ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្រុត​ផ្ទះ​ប្រជាពលរដ្ឋ ៩​ខ្នង​ផ្ទះ ​នៅ​សង្កាត់​ផ្សារឆ្នាំង ​ក្រុង​កំពង់ឆ្នាំង

2 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទ្រង់​ក្រពើ ក្នុងភូមិ​ផ្សា​ឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ចំនួន​៩​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​រស់នៅ​១២​គ្រួសារ បាន​បាក់​ស្រុត​ធ្លាក់​ទៅ​ក្រោយ បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទ្រង់​ក្រពើ ក្នុងភូមិ​ផ្សា​ឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ចំនួន​៩​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​រស់នៅ​១២​គ្រួសារ បាន​បាក់​ស្រុត​ធ្លាក់​ទៅ​ក្រោយ បណ្ដាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ ។

លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា មុន​ឈាន​ដល់​ការ​បាក់​ស្រុត ផ្ទះ​ទាំង​៩​ខ្នង គឺ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​ស្រុត​ជើងទេ​ផ្លូវ​ថ្មី បន្តិចបន្តួច​ដែល​នៅ​ជាប់​នឹង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​រង​គ្រោះ ហើយ​ក្រោយមក​អាជ្ញាធរ​ក៏​បាន​ចាក់​បេតុង អម​សងខាង​ផ្លូវ​ក្នុង​គោលបំណង​ទប់​ផ្លូវ​បេតុង​កុំ​ឲ្យ​បាក់​ស្រុត​បន្ត ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ បាន​បាក់​ស្រុត​តែ​ម្ដង តែ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ ។

លោក ហ៊ីង ភ័ព្វ មិ​នា អភិបាលក្រុង​កំពង់ឆ្នាំង នៅ​ពេល​អមដំណើរ​ឯកឧត្តម សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​នោះ បាន​បញ្ជាក់​ថា លោក​បាន​ចាត់​ឱ្យ​កងកម្លាំង​ប្រដាប់​ជួយ​រុះរើ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និង​ជួយ​លើក​សម្ភារៈ​របស់​ពួក​គាត់​ទៅ​ដាក់​នៅ​ប៉ែក​ខាង​ដី​ដែល​មិន​ស្រុត ។

ជាមួយ​គ្នា​នោះ លោក​ក៏​បាន​រៀបចំ​ឲ្យ​បងប្អូន​ទាំង​១២​គ្រួសារ​ទៅ ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​សាលាឆាន់​វត្ត​យាយ​ទេព ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ពួក​គាត់​ថា ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​វិញ​។ លោក​ក៏​ត្រៀម​រថយន្ត​សម្រាប់​ជួយ​ដឹក​ជញ្ជូន​សម្ភារៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ ។

ដោយឡែក​ចំពោះ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​មានការ​បាក់​ស្រុត​នេះ លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បែប​ណា​ទេ ព្រោះតែ​ព្រឹក​នេះ មន្ត្រី​ជំនាញ​បាន​ទៅ​ពិនិត្យ និង​កំពុង​តែ​វាយតម្លៃ ។ លោក​បញ្ជាក់​ទៀត​ថា មាន​ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​បញ្ជាក់​ប្រាប់​គាត់​ថា មាន​ទុ​យ​យោ​ទឹក​របស់​រដ្ឋាករ​ទឹកបាន​បែក​លិច​ទឹក​មួយ​កន្លែង ជា​យូរ​មក​ហើយ ដែល​ជា​អាច​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ដែល​បណ្ដាល​ឲ្យ​មាន​បាតុភាព​នេះ​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ