រាជធានីភ្នំពេញ ៖ ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ នៅមន្ទីរបក្សរាជធានី នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន លើកលែងទោសអោយគ្រប់គណបក្សផ្សេងៗទាំងអស់ ទោះបីកន្លងមកធ្លាប់ជេរ ប្រមាថសម្តេចយ៉ាងណាក៏ដោយ តែសម្តេចពិតជាមិនអាចលើកលែងទោសជាដាច់ខាត ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ឡើយ ។
លោក ឃួង ស្រេង លើកឡើងបែបនេះ នៅក្នុងពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ គឺចំពេលដែលគណបក្សប្រជាជនកម្ពុជាយើង បានប្រារព្វពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន។ គណបក្សប្រជាជនកម្ពុជាមានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ ដោយបានរំដោះជាតិ សង្រោះជីវិតប្រជាពលរដ្ឋអោយរួចផុតពីសេចក្តីស្លាប់ក្នុងរបបប៉ុល ពត និងការរាតត្បាតពីជម្ងឺកូវីដ-១៩ បានអភិវឌ្ឍន៍ប្រទេសជាតិអោយមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ជាមួយនឹងការរក្សាបាន នូវសុខ សន្តិភាពពេញលើផ្ទៃប្រទេស ។
លោក ឃួង ស្រេង បានបន្តថា សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយចំណេះដឹងដ៏ខ្ពង់ខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងអាចអភិវឌ្ឍន៍ប្រទេស អោយសម្រេចបាន នូវចក្ខុវិស័យ ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីអោយកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ ។
លោក ឃួង ស្រេង ក៏បានសូមអោយគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ អោយក្លាយជាចលនាឯកភាពជាតិតែមួយ ដោយគម្រោង “ព្រែកជីកហ្វូណនតេជោ” មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា។ “ព្រែកជីកហ្វូណនតេជោ” ជាទ្រសម្បត្តិមហាសាលសំរាប់កម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៥ សីហាឆ្នាំ២០២៤ ខាងមុខនេះ ។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ សមាជិក សមាជិកាបក្សក៏ដូចប្រជាពលរដ្ឋទាំងអស់ បើខ្វះស្បៀងអាចទៅរកបាននៅទីស្នាក់ការបក្ស ខណ្ឌ សង្កាត់ ដោយគណបក្សប្រជាជនកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ ។
គួរបញ្ជាក់ថា ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ ខាងលើនេះ មានចំនួន៥៣០រូប ដែលមានទាំងសមាជិកថ្មី និងសមាជិកចាស់ ដែលបានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជន នៅពេលនេះ ៕







ចែករំលែកព័តមាននេះ