ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីថៃភិតភ័យដល់ថ្នាក់នេះ គ្រាន់តែប្រទះឃើញសត្វក្ងោកកូនកាត់ឥណ្ឌា២ក្បាល?

3 ខែ មុន

ភ្នំពេញ ៖ នាយកដ្ឋាន​ឧទ្យាន​ជាតិ​ថៃ បាន​ចេញ​សេចក្តីជូនដំណឹង​បន្ទាន់​ស្តី​ពី​ប្រតិបត្តិការ​តាម​ប្រមាញ់ សត្វ​ក្ងោក​ពណ៌​ស និង​ក្ងោក​កូនកាត់​ឥណ្ឌា​ចំនួន​០២​ក្បាល បន្ទាប់​ពី​បង្ហាញ​វត្តមាន​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ជាមួយនឹង​ហ្វូង​សត្វ​ក្ងោក​ថៃ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ ហួយ ខា​ខែង…

ភ្នំពេញ ៖ នាយកដ្ឋាន​ឧទ្យាន​ជាតិ​ថៃ បាន​ចេញ​សេចក្តីជូនដំណឹង​បន្ទាន់​ស្តី​ពី​ប្រតិបត្តិការ​តាម​ប្រមាញ់ សត្វ​ក្ងោក​ពណ៌​ស និង​ក្ងោក​កូនកាត់​ឥណ្ឌា​ចំនួន​០២​ក្បាល បន្ទាប់​ពី​បង្ហាញ​វត្តមាន​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​ជាមួយនឹង​ហ្វូង​សត្វ​ក្ងោក​ថៃ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ ហួយ ខា​ខែង ក្នុង​ខេត្ត Uthai Thani ដែល​ជា​ដែន​អភិរក្ស​សត្វ​ក្ងោក​ថៃ​ដ៏​សំខាន់ និង​ធំ​បំផុត ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ PBS World នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៤​។

សត្វ​ក្ងោក​កូនកាត់ និង​ក្ងោក​ឥណ្ឌា​ពណ៌​ស​២​ក្បាល​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​មន្ត្រី​អភិរក្ស​ក្នុង​តំបន់​ពងមាន់​ភូ​ក ហើយ​ត្រូវ​បាន​គេ​ជឿ​ថា ពួក​គេ​បាន​រួច​ពី​ទ្រុង​ចិញ្ចឹម​មួយ​កន្លែង​នៅ​ក្បែរ​នឹង​តំបន់​ព្រៃ​នេះ ហើយ​ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ចម្លង​ហ្សែ​នតា​មរយៈ​ការ​បង្កាត់​ពូជ​ជាមួយ​សត្វ​ក្ងោក​ថៃ ដែល​មក​នូវ​ហានិភ័យ​នៃ​ការ​ផុត​ពូជ​ក្ងោក​ថៃ ។

លោក Atthaphon Charoenchansa (​អាត​ថា​ផុ​ន ចា​រឺ​ន​ចាន់​សារ​) អគ្គនាយក​នៃ​នាយកដ្ឋាន​ឧទ្យាន​ជាតិ សត្វព្រៃ និង​អភិរក្ស​រុក្ខជាតិ​ថៃ បាន​ផ្តល់​បទ​សម្ភាសន៍ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា​ថា លោក​បាន​ទទួល​របាយការណ៍​ពី​ប្រធាន​ដែនជម្រកសត្វព្រៃ ហួយ ខា​ខែង ។ អំពី​ការ​រក​ឃើញ​សត្វ​ក្ងោក​ឥណ្ឌា​ពណ៌​ស និង​ក្ងោក​ដែល​គេ​គិត​ថា ជា​កូនកាត់​នោះ កំពុង​រស់នៅ​ជាមួយ​ហ្វូង​សត្វ​ក្ងោក​ថៃ​ប្រមាណ​១០​ក្បាល នៅ​ក្នុង​តំបន់​នៃ​ដែនជម្រកសត្វព្រៃ​ពងមាន់​ភូ​ក ដែនជម្រកសត្វព្រៃ ហួយ ខា​ខែង​។

ឆ្លើយ​តប​នឹង​សេចក្តីរាយការណ៍​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ត្រូវ​បាន​បញ្ជា​ឱ្យ​ចេញ​បេសកកម្ម​បន្ទាន់ ដើម្បី​តាម​ចាប់​ពួក​វា​ចេញពី​ព្រៃ​ធម្មជាតិ​ឱ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​វា​អាច​បង្ករ​វិនាសកម្ម​ធ្ងន់ធ្ងរ​ដល់​ហ្សែ​ន​នៃ​ពូជ​របស់​ក្ងោក​ថៃ ។

ដោយឡែក​បើ​តាម ប្រធាន​ដែនជម្រកសត្វព្រៃ ហួយ ខា​ខែង បានឱ្យ​ដឹង​ថា ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រតិបត្តិការ​តាម​ប្រមាញ់ លោក​បាន​ប្រកាស​ផ្អាក​សកម្មភាព​ទេសចរណ៍​មក​កាន់​តំបន់​ទស្សនា​សត្វ​ពងមាន់​ភូ​ក ។ បេសកកម្ម​នេះ មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​មក​ពី​ស្ថាប័ន​ចម្រុះ​២២​នាក់ ។

ប្រភព​ដែល​អ្នក​យក​ព័ត៌មាន​បាន​ដកស្រង់​ពី​អ្នកស្រុក​ក្នុង​តំបន់​បាន​បង្ហើប​ថា សត្វ​ក្ងោក​ឥណ្ឌា និង​ក្ងោក​កូនកាត់​ទាំង​ពីរ​ក្បាល​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​រស់នៅ​ក្នុង​ហ្វូង​ក្ងោក​ថៃ​តាំងពី​ខែមេសា​មក​ម្ល៉េះ ។ ហើយ​មន្ត្រី​អភិរក្ស​បាន​បង្កប់​កាមេរ៉ា និង​តាម​ចាប់​វា​អស់​រយៈពេល​ជាង​បី​ខែ​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​បាន​ជោគជ័យ ស្រាប់តែ​ថ្មី​ៗ​នេះ អ្នក​ថតរូប​សត្វព្រៃ​ម្នាក់ ក៏​បាន​ថតរូប​ជាប់​សត្វ​ក្ងោក​ខាងលើ​នេះ​តែ​ម្តង ។

ជុំវិញ​ករណី​បែប​នេះ វេជ្ជបណ្ឌិត រ​ង្សិ​ត កាន​ចា​វ៉ា​និ​ត អ្នកជំនាញ​ផ្នែក​បក្សី​មួយ​រូប​បាន​បង្ហោះ​សារ​តាម​ហ្វេ​សបុ​កដោយ​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​ខ្លួន​ថា ដោយ​បញ្ជាក់​ថា​ប្រសិនបើ​ពួក​វា​បង្កាត់​ពូជ​ជាមួយ​ក្ងោក​ថៃ ការ​ចម្លងរោគ​ហ្សែ​ន​នឹង​កើតឡើង ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​ក្ងោក​ថៃ​បាត់បង់​អត្តសញ្ញាណ​ពី​ក្ងោក​ថៃ​ដើម ។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ។

វេជ្ជបណ្ឌិត​ក៏​បាន​សំណូមពរ​ដល់​ប្រជាជន​ថៃ​ថា ដាច់ខាត​កុំ​ព្រ​លែង​សត្វ​ក្ងោក​ឥណ្ឌា​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ បើ​មិន​ដូច្នេះ​ទេ ក្ងោក​ថៃ​នឹង​ផុត​ពូជ​ពី​ប្រទេស​ថៃ​ជាយថាហេតុ ។ ហើយ​ដែល​រឿង​នេះ​លោក​ជឿ​ថា គ្មាន​អ្នក​ណា​ម្នាក់​ចង់ឱ្យ​រឿង​នេះ​កើតឡើង​នោះ​ទេ ។
គួរ​រំលឹក​ថា ក្ងោក – Green Peafow ដែល​មានឈ្មោះ​វិទ្យាសាស្ត្រ Pavo muticus ដែល​ថៃ​កំពុង​ព្រួយ​បារ​ម្ម​ណ៍​ខ្លាច​ផុត​ពូជ ហើយ​ហៅ​ពេញ​ៗ​មាត់​ថា ក្ងោក​ថៃ​នោះ តាម​ពិត​ទៅ​ក្ងោក​នេះ​កំពុង​រស់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​គ្នា ។

យោង​តាម​ក្រសួងបរិស្ថាន​កម្ពុជា​បាន​បញ្ជាក់​ថា ក្ងោក​បៃតង គឺជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ (EN) លើ​ពិភពលោក ក្នុង​បញ្ជី​ក្រហម IUCN មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​យើង ភាគច្រើន​រស់នៅ​តាម​តំបន់ ព្រៃ​ល្បោះ​ចម្រុះ តាម​មាត់ទឹក ជាយព្រៃ ព្រៃ ឫស្សី ព្រៃស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង ។ វា​មាន​បណ្តោយ​ខ្លួន​ធំ ជើងវែង ក​វែង ស្លាប និង​ខ្លួន​ពណ៌​បៃតង​ភ្លឺ កំប៉ោយ​ឈរ​ត្រង់ មាន​កន្ទុយ​ធំ​វែង​មាន​ដៅ​ពណ៌​លឿង​លាយ​ខៀវ​ដូច​ភ្នែក​រាប់រយ សត្វ​ញី​ស្រ​ដៀង​ឈ្មោល​ដែរ តែ​ពណ៌​ស្រអាប់​ជាង និង​មាន​កន្ទុយ​ខ្លី ។ នៅ​រដូវ​បន្ត​ពូជ​សត្វ ឈ្មោល​បើក​កន្ទុយ​វែង​ដូច​ផ្លិត ដើម្បី​ទាក់ទាញ​សត្វ​ញី ហើយ​វា​រក​ចំណី​ជា​ហ្វូង និង​រស់នៅ​តាម​ដើមឈើ​ខ្ពស់​ៗ៕ អត្ថបទ​៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ