ខេត្តប៉ៃលិន ៖ ទីបំផុត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បាន សម្រេចធ្វើសំណើទៅអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទក្នុងការផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ។

សំណុំរឿងនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មានករណីជម្លោះរវាងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហូ ទ្រី អ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ និងធ្វើការត្រួតពិនិត្យអំពីហេតុផលដំណើររឿងដែលបានកើតឡើងឱ្យបានច្បាស់លាស់ត្រឹមត្រូវ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការពិភាក្សាឆ្លងករណីជម្លោះខាងលើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ។
ក្រោយពីស្តាប់របាយការណ៍របស់ការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទដូចខាងក្រោម ៖
១-ធ្វើសំណើទៅអគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ។ ២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទមាត្រា៤៦ ចែងថា «មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន ។
ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ» ។កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ គឺក្រោយផ្ទុះបាតុភាពនោះ លោកជំទាវ បាន ស្រីមុំអភិបាលខេត្ត បានដឹកនាំក្រុមការងារទៅជួបជាមួយពលរដ្ឋម្នាក់ ដែលជាម្ចាស់រថយន្តតាក់ស៊ី និងលោកមេភូមិ ដើម្បីពន្យល់អំពីនីតិវិធីច្បាប់ និងផ្តល់ភាពកក់ក្តៅជឿជាក់លើសុខសុវត្ថិភាពជូនគាត់ក្រោមម្លប់សន្តិភាព ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានអះអាងថា កម្លាំងកងរាជអាវុធហត្ថខេត្តមួយក្រុមមានគ្នា៤នាក់ ដឹកនាំដោយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត១រូប ដែលទើបនឹងទទួលការតែងតាំងថ្មីៗ ក្នុងសម្លៀកបំពាក់ឯកសណ្ឋាន បានសម្រុកចូលទៅចាប់បុរសម្នាក់ទាំងយប់ កាលពីថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៤ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ដោយគ្មានដីកាអ្វីទាំងអស់ ។
ពេលនោះ បងប្អូនអ្នកជិតខាងឃើញក៏នាំគ្នាមកជួយប្រវាយប្រតប់ និងស្រែកឆោឡោ ធ្វើឱ្យក្រុមកងរាជវុធហត្ថនោះនាំគ្នាចូលរថយន្តត្រឡប់ទៅវិញបាត់អស់ទៅ ។ តាមប្រភពព័ត៌មានថា មន្ត្រីអាវុធហត្ថដែលមានឋានៈជាមេបញ្ជាការរងខេត្តនេះ ទើបតែចេញពីពន្ធនាគារ ៕
ចែករំលែកព័តមាននេះ