ខេត្តប៉ៃលិន ៖ ស្ត្រីមេម៉ាយវ័យចំណាស់មានជំងឺប្រចាំកាយម្នាក់ ត្រូវបានចោរចូលគាស់ជញ្ជាំងផ្ទះ(ស័ង្កសី) លួចយកសម្ភារក្នុងផ្ទះអស់ខ្ទេចខ្ទី ខណៈដែលគាត់ចេញទៅស្នាក់នៅព្យាបាលជំងឺឯផ្ទះកូនរបស់ខ្លួន នៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អស់រយៈពេលជាង១ខែ លុះពេលត្រឡប់មកដល់ផ្ទះវិញ គាត់ក្រឡេកឃើញជញ្ជាំងស័ង្កសីផ្ទះរបើក ដោយមានការសង្ស័យ ក៏ចាក់សោចូលទៅមើល ទើបដឹងថា ត្រូវចោរគាស់ចូលដើម្បីលួចសម្ភារៈ តែម្តង ។
ហេតុការណ៍បង្កឱ្យមានការភ្ញាកផ្អើលឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយទទួលរងបាត់បង់សម្ភារផ្ទះបាយ មានដូចជា ៖ ចាន ឆ្នាំង ស្លាបព្រា អង្ករ គ្រឿងទេសធ្វើម្ហូប សម្លៀកបំពាក់ និងសម្ភារផ្សេងៗ ជាច្រើនទៀត គិតជាទឹកប្រាក់ជិត១,០០០ដុល្លារ ។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា ស្ត្រីមេម៉ាយវ័យចំណាស់មានឈ្មោះ ទី វន្នី អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិខាងលើ មានកូនចំនួន៤នាក់ (ប្រុស២ ស្រី២) មានគ្រួសារទាំងអស់ រស់នៅតាមខេត្តផ្សេងៗ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ស្ត្រីមេម៉ាយខាងលើ បានទៅសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនម្នាក់ឯង អស់រយៈពេល៣ថ្ងៃ លុះកូនស្រីរស់នៅឯក្រុងប៉ោយប៉ែត ដឹងដំណឹងម្តាយឈឺ ក៏ប្រាប់ឱ្យទៅសម្រាកព្យាបាលនៅឯផ្ទះរបស់ខ្លួន ព្រោះមានអ្នកមើលថែទាំ ។ ក្រោយពេលគាត់ចេញទៅដេកព្យាបាលនៅផ្ទះកូន បានធូរស្បើយគ្រាន់បើ ក៏នឹកផ្ទះ រួចត្រឡប់មកវិញ។ តែគាត់ក៏តែងតែផ្តាំផ្ញើអ្នកជិតខាង និងកូនម្នាក់ រស់នៅក្បែរនោះ ឱ្យឧស្សាហ៍ដើរទៅអើតមើលជារឿយៗផងដែរ តែគ្មានឃើញអ្វីប្លែកនោះទេ។ ស្រាប់តែពេលគាត់ចុះពីលើរថយន្ត ដើរតម្រង់ទៅក្បែរជញ្ជាំងផ្ទះ ក៏ឃើញស័ង្កសីរបើក ហើយគាត់គិតថា ប្រហែលមានអ្នកណាលួចគាស់ហើយ ។ រួចគាត់ក៏ចាក់សោទ្វារផ្ទះចូលទៅមើលខាងក្នុងផ្ទះ ឃើញអ្វីៗ នៅរាយប៉ាយ ទើបដឹងថា ត្រូវចោរលួចយករបស់របរអស់តែម្តង ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បយ៉ាខា ដើម្បីធ្វើកំណត់ហេតុ និងតាមស៊ើបអង្កេត ដើម្បីចាប់ជនសង្ស័យយកមកអនុវត្តតាមផ្លូវច្បាប់ ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការភ័យខ្លាចរអារយ៉ាងខ្លាំង ខណៈដែលនៅដើមខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវបានចោរគាស់ផ្ទះអស់ចំនួន៣កន្លែង ដោយលួចយកសម្ភារផ្សេងៗ អស់ជាច្រើន ដែលធ្វើឱ្យពួកគាត់ដេកមិនលក់បក់មិនល្ហើយ ហើយក៏មិនហ៊ានចេញទៅធ្វើការនៅកន្លែងណាឆ្ងាយពីផ្ទះឡើយ ៕










ចែករំលែកព័តមាននេះ