រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្តីពីចំណាត់ការអនុវត្តច្បាប់ទាក់ទងនឹងសំណុំរឿងឃា.តកម្ម ដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ គូសបញ្ជាក់ជូនសាធារណជននូវចំណុចសំខាន់ៗពាក់ព័ន្ធនឹងករណីបា.ញ់ប្រហារដ៏សាហា.វប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងចំណាត់ការក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ ។

ដូចខាងក្រោម ៖ ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយ«ត្រឹមត្រូវ» និងដោយ«ម៉ឺងម៉ាត់» នៅក្នុងករណីនេះពិសេសធានាថា ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់ ។

ទី២-ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នាពី ៖ (១)-បទឃា.តកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ, (២)-បទប៉ុនប៉ងឃា.តកម្ម (ឬបទឃា.តកម្មមិនបានសម្រេច) តាមមាត្រា ២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌដែលអាចជាប់ទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ និង(៣)-បទប្រើប្រាស់អាវុ.ធដោយខុសច្បាប់ តាមមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុ.ធគ្រឿងផ្ទុះ និង គ្រា.ប់រំសេវដែលអាចជាប់ទោសដាក់ពន្ធនាគារពី៦ ខែទៅ២ឆ្នាំ ។

ជាមួយគ្នានេះ, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឱ្យមានសេរីភាពវិញនូវបុគ្គលពីររូបទៀត រួមមានឈ្មោះ សាន សុខចំរើន ហៅឆ្អឹង និងឈ្មោះ ទិន ទូច ហៅរ៉ាដូ ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាងដែលបង្ហាញថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើឃា.តកម្មខាងលើ ។
ទី៣-ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា, ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការមានវិធានការអនុវត្តច្បាប់ឱ្យបាន«ម៉ឺងម៉ាត់» ចំពោះករណីសំណុំរឿងទាំងពីរនេះ និងស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បីធានាដល់គោលការណ៍«សមទណ្ឌោ» ទៅតាមច្បាប់ ចំពោះករណីនៃការបា.ញ់ប្រហារខាងលើ ។
ទី៤-ការចោទប្រកាន់ខាងលើនេះ គឺធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល និងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ ។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ចធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកតាមច្បាប់ជាធរមាន ហើយជនល្មើសក៏ត្រូវបានចៅក្រមសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់ជាធរមាន ។



អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែម ដែលធ្វើឱ្យប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទប្រកាន់ ទៅតាមអង្គហេតុ, ភស្តុតាង និងអង្គច្បាប់ ដែលមានក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ទី៥-ករណីបា.ញ់ប្រហារខាងលើ គឺពិតជារឿងដ៏រន្ធត់ និងអាណោចអាធម៌ក្រៃលែងទាំងសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិយើង ហើយយើងពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាមច្បាប់ឱ្យបាន «ត្រឹមត្រូវ» និង«ម៉ឺងម៉ាត់» ដោយផ្អែកតាមអង្គហេតុ, ភស្តុតាង និង អង្គច្បាប់នៅក្នុងសំណុំរឿង ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និងដោយគ្មានបន្ធូរបន្ថយណាមួយឡើយ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចូលរួមសម្តែងនូវការសោកស្តាយ និងការរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រមទាំងបានអះអាងថា នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងខាងលើនេះ ដើម្បីធានាថាច្បាប់នឹងត្រូវអនុវត្តដោយ «ត្រឹមត្រូវ» និង«ម៉ឺងម៉ាត់» ចំពោះជនល្មើសសំដៅធានារកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុងសំណុំរឿងទាំងពីរខាងលើ ៕
ចែករំលែកព័តមាននេះ