ខេត្តបន្ទាយមានជ័យ ៖ ករណីខ្ចីម៉ូតូគេជិះមិនឃើញយកមកសង ម្ចាស់ទៅប្តឹងសមត្ថកិច្ច ត្រូវជនសង្ស័យលើកគ្នាជាច្រើននាក់ទៅកាប់ជនរងគ្រោះដល់ផ្ទះ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅភូមិសាមគ្កីមានជ័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនបង្កត្រូវបាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបានជាបន្តបន្ទាប់ ។
យោងពាក្យបណ្តឹង ជនរងគ្រោះមានឈ្មោះ សេង រតនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ជាសន្តិសុខ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រាយការណ៍ថា៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ពេលល្ងាច ខ្លួនបានខ្ចីម៉ូតូពីឈ្មោះណាក់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ នៅបុរីដួងចន្ទ និងបានជិះទៅអគារថ្មី ពេលទៅដល់ក៏ជួបឈ្មោះ ហុង ចយ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ សៀន នៅទីនោះ ហើយពួកគេក៏សុំខ្ចីសាក់ជិះ លុះវេលាម៉ោង ១៧ជាងល្ងាច ក៏បានបាត់ឈ្មោះ ហុង ចយ និងម៉ូតូ ហើយឈ្មោះ សៀន ក៏បានជូនខ្លួនមកហាងវិញ និងប្រាប់ថាគេនឹងទៅរកអាហុងចយ។
បន្ទាប់មកខ្លួន ក៏បានប្រាប់ទៅឈ្មោះ ណាក់ ជាម្ចាស់ម៉ូតូ ទៅតាមដំណើររឿងខាងលើ ក្រោយមកម្ចាស់ម៉ូតូ បានដាក់ពាក្យបណ្តឹង និងសមត្ថកិច្ចបានទៅរកអាហុងចយ នៅផ្ទះ ក៏នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២យប់ វាបានជិះម៉ូតូម៉ាកអាសង់០២៤ ពណ៌ខ្មៅ អ្នកឌុបខ្លួនមិនស្គាល់ទេ ពេលនោះវាបានចូលមកក្នុងហាងដោយកាន់កាំបិតផ្គាក់ បំណងមកកាប់ខ្លួន តែខ្លួននៅក្នុងបន្ទប់ទឹក ក៏វាទៅកាប់ខុសមនុស្សតែគេគេចផុតមិនរបួសអ្វីទេ។
រួចនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២ជាងយប់ ឈ្មោះ ហុងចយ ក៏បាននាំបក្ខពួក មកកន្លែងដែលខ្លួនធ្វើការដែលជាផ្ទះ ២ល្វែង នៅជិតខារ៉ាអូខេ៦១៩ ដែលមានគ្នាជាង ១០នាក់ ម៉ូតូ ៦ទៅ ៧គ្រឿង ពួកនោះប្រដាប់ដោយកាំបិតវែង កាំបិតផ្គាក់ និងកាំភ្លើងខ្យល់២ដើមទៀត ដើម្បីមកកាប់ខ្លួនសារជាថ្មី តែត្រូវបានខ្លួន(ជនរងគ្រោះ) រត់គេចខ្លួនទៅជាន់លើផុត។
ក្រោយទទួលបានពត៌មាននិងពាក្យបណ្តឹងជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ យកមកសួរនាំជុំវិញករណីខាងលើ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ