រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងដែលធ្វើឲ្យមានភ្លៀងធ្លាក់លាយជាមួយនឹងផ្គរ រន្ទះ និងខ្យល់បោកបក់ ។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម២,៥០ម៉ែត្រវិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី២៥% ។

ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ២,០០ម៉ែត្រវិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី២០% ។

ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើ ផ្ទៃដី១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,០០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ