ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នែង និង​ឆ្អឹង​សត្វ កែ​ច្នៃ​ជា​គ្រឿងអលង្ការ និង​ឧបករណ៍​ប្រើប្រាស់​មាន​ទីផ្សារ

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ញ ៖ សំណល់​ស្នែង និង​ឆ្អឹង​សត្វពាហនៈ​ជា​ពិសេស គឺ​គោ និង​ក្របី នៅ​តាម​ទី​សត្តឃាត​មួយ​ចំនួន​ដែល​បង្ក​ជា​ក្លិន​អសោច ដោយ​អ្នកខ្លះ​បាន​គិត​ថា គ្មាន​ប្រយោជន៍​មិនដឹង​យក​ធ្វើ​អ្វី ប៉ុន្តែ​ក្រោយ​គេ​យក​កែ​ច្នៃ​ចេញ​ជា​គ្រឿងអលង្ការ…

រាជធានី​ភ្នំពេញ​ញ ៖ សំណល់​ស្នែង និង​ឆ្អឹង​សត្វពាហនៈ​ជា​ពិសេស គឺ​គោ និង​ក្របី នៅ​តាម​ទី​សត្តឃាត​មួយ​ចំនួន​ដែល​បង្ក​ជា​ក្លិន​អសោច ដោយ​អ្នកខ្លះ​បាន​គិត​ថា គ្មាន​ប្រយោជន៍​មិនដឹង​យក​ធ្វើ​អ្វី ប៉ុន្តែ​ក្រោយ​គេ​យក​កែ​ច្នៃ​ចេញ​ជា​គ្រឿងអលង្ការ និង​វត្ថុ​ប្រើប្រាស់​ផ្សេង​ៗ គឺ​ហាក់​កំពុង​ទទួល​បានការ​គាំទ្រ ។

លោកស្រី គួ​ន ចិន្តា ម្ចាស់​ហាង Somonea ផលិតផល​ស្នែង បានឱ្យ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា ទីផ្សារ​វត្ថុ​កែ​ច្នៃ​ចេញពី​ស្នែង​មាន​តម្លៃ​គ្រាន់បើ ។ លោកស្រី គួ​ន ចិន្តា មាន​ដើម​កំណើត​នៅ​ឃុំ​ស្រុក​កំពង់លាវ ខេត្តព្រៃវែង បាន​ចាប់ផ្តើម​បែកគំនិត​តាំងពី​នៅ​អំឡុង​ឆ្នាំ ១៩៩០ ជាង បន្ទាប់​ពី​ស្វាមី​របស់​លោកស្រី​បាន​ចូល​រៀន​ជំនាញ​កែ​ច្នៃ​ធ្វើ​ជា​វត្ថុ​សម្រាប់​ដាក់​តាំងនៅ​ក្នុងផ្ទះ​ដូច​ជា ៖ សំណាក​សត្វ​កុក ក្តាម បង្កង ជាមួយ​អង្គការ​ប្រា​សាក់ តែ​មិនមែន​កែ​ច្នៃ​ពី​ស្នែងគោ​ក្របី​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​ក្បែរ​ផ្ទះ​មាន​ហាង​លក់​ស៊ុប​មួយ​គេ​ចោល​ក្បាល​គោ ក្បាល​ក្របី ភ្ជាប់​ជាមួយ​ស្នែង​របស់​វា​ដែល​ធ្វើ​ឱ្យ​មាន​ក្លិនស្អុយ ក៏​បែកគំនិត​យក​វា​មក​កៃ​ច្នៃ​ឡើង ។

លោកស្រី គួ​ន ចិន្តា បន្ថែម​ថា បើ​ទោះបីជា​ពេល​នោះ​លោកស្រី​ត្រូវ​រំខាន​ដោយ​ក្លិនស្អុយ​បែប​ណា​ក្តី ក៏​លោកស្រី​មិន​ដែល​មាត់ធំមាត់តូច​ជាមួយ​ម្ចាស់​ហាង​លក់​ស៊ុប​នោះ​ឡើយ ហើយ​លោកស្រី និង​ស្វាមី​តែង​រើស​ស្នែងគោ​ក្របី​ទាំងនោះ​មក​លាង​ហើយ​ហាលថ្ងៃ​យ៉ាង​ស្ងួត​រៀបចំ​ទុកដាក់​វា​ត្រឹមត្រូវ ហើយ​ក៏​យក​វា​មក​កៃ​ច្នៃ​ជា​គ្រឿង​លម្អ​តាំងនៅ​ក្នុងផ្ទះ ជា​គ្រឿងអលង្ការ និង​វត្ថុ​ផ្សេង​ៗ ។ លោកស្រី​បន្ត​ថា «​ភ្ញៀវ​គាត់​ចេះ​តែ​ចង់ឱ្យ​យើង​ធ្វើ​នេះ​ធ្វើ​នោះ ជា​របស់​ប្រើប្រាស់ យើង​ក៏​ធ្វើ​តាម​គាត់​ទៅ គ្រាន់តែ​យើង​មុន​នឹង​ធ្វើ យើង​ត្រូវ​មើល​រៀង​ស្នែង​របស់​វា​ដែរ ដូច​របស់​ដែល​យើង​ចង់បាន ឬ​អត់ ? ស្នែង​យើង​អាច​កែ​ច្នៃ​បាន​តាម​លទ្ធភាព តែ​យើង​ក៏​មិន​អាច​កែ​ច្នៃ​ឱ្យ​ខុស​ពី​រូបរាង​ដើម​ដែរ​» ។

លោកស្រី គួ​ន ចិន្តា បន្ត​ថា ដោយសារ​តែ​នៅ​ស្រុក​កំណើត​មិន​មាន​អ្នកគាំទ្រ​ផលិតផល​កែ​ច្នៃ​ពី​ស្នែងគោ​ក្របី​ទើប​នៅ​ឆ្នាំ ២០០១ លោកស្រី និង​ស្វាមី​ផ្លាស់​មក​រស់នៅ​ផ្ដុំ​ប៊ុល​ឌី​ង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រកប​របរ​លក់​ផលិតផល​ស្នែង​នេះ​ដដែល ហើយ​ផលិតផល​របស់​លោកស្រី ក៏​ចេះ​តែ​មាន​អតិថិជន​ទាំង​ខ្មែរ ទាំង​ជនបរទេស​ស្គាល់​ជា​បណ្តើរ​ៗ ។

ដោយសារ​ការ​លក់ដូរ​ផលិតផល​កែ​ច្នៃ​ពី​ស្នែងគោ​ស្នែងក្របី​ជា​ច្រើន​ឆ្នាំ​មក អ្នកស្រី​បាន​មើលឃើញ​ថា ភ្ញៀវ​បរទេស​ភាគច្រើន​ចូល​ចិត្ត​គ្រឿងអលង្ការ ហេតុ​ដូច្នេះ​ទើប​អ្នកស្រី​កែ​ច្នៃ​ធ្វើ​ជា​គ្រឿងអលង្ការ​វិញ ។ លោកស្រី​បន្ថែម​ថា «​ស្នែង​ខ្លះ​ពណ៌​វា​មក​ពី​ធម្មជាតិ​របស់​វា​តែ​ម្តង ដូច​ជា ស្នែង​វា​ដុះ​មក​មាន​ម្រ័ក្សណ៍ មាន​ពណ៌​មានអី​ជា​រូប​នៅ​ក្នុង​នោះ​តែ​ម្តង ។ ដូច​កាលពី​វា​រស់នៅ​មានជីវិត​វា​ទៅ​ជល់​គ្នា ហើយ​បង្កើត​ឱ្យ​មាន​ជា​រូប​វ​ល្លិ៍​នៅ​ក្នុង​ស្នែង​របស់​វា​តែ​ម្តង អ៊ីចឹង​វ​ល្លិ៍​ហ្នឹង​វា​ស្អាត​ផុត​គេ​ហើយ​គ្មាន ២ ទេ​» ។

លោកស្រី គួ​ន ចិន្តា បញ្ជាក់​ថា កាលពីមុន​នៅ​ពេល​ដែល​ស្វាមី​របស់​អ្នកស្រី​ផលិត​បាន​ហើយ ក៏​យក​ផលិតផល​នោះ​ទៅ​ផ្ញើ​នៅ​តាម​ហាង​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ។ តែ​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​សម័យ​កើត​មាន​ជំងឺ​កូ​វី​ដ គឺ​អ្នកស្រី​មាន​ហាង​ផ្ទាល់ខ្លួន​មួយ​នៅ​ក្បែរ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក ហើយ​ចេះ​តែ​មាន​ភ្ញៀវ​បរទេស​ចូល​ទិញ​ផលិតផល​របស់​អ្នកស្រី​ជា​ហូរហែ​មក​ដែរ ។ លោកស្រី​បន្ថែម​ថា ចំពោះ​វត្ថុធាតុដើម​ជា​ស្នែងគោ​ស្នែងក្របី​នេះ​ពី​មុន​ៗ​មក​អ្នកស្រី​ដើរ​ប្រមូល​ពី​តាម​ទី​សត្តឃាត តែ​ឥឡូវនេះ​គឺ​អ្នកស្រី​មាន​ម៉ូយ​យក​មក​លក់​ឱ្យ​ដល់​ៗ​កន្លែង​តែ​ម្តង ។ ក្នុង​នោះ​ឆ្អឹង​គោ​ឆ្អឹង​ក្របី ក៏​អ្នកស្រី​យក​ដែរ តែ​យក​ចំនួន​តិច​បំផុត​ប៉ុណ្ណោះ ប៉ុន្តែ​ឆ្អឹង​វា​មាន​ក្លិនស្អុយ​ជាង​ស្នែង ព្រោះ​នៅ​ក្នុង​ឆ្អឹង​មាន​ខួរ ។ រីឯ​ស្នែង​ដែល​នៅ​មាន​ជាប់សាច់​ហើយ​វា​មាន​ក្លិនស្អុយ​ដែរ ដូច្នេះ​ហើយ​ទើប​អ្នកស្រី​ត្រូវ​លាង​សម្អាត និង​ហាលថ្ងៃ​ឱ្យ​ស្ងួត​ល្អ​អស់​ក្លិនស្អុយ​ទើប​យក​មក​កែ​ច្នៃ​បាន ។

លោកស្រី គួ​ន ចិន្តា បញ្ជាក់​ថា «​នៅ​ស្រុក​ខ្មែរ​យើង​គិត​ៗ​ទៅ​ដូច​ជា​មិន​ទាន់​មាន​អ្នក​វិនិយោគ​លើ​ការ​ផលិត​កែ​ច្នៃ​ស្នែងគោ​ក្របី​នេះ​នៅឡើយ​ទេ ។ តាម​ពិត​ទៅ​ស្អុយ​បំផុត​ក៏​កែ​ច្នៃ​ធ្វើ​ជា​ជីធម្មជាតិ​បាន​ទៀត ខណៈ​ដែល​រាល់ថ្ងៃ​យើង​នាំ​ជីគីមី​ចូល​មក​ច្រើន​មែនទែន ។​យើង​គិត​ថា​សាច់​គោក្របី​យើង​ញ៉ាំ​ចុះ​របស់​នៅ​សល់​យើង​យក​ទៅ​ណា ? និយាយ​ទៅ​សំណល់​ដែល​យើង​បោះចោល​សុទ្ធតែ​ច្នៃ​បាន​លុយ​ទាំងអស់​» ។

បើ​តាម​លោកស្រី គួ​ន ចិន្តា អាជីព​ជំនាញ​មួយ​នេះ អ្នកស្រី​នឹង​បន្ត​ដល់​កូនចៅ​ត​ជំនាន់​ទៅ​ថ្ងៃ​អនាគត​ទៀត ហើយ​អាចរ​ស់បាន ១ ជីវិត​មិន​ពិបាក​ទេ ។ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ការ​ព្យាយាម​យកចិត្ត​ដាក់​របស់​បុគ្គល​ខ្លួន​យើង​ម្នាក់​ៗ​ដែរ បើ​យើង​មិន​តស៊ូ​ព្យាយាម​ក៏​មិន​អាច​ធ្វើ​ការងារ​សម្រេច​ដូច​បំណង​បាន​ដែរ ។ ចំពោះ​វត្ថុ​អនុស្សាវរីយ៍​កែ​ច្នៃ​ពី​ស្នែងគោ​ស្នែងក្របី​មាន​តម្លៃ​ចាប់ពី ៣ ដុល្លារ រហូត​ដល់ ៥០០ ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ