្រូវ​ចាញ់​ឆ្នោត​ត្រឹម​វគ្គ​ទី​២​ដោយ​សារ​​គូ​ប្រកួត​ប្រជែង​ប្រមូល​ផ្ដុំ​​កម្លាំង​គ្នា​មក​ពី​ច្រើន​គណ​បក្ស​ដើម្បី​បោះ​​ឆ្នោត​ទម្លាក់​។​

ដូច្នេះ គេ​កំពុង​រង់​ចាំ​មើល​ថា​តើ​ប្រវត្តិ​សាស្ត្រ​ច្រំ​ដែល​ដែរ​ឬ​ទេ​? យោង​តាម​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ប្រទេស​បារាំង​ បើ​គ្មាន​គណ​បក្ស​ណា​​​ទទួ​លបាន​សំឡេង​​​​៥០%​ទេ​ ​​គណ​បក្សលេខ​១ និង​លេខ​២​​នឹង​ប្រ​កួត​គ្នា​នៅ​វគ្គទី២​។ បើ​ក្នុង​ករណី​គណ​បក្ស​លេខ​បី​ទទួល​បាន​សំឡេង​គាំទ្រ​​ចាប់​ពី​១២,៥%​ឡើង​ទៅ​​ក៏​អាច​​មាន​សិទ្ធិ​​ប្រកួត​នៅ​វគ្គ​ទី​​២​បាន​ដែរ​​។ ដូច​ជា​លើក​នេះ​ជា​ដើម​ គណបក្ស​ចំនួន​៣​នឹង​ប្រកួត​គ្នា​នៅ​វគ្គ​ទី២​​​។​ ​​គ្រាន់​តែ​ចេញ​លទ្ធ​ផល​​​ភ្លាម លោក​ម៉ាក្រុង​ក៏​ចាប់​ផ្ដើម​ឃោសនា​ជា​បណ្ដើរ​ៗ​។ លោក​អំ​ពាវ​នាវ​ឱ្យ​ប្រជា​ជន​ដែល​ជា​ម្ចាស់​ឆ្នោត​រួប​រួម​កម្លាំង​គ្នា​ដើម្បី​បោះ​ឆ្នោត​ទម្លាក់​​គណ​បក្ស​​ស្ដាំ​និយម​ជ្រុល​​ និង​​​ឆ្វេង​និយម​ជ្រុល​៕​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ