ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​បា.ញ់​មីស៊ីល​២​គ្រាប់​ចំ​ពេល​សភាព​ការណ៍​កំពុង​តាន​តឹង

2 ថ្ងៃ មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ ​​​កូរ៉េ​ខាង​ជើងបាន​​​​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់​​តាំង​ពី​ព្រឹក​ព្រហាម​ថ្ងៃ​ចន្ទ​នេះ​តែ​ម្ដង​​​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ជា​មួយ​កូរ៉េ​ខាង​ត្បូង​កាន់​តែ​ល្វីង​ជូរ​ចត់​បន្ថែម​ទៀត​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​បន្ទាប់​ពី​បាញ់​មីស៊ីល​លើក​ទី​​១​បាន​ប្រហែល​ដប់​នាទី កូរ៉េ​ខាង​ជើង​ក៏​​បាញ់​មីស៊ីល​គ្រាប់​ទី​​២​ជា​បន្ត​ទៀត​។ ​រហូត​មក​ដល់​ពេល​នេះ​ ​គេ​មិន​ទាន់វាយ​តម្លៃ​ដឹង​ថា​តើ​មីស៊ីល​ទាំង​២​គ្រាប់​នេះ​មាន​ភិន​ភាគ និង​លក្ខ​ណៈ​សម្បត្តិ​យ៉ាង​ណា​ខ្លះ​ទេ​។​ ​ក្រុម​សម្ព័ន្ធ​មិត្ត​ត្រី​ភាគី​ដែល​មាន​កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ និង​អាមេរិក​បាន​ពង្រឹង​ប្រព័ន្ធ​ឃ្លាំ​មើល​សកម្ម​​ភាព​នៅ​កូរ៉េ​ខាង​ជើង​ដើម្បី​ចង់​ដឹង​ថា​តើ​ប្រទេស​នេះ​នឹង​បាញ់​បន្ថែម​ទៀត​ដែរ​ឬ​​ទេ​។…

ទី​ក្រុង​ព្យុង​យ៉ាង៖ ​​​កូរ៉េ​ខាង​ជើងបាន​​​​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់​​តាំង​ពី​ព្រឹក​ព្រហាម​ថ្ងៃ​ចន្ទ​នេះ​តែ​ម្ដង​​​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ជា​មួយ​កូរ៉េ​ខាង​ត្បូង​កាន់​តែ​ល្វីង​ជូរ​ចត់​បន្ថែម​ទៀត​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​បន្ទាប់​ពី​បាញ់​មីស៊ីល​លើក​ទី​​១​បាន​ប្រហែល​ដប់​នាទី កូរ៉េ​ខាង​ជើង​ក៏​​បាញ់​មីស៊ីល​គ្រាប់​ទី​​២​ជា​បន្ត​ទៀត​។ ​រហូត​មក​ដល់​ពេល​នេះ​ ​គេ​មិន​ទាន់វាយ​តម្លៃ​ដឹង​ថា​តើ​មីស៊ីល​ទាំង​២​គ្រាប់​នេះ​មាន​ភិន​ភាគ និង​លក្ខ​ណៈ​សម្បត្តិ​យ៉ាង​ណា​ខ្លះ​ទេ​។​

​ក្រុម​សម្ព័ន្ធ​មិត្ត​ត្រី​ភាគី​ដែល​មាន​កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ និង​អាមេរិក​បាន​ពង្រឹង​ប្រព័ន្ធ​ឃ្លាំ​មើល​សកម្ម​​ភាព​នៅ​កូរ៉េ​ខាង​ជើង​ដើម្បី​ចង់​ដឹង​ថា​តើ​ប្រទេស​នេះ​នឹង​បាញ់​បន្ថែម​ទៀត​ដែរ​ឬ​​ទេ​។ ​​កាល​ពី​សប្ដាហ៍​មុន កូរ៉េ​ខាង​ជើង​អះ​អាង​ថា​ខ្លួន​បាន​ធ្វើ​តេស្ត​ដោយ​ជោគ​ជ័យ​នូ​វ​ប្រភេទ​​មីស៊ីល​ទំនើប​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​ច្រើន​ដើម្បី​វាយ​ប្រហារ​ទី​តាំង​ច្រើន​កន្លែង​នៅ​ក្នុង​ពេល​តែ​​មួយ​។

​កូរ៉េខាង​ត្បូង​វាយ​តម្លៃ​ឃើញ​ថា​ការ​ធ្វើ​តេស្ត​នោះ​មិន​បាន​ជោគ​ជ័យ​ទេ​។ ជោគ​ជ័យដូច​​​ម៉េច​នឹង​កើត​បើ​មីស៊ីល​ផ្ទុះ​ជា​ចម្រៀក​ៗ​កណ្ដាល​អាកាស​បាត់​ទៅ​ហើយ​ ហើយ​មិន​បាន​ហោះ​ទៅ​ដល់​គោល​ដៅ​ផង​នោះ? ដោយ​ឡែក​ ងាក​មក​ទំនាក់​ទំនង​រវាង​បង​ប្អូន​គូ​សត្រូវ​កូរ៉េ​ទាំង​ពីរនេះ​បាន​​​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​។ ព្យុង​យ៉ាង​​លែង​ខ្វាយ​ខ្វល់​ស្ដារ​ទំនាក់​ទំនង​អ្វី​ទាំ​ងអស់​ ហើយ​គិត​តែ​បាញ់​មីស៊ីល​, ​បង្ហោះ​ធុង​សំរាម​ និង​កាក​សំណល់​តាម​បាឡុង​ហោះ​ឆ្លង​ព្រំ​ដែន​ចូល​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​។

​នេះ​ជា​ការ​វាយ​បក​ទៅ​លើ​កូរ៉េ​ខាង​ត្បូង​ដែល​​​បង្ហោះ​បាឡុង​មាន​​ខិត្ត​ប័ណ្ណ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​នៅ​ព្យុង​យ៉ាង​។ ​​កូរ៉េ​ខាង​ត្បូង​​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ក្បាល​មេ​ក្រូ​ធំ​ៗ​ដែល​អាច​បំពង​សំឡេង​បាន​ឆ្ងាយ​ៗ​​ទៅ​រក​កូរ៉េ​ខាង​ជើង​។ ម៉្យាង​ទៀត​ កូរ៉េ​ខាង​ត្បូង​ក៏​បន្ត​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត​​​នៅ​​ក្បែរ​​​​​ព្រំ​ដែន​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​កាន់​តែខ្លាំង​នៅ​ពេល​​ទីក្រុង​ព្យុង​យ៉ាង​ និង​ម៉ូស្គូ​កាន់​តែ​ខិត​ជិត​គ្នា​ ហើយ​ទើប​តែ​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​

ក្រុម​បស្ចិម​ប្រទេស​ចោទ​ប្រកាន់ថា​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​កាំ​ភ្លើង និង​គ្រាប់​កាំ​ភ្លើង​ទៅ​រុស្ស៊ី​ច្រើន​ណាស់​ដើម្បី​យក​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។ រឿង​នេះ​កាន់​តែ​ច្បាស់​ទៅ​ទៀត​នៅ​ពេល​ប្រទេស​ទាំង​២​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ថ្មី​​​។

ក្នុង​នោះ មាន​​លក្ខ​ខណ្ឌ​១​​ចំនួន​ចែង​ថា​បើ​ភាគី​ហត្ថ​លេខី​​១​ជាប់​ដៃ​ធ្វើ​សង្គ្រាម ឬ​រង​ការ​គំរាម​កំហែង​ពី​ប្រទេស​ដទៃ​,​ ភាគី​ហត្ថ​លេខី​​១​​ទៀត​​​​ត្រូវ​ជួយ​ជា​អាវុធ ឬ​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​ច្បាំង​គ្នា​។ ក្រុម​អ្នក​ជំនាញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​យក​សម្បក​គ្រាប់​កាំភ្លើង​ដែល​​​រុស្ស៊ី​​បាញ់​ចូល​​អ៊ុយ​ក្រែន​ទៅ​ធ្វើ​កោសល្យ​វិច័យ​ ហើយ​សន្និ​ដ្ឋាន​ថា​ពិត​ជា​ផលិត​ផល​របស់​កូរ៉េ​ខាង​ជើង​មែន​។

កូរ៉េ​ខាង​ជើង​ក៏​បង្កើន​វោហារ​សាស្ត្រ​វាយ​បក​​ដើម្បី​កុំ​ឱ្យ​ចាញ់​ប្រៀប​គ្នា​។ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ក្រុង​​ព្យុង​យ៉ាង​ប្រកាស​​ថ្កោល​ទោស​ធ្ងន់​ៗ​ចំពោះ​សម្ព័ន្ធ​មិត្ត​ទាំង​​បី​ កូរ៉េ​ខាង​ត្បូង ជប៉ុន និង​អាមេរិក​ដែល​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​ជា​មួយ​គ្នា​។ ព្យុង​យ៉ាង​ចាត់​ទុក​ថា​នេះ​ជា «​អង្គ​ការ​ណាតូ​នៅ​ទ្វីប​អាស៊ី» ហើយ​ខ្លួន​​ព្រមាន​ថា​ក្រុម​នេះ​នឹង​ទទួល​ផល​វិបាក​រលាយ​ប្រទេស​ខ្លួន​ឯង​ជា​មិន​ខាន​ឡើយ​។ សមយុទ្ធ​យោធា​រយៈ​ពេល​បី​ថ្ងៃ​នោះ​មាន​វិញ្ញា​សា​ជា​ច្រើន​ដូច​ជា​ការ​ហ្វឹក​ហាត់​ប្រើ​ប្រាស់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ទូទៅ និង​ទប់​ទល់​នឹង​គ្រាប់​មីស៊ីល​ផ្លោង​, ការ​ប្រឆាំង​នឹង​នាវា​មុជ​ទឹក​ និង​ការ​ត្រៀម​ធ្វើ​សង្គ្រាម​អ៊ីន​ធឺណិត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ