ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ ក្មេងតូចហ្សកហ្ស៊ីបំបា.ក់បងធំ​ព័រ​ទុយ​ហ្គាល់ ឯជំនួបឆែក-តួកគី អាជ្ញាកណ្តាល​ចាយ​កាត​២០សន្លឹក

1 អាទិត្យ មុន

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro

ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតវគ្គចែកពូល ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយរកឃើញក្រុមបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាផ្លូវការ។

លទ្ធផលការប្រកួតជុំទី៣ វគ្គចែកពូល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ៖
ពូល E ៖
-ស្លូវ៉ាគី ១-១ រូម៉ានី
-អ៊ុយក្រែន ០-០ បែលហ្ស៊ិក

ពូល F ៖
-ហ្សកហ្ស៊ី ២-០ ព័រទុយហ្គាល់
-សាធារណរដ្ឋឆែក ១-២ តួកគី

ហ្សកហ្ស៊ី ដែលព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបនៅឆ្នាំនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ពួកគេ សម្រាប់ការបង្ហាញវត្តមានលើកដំបូងក្នុងពានរង្វាន់ដ៏ធំរបស់អឺរ៉ុបមួយនេះ បានឡើងទៅវគ្គ១៦​ក្រុមចុងក្រោយជាប្រវត្តិសាស្ត្រយ៉ាងភ្ញាក់ផ្អើលជាទីបំផុត ក្រោយបំបាក់ក្រុមជើងខ្លាំងព័រទុយហ្គាល់ ដែលជាម្ចាស់ជើងឯកកាលពីឆ្នាំ ២០១៦ ដោយលទ្ធផល ២-០ កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ។

ដោយឡែក ជំនួបដ៏ចម្រូងចម្រាសបំផុត រវាងសាធារណរដ្ឋឆែក ដែលបរាជ័យក្រោមថ្វីជើងរបស់ក្រុមតួកគី ដោយលទ្ធផល ២-១ បានបំបែកកំណត់ត្រា ក្លាយជាការប្រកួតដែលអាជ្ញាកណ្តាល​ចាយកាតច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប។ នៅក្នុងការប្រកួតនេះ លោកអាជ្ញាកណ្តាល István Kovács ជនជាតិរូម៉ានី ចាយកាតសរុបចំនួន២០សន្លឹក កាត​លឿន​១៨សន្លឹក និងក្រហម២សន្លឹក។

នៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ជើងឯកអឺរ៉ុប មានការប្រកួតចំនួន ៤ ប៉ុណ្ណោះ ដែលអាជ្ញាកណ្តាលចាយកាតលឿងចំនួន១០សន្លឹកក្នុង១ប្រកួតប៉ុណ្ណោះ ដោយ២ប្រកួត កើតឡើងនៅឆ្នាំ ១៩៩៦ ១ប្រកួតនៅឆ្នាំ ២០០០ និង១ប្រកួតទៀត នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៦។

សមាសភាពក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ឬវគ្គចាញ់ធ្លាក់ ៖
-ម្ចាស់ផ្ទះអាល្លឺម៉ង់ (លេខ ១ ពូល A)
-ស្វីស (លេខ ២ ពូល A)
-អេស្ប៉ាញ (លេខ ១ ពូល B)
-អ៊ីតាលី (លេខ ២ ពូល B)
-អង់គ្លេស (លេខ១ ពូល C)
-ដាណឺម៉ាក (លេខ ២ ពូល C)

-ស្លូវេនី (លេខ ៣ ល្អ ពូល C)
-អូទ្រីស (លេខ ១ ពូល D)
-បារាំង (លេខ ២ ពូល D)
-ហូឡង់ (លេខ ៣ ល្អ ពូល D)
-រូម៉ានី (លេខ ១ ពូល E)
-បែលហ្ស៊ីក (លេខ ២ ពូល E)

-ស្លូវ៉ាគី (លេខ ៣ ល្អ ពូល E)
-ព័រទុយហ្គាល់ (លេខ ១ ពូល F)
-តួកគី (លេខ ២ ពូល F)
-ហ្សកហ្ស៊ី (លេខ ៣ ល្អ ពូល F)

កាលវិភាគប្រកួតវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ ២០២៤ ៖
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ៖
-ស្វីស ប៉ះ ក្រុមការពារជើងឯកអ៊ីតាលី ម៉ោង ១១:០០នាទីយប់
-ម្ចាស់ផ្ទះអាល្លឺម៉ង់ ប៉ះ ដាណឺម៉ាក ម៉ោង ០២:០០នាទីទៀបភ្លឺ ចូលថ្ងៃថ្មី

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ៖
-អង់គ្លេស ប៉ះ ស្លូវ៉ាគី ម៉ោង ១១:០០នាទីយប់
-អេស្ប៉ាញ ប៉ះ ហ្សកហ្ស៊ី ម៉ោង ០២:០០នាទីទៀបភ្លឺ ចូលថ្ងៃថ្មី

ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ៖
-បារាំង ប៉ះ បែលហ្ស៊ិក ម៉ោង ១១:០០នាទីយប់
-ព័រទុយហ្គាល់ ប៉ះ ស្លូវេនី ម៉ោង ០២:០០នាទីទៀបភ្លឺ ចូលថ្ងៃថ្មី

ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ៖
-រូម៉ានី ប៉ះ ហូឡង់ ម៉ោង ១១:០០នាទីយប់
-អូទ្រីស ប៉ះ តួកគី ម៉ោង ០២:០០នាទីទៀបភ្លឺ ចូលថ្ងៃថ្មី

ក្រុមហាលអាវពីព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ រួមមាន ៖ ហុងគ្រី ស្កុតឡែន ក្រូអាត អាល់បានី សែប៊ី ប៉ូឡូញ អ៊ុយក្រែន និងសាធារណរដ្ឋឆែក។

ខ្សែប្រយុទ្ធហ្សកហ្ស៊ី Georges Mikautadze អាយុ២៣ឆ្នាំ កំពុងឈរជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេពោលចំនួន៣គ្រាប់ គិតត្រឹមបញ្ចប់ការប្រកួតក្នុងវគ្គចែកពូល៕ (ប្រភព ៖ UEFA, Optus Sport និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ