ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេស្ប៉ាញដឹកដៃអ៊ីតាលីឡើងវគ្គចាញ់ធ្លាក់ ខណៈ​ក្រូអាតសល់ដង្ហើមចង្រិ.តនៅ Euro 2024

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមជម្រើសជាតិក្រូអាតចុកឈាមនៅចុងម៉ោង និងសល់តិចតួចជាទីបំផុត

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមជម្រើសជាតិក្រូអាតចុកឈាមនៅចុងម៉ោង និងសល់តិចតួចជាទីបំផុតបន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីអ៊ីតាលីតាមស្មើនៅចុងម៉ោងនៃការប្រកួតជុំទី៣ វគ្គសន្សំពិន្ទុនៅក្នុងពូល B កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Red Bull Arena ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង​៣៨,០០០​នាក់ ក្រូអាតធ្វើបានយ៉ាងល្អ ដោយបើកគណនីគ្រាប់បាល់បញ្ចូលទីដំបូងនៅនាទី៥៥ ដែលរកបានដោយប្រធានក្រុម Luka Modrić ខណៈដែលក្រុមរបស់លោក Zlatko Dalić ស្ទើរតែអបអរជ័យជម្នះទៅហើយនោះ ស្រាប់តែខ្សែបម្រើប្រយុទ្ធអ៊ីតាលី Mattia Zaccagni រកគ្រាប់បាល់តាមស្មើមកវិញ នៅនាទីគ្រោះថ្នាក់ ៩០+៨ មុនពេលអាជ្ញាកណ្តាលជនជាតិហូឡង់ លោក Danny Makkelie ផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ក្នុងពូល B នេះ អេស្ប៉ាញ ដែលយកឈ្នះអាល់បានីលទ្ធផល ១-០ គឺជាក្រុមដំបូងគេ ដែលបញ្ចប់ការប្រកួតវគ្គចែកពូលជាមួយកំណត់ត្រាឈ្នះ ១០០% មាន៩ពិន្ទុ ដឹកដៃអ៊ីតាលីឈរនៅលេខ២មាន៤ពិន្ទុ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ ក្រូអាតឈរក្នុងនាមក្រុមលេខ ៣ ល្អប្រចាំពូល ប៉ុន្តែនៅសល់ឱកាសតិចតួចជាទីបំផុតបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដ្បិតមានត្រឹមតែ២ពិន្ទុ ហើយជំពាក់សំណល់គ្រាប់បាល់៣គ្រាប់ថែមទៀត។

បច្ចុប្បន្ន អូទ្រីស ស្លូវ៉ាគី ហុងគ្រី និង ស្លូវេនី គឺជាក្រុមអាទិភាពបណ្តោះអាសន្នលេខ​៣ ល្អប្រចាំពូល បន្តឡើងទៅវគ្គ១៦ក្រុមចុងក្រោយ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ដូច្នេះមានន័យថា ក្រុមលេខ ៣ ល្អប្រចាំពូលទាំង ៤ ក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយនឹងត្រូវដឹងជាផ្លូវការ ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូល។

ក្រុមកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ៖
-ម្ចាស់ផ្ទះអាល្លឺម៉ង់ (លេខ១ ពូលA)
-ស្វីស (លេខ២ ពូលA)
-អេស្ប៉ាញ (លេខ១ ពូលB)
-អ៊ីតាលី (លេខ២ ពូលB)
-ព័រទុយហ្គាល់ (លេខ១ ពូលF)

ក្រុមធ្លាក់ពីព្រឹត្តិការណ៍ Euro 2024 គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ៖
-ស្កុតឡែន (បាតតារាងពូល A)
-អាល់បានី (បាតតារាងពូល B)
-ប៉ូឡូញ (បាតតារាងពូល D) ៕ (ប្រភព ៖ UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ